កាលដង្ហែហិបរបស់ព្រះជាម្ចាស់ទៅដល់ហើយ គេក៏តម្កល់នៅកណ្ដាលព្រះពន្លា ដែលព្រះបាទដាវីឌបានបម្រុងទុក រួចគេថ្វាយតង្វាយដុតទាំងមូល* និងយញ្ញបូជាមេត្រីភាព នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ កាលព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពចប់សព្វគ្រប់ហើយ ស្ដេចក៏ប្រទានពរដល់ប្រជាជន ក្នុងនាមព្រះអម្ចាស់។ បន្ទាប់មក ព្រះរាជាប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ទាំងប្រុស ទាំងស្រី ម្នាក់ៗទទួលបាននំបុ័ងមួយដុំ ដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរក្រៀមមួយដុំ។ ព្រះបាទដាវីឌចាត់ក្រុមលេវីខ្លះឲ្យបម្រើការងារនៅខាងមុខហិបរបស់ព្រះអម្ចាស់ ដើម្បីធ្វើពិធីរំឭក លើកតម្កើង និងច្រៀងសរសើរព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល គឺមានលោកអេសាភជាមេដឹកនាំ បន្ទាប់មក មានលោកសាការីជាមេដឹកនាំរង ព្រមទាំងលោកយីអែល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកម៉ាធិធា លោកអេលាប លោកបេណាយ៉ា លោកអូបេដអេដុម និងលោកយេអែល ដែលសុទ្ធតែជាអ្នកលេងភ្លេង គឺមានឃឹម និងពិណ ហើយលោកអេសាភជាអ្នកវាយឈិង។ លោកបូជាចារ្យបេណាយ៉ា និងលោកយ៉ាហាសៀល ផ្លុំត្រែ នៅមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជានិច្ច។ គឺថ្ងៃនោះហើយដែលព្រះបាទដាវីឌបានចាត់លោកអេសាភ ព្រមទាំងបងប្អូនរបស់គាត់ ឲ្យប្រារព្ធពិធីលើកតម្កើងព្រះអម្ចាស់ជាលើកដំបូងបង្អស់។ «ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់ ចូរប្រកាសព្រះនាមព្រះអង្គ! ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់ប្រជាជាតិនានា! ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ! ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នា ជាប្រជារាស្ត្ររបស់ព្រះដ៏វិសុទ្ធ! អស់អ្នកស្វែងរកព្រះអម្ចាស់អើយ ចូរសប្បាយចិត្តចុះ! ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា ចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គ ឥតឈប់ឈរឡើយ! ចូរនឹកដល់ការអស្ចារ្យផ្សេងៗ ដែលព្រះអង្គបានធ្វើ ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និងការជំនុំជម្រះ ទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។ អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែល ដែលជាអ្នកបម្រើរបស់ព្រះអង្គ អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប ដែលព្រះអង្គបានជ្រើសរើស! មានតែព្រះអម្ចាស់ទេ ដែលជាព្រះរបស់យើង ព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។ ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់មួយពាន់តំណ គឺសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយ លោកអប្រាហាំ ព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយលោកអ៊ីសាក។ ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះ ជាមួយលោកយ៉ាកុប ទុកជាសម្ពន្ធមេត្រី អស់កល្បជានិច្ចជាមួយជនជាតិអ៊ីស្រាអែល។
អាន ១ របាក្សត្រ 16
ស្ដាប់នូវ ១ របាក្សត្រ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ របាក្សត្រ 16:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ