១ របាក្សត្រ 15
15
ហិបនៃសម្ពន្ធមេត្រីមកដល់ក្រុងយេរូសាឡឹម
(២ សាំយូអែល ៦.១២-២៣)
1ព្រះបាទដាវីឌបានសង់ដំណាក់ជាច្រើននៅបុរីព្រះបាទដាវីឌ។ ស្ដេចក៏រៀបចំកន្លែងមួយសម្រាប់ហិបរបស់ព្រះជាម្ចាស់ ព្រមទាំងដំឡើងព្រះពន្លា ដើម្បីតម្កល់ហិបនេះផង។ 2 ពេលនោះ ស្ដេចមានរាជឱង្ការថា៖ «មានតែក្រុមលេវីទេដែលមានសិទ្ធិសែងហិបរបស់ព្រះជាម្ចាស់ ដ្បិតព្រះអម្ចាស់បានជ្រើសរើសពួកគេ ដើម្បីសែងហិបរបស់ព្រះអង្គ និងមើលថែទាំ រហូតតទៅ»។ 3ព្រះបាទដាវីឌបានប្រមូលផ្តុំជនជាតិអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបរបស់ព្រះអម្ចាស់ មកតម្កល់នៅកន្លែងដែលស្ដេចបានរៀបចំទុក។ 4ព្រះបាទដាវីឌក៏បានប្រមូលកូនចៅលោកអើរ៉ុន ព្រមទាំងក្រុមលេវី 5គឺក្នុងចំណោមកូនចៅលោកកេហាត់ មានលោកអ៊ូរាលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១២០នាក់ 6ក្នុងចំណោមកូនចៅលោកម៉្រារី មានលោកអសាយ៉ាជាមេដឹកនាំ និងបងប្អូនរបស់គាត់ ២២០នាក់ 7ក្នុងចំណោមកូនចៅលោកគើសុន មានលោកយ៉ូអែលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១៣០នាក់ 8ក្នុងចំណោមកូនចៅលោកអេលីសាផាន មានលោកសេម៉ាយ៉ាជាមេដឹកនាំ និងបងប្អូនរបស់គាត់ ២០០នាក់ 9ក្នុងចំណោមកូនចៅលោកហេប្រូន មានលោកអេលាលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ៨០នាក់ 10ក្នុងចំណោមកូនចៅលោកអ៊ូស៊ាល មានលោកអមីណាដាប់ជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១១២នាក់។ 11ព្រះបាទដាវីឌកោះហៅលោកបូជាចារ្យសាដុក និងលោកបូជាចារ្យអបៀថើរ ព្រមទាំងក្រុមលេវី គឺមានលោកអ៊ូរាល លោកអសាយ៉ា លោកយ៉ូអែល លោកសេម៉ាយ៉ា លោកអេលាល និងលោកអមីណាដាប់។ 12ស្ដេចមានរាជឱង្ការទៅកាន់ពួកគេថា៖ «អស់លោកជាមេដឹកនាំនៃក្រុមគ្រួសារលេវី ដូច្នេះ ចូរអស់លោក និងបងប្អូនរបស់អស់លោក ញែកខ្លួនឲ្យបានវិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មកតម្កល់នៅកន្លែងដែលយើងបានរៀបចំទុក។ 13កាលពីលើកមុន អស់លោកមិនបានចូលរួមទេ ព្រះអម្ចាស់ជាព្រះរបស់ពួកយើង បានប្រហារពួកយើង ដ្បិតពួកយើងពុំបានទៅដង្ហែហិបមក តាមក្បួនតម្រារបស់ព្រះអង្គឡើយ»។ 14ក្រុមបូជាចារ្យ និងក្រុមលេវីនាំគ្នាញែកខ្លួនជាវិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល។ 15 កូនចៅលេវីបានយកឈើស្នែងមកស៊ក ហើយសែងហិបរបស់ព្រះអម្ចាស់លើស្មា ដូចលោកម៉ូសេបានបង្គាប់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
16ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់មេដឹកនាំរបស់ក្រុមលេវី ឲ្យចាត់បងប្អូនរបស់ពួកគេដែលជាអ្នកចម្រៀង ឲ្យយកឧបករណ៍ភ្លេង មាន ឃឹម ពិណ និងឈិង មកប្រគំយ៉ាងពីរោះ ដើម្បីសម្តែងនូវអំណរសប្បាយ។ 17ក្រុមលេវីបានចាត់គ្នាឲ្យបំពេញមុខងាររបស់ខ្លួន គឺលោកហេម៉ានជាកូនរបស់លោកយ៉ូអែល ហើយក្នុងចំណោមបងប្អូនរបស់គាត់ មានលោកអេសាភជាកូនរបស់លោកបេរេគា បន្ទាប់មក ក្នុងចំណោមកូនចៅរបស់លោកម៉្រារី ជាបងប្អូនរបស់ពួកគេ មានលោកអេថានជាកូនរបស់លោកគូសាយ៉ា។ 18បន្ទាប់មកទៀត មានក្រុមលេវីដែលនៅក្រោមបង្គាប់លោកទាំងនោះ គឺលោកសាការី លោកបេន លោកយាស៊ាល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកអ៊ូនី លោកអេលាប លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេឌអេដុម និងលោកយីអែល ដែលសុទ្ធតែជាឆ្មាំទ្វារ។ 19ក្រុមចម្រៀងមានលោកហេម៉ាន លោកអេសាភ និងលោកអេថាន ដែលកាន់ឈិងពីលង្ហិន ដើម្បីប្រគំឲ្យឮរំពងផង។ 20រីឯលោកសាការី លោកយ៉ាសាល លោកសេមីរ៉ាម៉ូត លោកយីអែល លោកអ៊ូនី លោកអេលាប លោកម៉ាសេយ៉ា និងលោកបេណាយ៉ា ជាអ្នកកាន់ពិណដែលមានសំឡេងខ្ពស់ ។ 21លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេដអេដុម លោកយេអែល លោកអសាស៊ា ជាអ្នកកាន់ពិណដែលមានខ្សែប្រាំបីសម្រាប់នាំមុខចម្រៀង។ 22លោកកេណានា ជាមេដឹកនាំក្រុមលេវីផ្នែកខាងលីសែង បានទទួលបន្ទុកមើលការខុសត្រូវលើការសែងហិបនេះ ព្រោះគាត់មានសមត្ថភាព។ 23លោកបេរេគា និងលោកអែលកាណា ជាឆ្មាំឈរនៅជិតហិប។ 24លោកបូជាចារ្យសេបានា យ៉ូហូសាផាត នេថានេល អម៉ាសាយ សាការី បេណាយ៉ា និងអេលាស៊ើរ ជាអ្នកផ្លុំត្រែ នៅខាងមុខហិបរបស់ព្រះជាម្ចាស់។ លោកអូបេដអេដុម និងលោកយេហ៊ីយ៉ា ក៏ជាឆ្មាំដែលឈរនៅជិតហិបដែរ។
25បន្ទាប់មក ព្រះបាទដាវីឌ ព្រមទាំងពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល និងពួកមេទ័ព នាំគ្នាចេញទៅដង្ហែហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ពីផ្ទះរបស់លោកអូបេដអេដុមយ៉ាងសប្បាយរីករាយ។ 26ព្រះជាម្ចាស់ជួយការពារក្រុមលេវី ដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ហើយគេបានយកគោបាប្រាំពីរក្បាល និងចៀមឈ្មោលប្រាំពីរក្បាល ថ្វាយជាយញ្ញបូជា។ 27ព្រះបាទដាវីឌពាក់អាវធំធ្វើពីក្រណាត់ព្រែ ហើយក្រុមលេវីដែលសែងហិប ក្រុមចម្រៀង និងលោកកេណានាជាមេដឹកនាំក្រុមសែង ក៏ស្លៀកពាក់ដូច្នោះដែរ។ ព្រះបាទដាវីឌពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក។ 28ប្រជាជនអ៊ីស្រាអែលទាំងមូលដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ដោយសម្រែកជយឃោសសំឡេងប៉ី ត្រែ និងឈិង ព្រមទាំងប្រគំឃឹម និងពិណយ៉ាងរំពងផង។
29កាលហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ហែចូលមកដល់បុរីព្រះបាទដាវីឌ ព្រះនាងមិកាល់ ជាបុត្រីរបស់ស្ដេចសូល បានអើតតាមបង្អួច ឃើញព្រះបាទដាវីឌលោតកព្ឆោង ព្រះនាងក៏មានចិត្តមើលងាយព្រះបាទដាវីឌ។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 15: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.