១ ពង្សាវតារក្សត្រ ពាក្យ​លំនាំ

ពាក្យ​លំនាំ
កណ្ឌ​គម្ពីរ​ពង្សា‌វតារ‌ក្សត្រ​ទី១ មាន​កត់‌ត្រា​ប្រវត្តិ‌សាស្ត្រ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បន្ត​ពី​គម្ពីរ​សាំយូ‌អែល​ទី១ និង​ទី​២។ នៅ​ដើម​ដំបូង គម្ពីរ​នេះ​មាន​រៀប​រាប់​អំពី​រាជ្យ​របស់​ព្រះ​បាទ​សាឡូម៉ូន និង​ស្ដេច​មួយ​ចំនួន​ដែល​ស្នង​រាជ្យ​ព្រះ‌បាទ​សាឡូម៉ូន។
នៅ​ពេល​ដែល​ព្រះ​បាទ​ដាវីឌ​មាន​វ័យ​ចាស់​ជរា ពុំ​អាច​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ទៀត បុត្រ​ពីរ​អង្គ​របស់​ស្ដេច​ប្រជែង​គ្នា ចង់​ឡើង​ស្នង​រាជ្យ​បិតា(១.១-២.១២)។ នៅ​ទី​បំផុត រាជ‌សម្បត្តិ​បាន​ទៅ​លើ​ព្រះ‌បាទ​សាឡូម៉ូន។ ព្រឹត្តិ‌ការណ៍​ដ៏​សំខាន់​ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​សាឡូម៉ូន គឺ​ការ​សង់​ព្រះ‌វិហារ និង​ព្រះ‌បរម‌រាជ‌វាំង នៅ​ក្រុង​យេរូ‌សាឡឹម។ ប៉ុន្តែ នៅ​ចុង​បញ្ចប់ ព្រះ‌បាទ​សាឡូម៉ូន​បាន​បែក​ចិត្ត​ចេញ​ពី​ព្រះ‌អម្ចាស់ ទៅ​ថ្វាយ‌បង្គំ​ព្រះ​ក្លែងក្លាយ (២.១៣-១១.៤៣)។ ពេល​នោះ ព្រះ‌អម្ចាស់​បណ្ដោយ​ឲ្យ​អ៊ីស្រា‌អែល​បែក​ស្រុក​ជា​ពីរ: កុល‌សម្ព័ន្ធ​នានា​នៅ​ប៉ែក​ខាង​ជើង​ពុំ​ព្រម​ចុះ​ចូល​នឹង​អំណាច​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន​ទេ ដូច្នេះ ពួក​គេ​តែង‌តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​គ្រង​រាជ្យ​លើ​ពួក​គេ ហើយ​ដាក់​ឈ្មោះ​នគរ​របស់​ខ្លួន​ថា «រាជា‌ណាចក្រ​អ៊ីស្រា‌អែល» ដែល​ក្រោយ​មក មាន​រាជ‌ធានី​នៅ​ក្រុង​សាម៉ារី។ រីឯ​កុល‌សម្ព័ន្ធ​ពីរ​ទៀត​ដែល​នៅ​ខាង​ត្បូង គឺ​យូដា និង​បេន‌យ៉ាមីន នៅ​ស្មោះ​ត្រង់​នឹង​រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ដាក់​ឈ្មោះ​នគរ​របស់​ខ្លួន​ថា «រាជា‌ណាចក្រ​យូដា» ដែល​មាន​រាជ‌ធានី​នៅ​ក្រុង​យេរូ‌សាឡឹម(១២.១-១៤.២០)។ នគរ​ទាំង​ពីរ​នេះ​ស្ថិត​នៅ​ជា​នគរ​ជិត​ខាង​គ្នា​អស់​រយៈ​ពេល​ប្រមាណ​ពីរ​សតវត្សរ៍ ជួន‌កាល​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​គ្នា ជួន​កាល​ច្បាំង​គ្នា (១៤.២១-២២.៥៣)។
កណ្ឌ​គម្ពីរ​នេះ​សង្កត់​ធ្ងន់​លើ​សារ‌សំខាន់​នៃ​ភក្ដី‌ភាព​របស់​ព្រះ‌មហា​ក្សត្រ​ចំពោះ​ព្រះ‌ជាម្ចាស់។ ប្រសិន​បើ​ស្ដេច​ស្មោះ​ត្រង់​នឹង​ព្រះ‌ជាម្ចាស់ ស្រុក‌ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ ចម្រុង‌ចម្រើន​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​ស្ដេច​បែក​ចិត្ត​ចេញ​ពី​ព្រះ‌ជាម្ចាស់​ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ក្លែងក្លាយ នោះ​ស្រុក​ទេស​ត្រូវ​ជួប​នឹង​មហន្ត‌រាយ។ ក្នុង​អំឡុង​ពេល​នោះ ព្រះ‌ជាម្ចាស់​បាន​ចាត់​ព្យាការី​មួយ​ចំនួន​ឲ្យ​ទៅ​រំឭក​ស្ដេច​អំពី​មាគ៌ា និង​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ។ ក្នុង​ចំណោម​ព្យាការី​ទាំង​នោះ លោក​អេលីយ៉ា​មាន​ឈ្មោះ​ល្បី​ជាង​គេ (១៧-១៩, ២១)។

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល