១ កូរិនថូស 8
8
អំពីសាច់ដែលគេសែនហើយ
1ឥឡូវនេះ សូមរិះគិតអំពីបញ្ហាសាច់ ដែលគេបានសែនព្រះក្លែងក្លាយរួចហើយ ។ យើងដឹងហើយថា យើងសុទ្ធតែចេះដឹងទាំងអស់គ្នា។ ការចេះដឹង រមែងនាំឲ្យអួតបំប៉ោង រីឯសេចក្ដីស្រឡាញ់តែងតែជួយកសាង។ 2ប្រសិនបើមានអ្នកណាម្នាក់នឹកស្មានថា ខ្លួនចេះដឹងហើយ បានសេចក្ដីថាអ្នកនោះនៅមិនទាន់ចេះដឹងដូចដែលខ្លួនត្រូវចេះដឹងនោះឡើយ។ 3ផ្ទុយទៅវិញ អ្នកណាស្រឡាញ់ព្រះជាម្ចាស់ ព្រះអង្គក៏ស្គាល់អ្នកនោះដែរ។ 4ដូច្នេះ ចំពោះបញ្ហាបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ យើងដឹងហើយថា ក្នុងលោកនេះ ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មានព្រះឯណាទៀតសោះឡើយ។ 5ទោះបីមានអ្វីៗដែលមនុស្សលោកចាត់ទុកជាព្រះនៅលើមេឃ ឬនៅលើផែនដីក៏ដោយ (ដ្បិតគេជឿថា ព្រះក៏មានច្រើន ម្ចាស់ក៏មានច្រើន) 6ក៏យើងជឿថា មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ។ ព្រះអង្គជាព្រះបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់ព្រះអង្គ។ យើងជឿទៀតថា មានព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះយេស៊ូគ្រិស្ត*។ អ្វីៗសព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតរស់ក៏ដោយសារព្រះអង្គដែរ។
7ប៉ុន្តែ មិនមែនគ្រប់គ្នាទេដែលដឹងសេចក្ដីនេះ។ អ្នកខ្លះនៅតែជំពាក់ចិត្តនឹងព្រះក្លែងក្លាយនៅឡើយ គេបរិភោគសាច់ទាំងនោះទុកដូចជាសំណែន ហើយដោយគេរិះគិតមិនបានដិតដល់ ក៏នឹកស្មានថា ខ្លួនត្រូវសៅហ្មង។ 8តាមពិត មិនមែនចំណីអាហារទេ ដែលធ្វើឲ្យយើងបានខិតចូលជិតព្រះជាម្ចាស់។ បើយើងមិនបានបរិភោគ យើងក៏មិនខាតអ្វី ហើយបើយើងបរិភោគក៏មិនចំណេញអ្វីដែរ។ 9ហេតុនេះ សូមបងប្អូនប្រុងប្រយ័ត្នខ្លួន កុំឲ្យសិទ្ធិសេរីភាពរបស់បងប្អូននាំឲ្យអ្នកដែលមានជំនឿទន់ខ្សោយធ្លាក់ក្នុងអំពើបាបនោះឡើយ។ 10បងប្អូនជាអ្នកចេះដឹងអើយ ប្រសិនបើនរណាម្នាក់ដែលមានមនសិការទន់ខ្សោយ ឃើញបងប្អូនអង្គុយបរិភោគក្នុងវិហាររបស់ព្រះក្លែងក្លាយ នោះគេមុខជាយល់ឃើញថា ខ្លួនអាចបរិភោគសាច់ដែលបានសែនព្រះក្លែងក្លាយជាមិនខាន។ 11ព្រះគ្រិស្តបានសោយទិវង្គត ដើម្បីសង្គ្រោះអ្នកទន់ខ្សោយនោះ ប៉ុន្តែ ការចេះដឹងរបស់បងប្អូន បែរជានាំគេឲ្យវិនាសអន្តរាយទៅវិញ! 12ដោយបងប្អូនប្រព្រឹត្តអំពើបាបបែបនេះចំពោះបងប្អូនឯទៀតៗ និងធ្វើឲ្យមនសិការរបស់គេកាន់តែអាប់ឱនថែមទៀត នោះ បងប្អូនក៏ដូចជាបានប្រព្រឹត្តអំពើបាបចំពោះព្រះគ្រិស្តផ្ទាល់ដែរ។ 13ហេតុនេះ ប្រសិនបើចំណីអាហារណាមួយធ្វើឲ្យបងប្អូនរបស់ខ្ញុំធ្លាក់ក្នុងអំពើបាប ខ្ញុំនឹងមិនបរិភោគសាច់ទៀតជាដាច់ខាត ដើម្បីកុំឲ្យបងប្អូនខ្ញុំរវាតចិត្តបាត់ជំនឿ។
ទើបបានជ្រើសរើសហើយ៖
១ កូរិនថូស 8: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.