១ កូរិនថូស 12
12
អំពីព្រះអំណោយទានរបស់ព្រះវិញ្ញាណ
1បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ អំពីព្រះអំណោយទានរបស់ព្រះវិញ្ញាណ។ 2បងប្អូនជ្រាបស្រាប់ហើយថា កាលបងប្អូនមិនទាន់ស្គាល់ព្រះអង្គនៅឡើយ បងប្អូនបានបណ្ដោយខ្លួនទៅគោរពព្រះក្លែងក្លាយដែលមិនចេះនិយាយ។ 3ហេតុនេះ ខ្ញុំសូមជម្រាបបងប្អូនឲ្យដឹងថា ប្រសិនបើអ្នកណាម្នាក់មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ អ្នកនោះពុំអាចពោលថា «ព្រះយេស៊ូត្រូវបណ្ដាសា» កើតទេ ហើយបើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធ*ណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា «ព្រះយេស៊ូជាព្រះអម្ចាស់»ដែរ។
4 មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយព្រះអង្គទេ ដែលប្រទានឲ្យ។ 5មានមុខងារផ្សេងៗពីគ្នា តែយើងបម្រើព្រះអម្ចាស់តែមួយព្រះអង្គដដែល។ 6មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលបំពេញសកម្មភាពទាំងនោះ នៅក្នុងមនុស្សទាំងអស់។ 7ព្រះវិញ្ញាណប្រោសប្រទានឲ្យម្នាក់ៗសម្តែងព្រះអំណោយទាន ដើម្បីជាប្រយោជន៍រួម 8គឺព្រះអង្គប្រទានឲ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់។ 9ព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតមានជំនឿ ព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះប្រោសមនុស្សឲ្យជាពីជំងឺ 10ឲ្យម្នាក់ទៀតចេះធ្វើការអស្ចារ្យ ឲ្យម្នាក់ទៀតចេះថ្លែង*ព្រះបន្ទូល ឲ្យម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬអាក្រក់ ឲ្យម្នាក់ទៀតចេះនិយាយភាសាចម្លែកអស្ចារ្យ* ឲ្យម្នាក់ទៀតចេះបកប្រែន័យភាសាទាំងនោះ 11ប៉ុន្តែ មានព្រះវិញ្ញាណតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយប្រទានឲ្យម្នាក់ៗមានព្រះអំណោយទានផ្សេងៗពីគ្នា តាមព្រះហឫទ័យរបស់ព្រះអង្គ។
ព្រះកាយតែមួយបែងចែកជាច្រើនផ្នែក
12 ព្រះគ្រិស្ត*ប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។ 13យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី អ្នកងារក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជ*ក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជាព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ។
14រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។ 15បើជើងនិយាយថា «ខ្ញុំមិនមែនដៃ ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ជើងនោះនៅតែជាចំណែករបស់រូបកាយដដែល។ 16បើត្រចៀកនិយាយថា «ខ្ញុំមិនមែនភ្នែក ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ត្រចៀកនោះនៅតែជាចំណែករបស់រូបកាយដដែល។ 17ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន? 18តាមពិត ព្រះជាម្ចាស់ប្រទានឲ្យសរីរាង្គនីមួយៗមានមុខងារ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។ 19ប្រសិនបើទាំងអស់ជាសរីរាង្គតែមួយ តើរូបកាយនៅឯណា? 20តាមពិត សរីរាង្គមានច្រើន តែរូបកាយមានតែមួយប៉ុណ្ណោះ។
21ភ្នែកពុំអាចនិយាយទៅដៃថា «អញមិនត្រូវការឯង» បានទេ រីឯក្បាលក៏ពុំអាចនិយាយទៅកាន់ជើងថា «អញមិនត្រូវការឯងទាំងពីរ» បានដែរ។ 22ផ្ទុយទៅវិញ សរីរាង្គណាដែលគេចាត់ទុកថាខ្សោយជាងគេ យើងត្រូវការសរីរាង្គនោះជាចាំបាច់ 23ហើយសរីរាង្គណាដែលយើងចាត់ទុកថាមិនសូវថ្លៃថ្នូរ យើងគោរពសរីរាង្គនោះខ្លាំងជាងគេទាំងអស់។ សរីរាង្គណាដែលមិនសូវសមរម្យ យើងគោរពយ៉ាងពិសេសទៅវិញ។ 24រីឯសរីរាង្គណាដែលសមរម្យហើយ សរីរាង្គនោះមិនត្រូវការឲ្យយើងយកចិត្តទុកដាក់ទេ។ ព្រះជាម្ចាស់បានរៀបចំរូបកាយរបស់យើង ដោយប្រទានសេចក្ដីថ្លៃថ្នូរ ដល់សរីរាង្គណាដែលខ្វះខាត 25ដើម្បីកុំឲ្យមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺឲ្យសរីរាង្គយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។ 26ប្រសិនបើមានសរីរាង្គណាមួយឈឺចុកចាប់ សរីរាង្គទាំងអស់ក៏ឈឺចុកចាប់ជាមួយដែរ ប្រសិនបើមានសរីរាង្គណាមួយបានថ្លៃថ្នូរ សរីរាង្គទាំងអស់ក៏អរសប្បាយជាមួយដែរ។
27បងប្អូនជាព្រះកាយរបស់ព្រះគ្រិស្ត ហើយម្នាក់ៗជាសរីរាង្គនៃព្រះកាយនេះ តាមចំណែករៀងៗខ្លួន។ 28 ក្នុងក្រុមជំនុំមុនដំបូងបង្អស់ ព្រះជាម្ចាស់បានតែងតាំងឲ្យមានសាវ័ក* បន្ទាប់មក ព្រះអង្គតែងតាំងអ្នកថ្លែងព្រះបន្ទូល បន្ទាប់មកទៀត ព្រះអង្គតែងតាំងអ្នកបង្រៀន។ បន្ទាប់ពីនោះ មានព្រះអំណោយទានខាងធ្វើការអស្ចារ្យ ព្រះអំណោយទានខាងប្រោសអ្នកជំងឺឲ្យជា ព្រះអំណោយទានខាងជួយអ្នកដទៃ ព្រះអំណោយទានខាងណែនាំ ព្រះអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យ*។ 29តើគ្រប់គ្នាសុទ្ធតែជាសាវ័កឬ? គ្រប់គ្នាសុទ្ធតែជាអ្នកថ្លែងព្រះបន្ទូលឬ? គ្រប់គ្នាសុទ្ធតែជាអ្នកបង្រៀនឬ? គ្រប់គ្នាសុទ្ធតែធ្វើការអស្ចារ្យឬ? 30តើគ្រប់គ្នាសុទ្ធតែទទួលព្រះអំណោយទានខាងប្រោសអ្នកជំងឺឲ្យជាឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងនិយាយភាសាចម្លែកអស្ចារ្យឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងបកប្រែភាសាចម្លែកអស្ចារ្យឬ?។
31ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានណាដែលសំខាន់ៗជាងគេ។ ប៉ុន្តែ ខ្ញុំចង់បង្ហាញប្រាប់បងប្អូនអំពីមាគ៌ាមួយទៀត ដែលប្រសើរលើសលុបបំផុត។
ទើបបានជ្រើសរើសហើយ៖
១ កូរិនថូស 12: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.