១ ពេត្រុស 3

3
ទំនាក់‌ទំនង​រវាង​ស្វាមី និង​ភរិយា
1 រីឯ​បងប្អូន​ស្ត្រីៗ​ដែល​មាន​ស្វាមី​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​កិរិយា​មារយាទ​របស់​បងប្អូន​ទាក់‌ទាញ​ចិត្ត​ស្វាមី​ខ្លះ​ដែល​មិន​ជឿ​ព្រះ‌បន្ទូល ឲ្យ​បាន​ស្គាល់​ព្រះអង្គ ដោយ​មិន​បាច់​បញ្ចេញ​ពាក្យ​សម្ដី​ទេ 2គឺ​គេ​គ្រាន់​តែ​ឃើញ​បងប្អូន​មាន​កិរិយា​បរិសុទ្ធ* និង​ចេះ​គោរព​កោត​ខ្លាច។ 3 កុំ​តុប‌តែង​ខ្លួន​តែ​សំបក​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​ក៏​ពាក់​អាវ​ល្អ​ប្រណីត​នោះ​ឡើយ 4តែ​ត្រូវ​តុប‌តែង​ខាង​ក្នុង​ជម្រៅ​ចិត្ត​របស់​បងប្អូន​ដោយ​គ្រឿង​លំអ​ដែល​មិន​ចេះ​រលាយ ហើយ​មាន​តម្លៃ​ដ៏​លើស‌លុប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់​នោះ​វិញ គឺ​មាន​ចិត្ត​ស្លូត‌បូត ស្រគត់‌ស្រគំ។ 5នៅ​ជំនាន់​ដើម ស្ត្រីៗ​ដ៏វិសុទ្ធ*​ដែល​សង្ឃឹម​លើ​ព្រះ‌ជា‌ម្ចាស់ តែង​កាន់​ចិត្ត​គំនិត​យ៉ាង​នេះ​ឯង គឺ​បាន​តុប‌តែង​ខ្លួន ដោយ​ការ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន 6 ដូច​ជា​លោក​ស្រី​សារ៉ា ដែល​បាន​ស្ដាប់​បង្គាប់​លោក​អប្រាហាំ ទាំង​ហៅ​លោក​ថា «លោក​ម្ចាស់»ផង។ ប្រសិន​បើ​បងប្អូន​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​មិន​ភ័យ​ខ្លាច​អ្វី​ទេ​នោះ បងប្អូន​នេះ​ហើយ​ជា​ពូជ‌ពង្ស​របស់​គាត់។
7 រីឯ​បងប្អូន​ដែល​ជា​ស្វាមី​ក៏​ដូច្នោះ​ដែរ ម្នាក់ៗ​ត្រូវ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ដោយ​យល់​ថា ស្ត្រីៗ​ជា​មនុស្ស​ទន់​ខ្សោយ​ជាង​ខ្លួន។ ត្រូវ​គោរព​នាង​ទុក​ដូច​ជា​អ្នក​ត្រូវ​រួម​ទទួល​ជីវិត ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស‌ប្រណី​ប្រទាន​មក​បងប្អូន​ជា​មត៌ក ដើម្បី​កុំ​ឲ្យ​មាន​អ្វី​មក​រារាំង​ការ​អធិស្ឋាន​របស់​បងប្អូន​ឡើយ។
ទំនាក់‌ទំនង​រវាង​បងប្អូន
8នៅ​ទី​បញ្ចប់ ត្រូវ​មាន​ចិត្ត​គំនិត​តែ​មួយ និង​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា។ ត្រូវ​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​បងប្អូន​បង្កើត មាន​ចិត្ត​អាណិត​មេត្តា និង​សុភាព។ 9កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ កុំ​ជេរ​ប្រមាថ​តប​នឹង​អ្នក​ដែល​ជេរ​ប្រមាថ​បងប្អូន គឺ​ត្រូវ​ជូន​ពរ​គេ​វិញ ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បងប្អូន​បាន​ទទួល​ព្រះ‌ពរ​របស់​ព្រះអង្គ​តាម​ព្រះ‌បន្ទូល​សន្យា ។
10 «អ្នក​ណា​ស្រឡាញ់​ជីវិត និង​ចង់​បាន​សុភមង្គល
អ្នក​នោះ​ត្រូវ​ទប់​មាត់​កុំ​ពោល​ពាក្យ​អាក្រក់
ព្រម​ទាំង​ទប់​បបូរ​មាត់
កុំ​ឲ្យ​និយាយ​បោក​បញ្ឆោត។
11 អ្នក​នោះ​ត្រូវ​ចៀស‌វាង​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់
ហើយ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ
និង​ខិត‌ខំ​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត
12 ដ្បិត​ព្រះ‌អម្ចាស់​ទត​មើល​មក​មនុស្ស​សុចរិត*
ហើយ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​គេ
ប៉ុន្តែ ព្រះអង្គ​ជំទាស់​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត
អំពើ​អាក្រក់»
13ប្រសិន​បើ​បងប្អូន​ខ្នះ‌ខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ តើ​នរណា​នឹង​ធ្វើ​បាប​បងប្អូន 14 យ៉ាង​ណា‌មិញ បើ​បងប្អូន​រង‌ទុក្ខ​វេទនា ព្រោះ​តែ​សេចក្ដី​សុចរិត* នោះ​បងប្អូន​មាន​សុភមង្គល​ហើយ។ សូម​កុំ​ភ័យ​ខ្លាច​មនុស្ស​លោក​ឡើយ ហើយ​ក៏​មិន​ត្រូវ​តប់‌ប្រមល់​ដែរ 15តែ​ត្រូវ​ទុក​ឲ្យ​ព្រះ‌គ្រិស្ត*​ជា​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌បារមី ក្នុង​ចិត្ត​គំនិត​របស់​បងប្អូន​វិញ។ ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ឆ្លើយ​តទល់​នឹង​អស់​អ្នក​ដែល​សាក​សួរ​អំពី​សេចក្ដី​សង្ឃឹម​របស់​បងប្អូន​នោះ​ជានិច្ច 16ប៉ុន្តែ ត្រូវ​ឆ្លើយ​ទៅ​គេ ដោយ​ទន់‌ភ្លន់ ដោយ​គោរព និង​ដោយ​មាន​មន‌សិការ​ល្អ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ចង់​មួល​បង្កាច់​កិរិយា​ល្អ​របស់​បងប្អូន ជា​អ្នក​ជឿ​ព្រះ‌គ្រិស្ត* ត្រង់​ចំណុច​ណា​មួយ បែរ​ជា​ត្រូវ​ខ្មាស​ទៅ​វិញ។ 17សូវ​រង‌ទុក្ខ​ដោយ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់ ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​យ៉ាង​នេះ។
18សូម្បី​តែ​ព្រះ‌គ្រិស្ត*​ក៏​ព្រះអង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត*​បាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បងប្អូន​ទៅ​ថ្វាយ​ព្រះ‌ជា‌ម្ចាស់។ កាល​ព្រះអង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះអង្គ​ត្រូវ​គេ​ធ្វើ​គុត តែ​ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។ 19នៅ​ពេល​នោះ ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ព្រះ‌បន្ទូល​ដល់​វិញ្ញាណ‌ក្ខ័ន្ធ ដែល​ជាប់​ឃុំ‌ឃាំង 20 ជា​វិញ្ញាណ‌ក្ខ័ន្ធ​របស់​អ្នក​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ជា‌ម្ចាស់​កាល​ពី​សម័យ​ដើម ក្នុង​ពេល​ដែល​ព្រះអង្គ​អត់‌ធ្មត់​នៅ​សម័យ​លោក​ណូអេ​សង់​ទូក​ធំ។ មាន​មនុស្ស​មួយ​ចំនួន​តូច ដែល​បាន​ចូល​ទៅ​ក្នុង​ទូក និង​បាន​រួច​ជីវិត​ដោយ‌សារ​ទឹក គឺ​មាន​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ។ 21នេះ​ជា​និមិត្ត‌រូប​នៃ​ពិធី​ជ្រមុជ​ទឹក*​ដែល​សង្គ្រោះ​បងប្អូន​នា​បច្ចុប្បន្ន​កាល តែ​ពិធី​ជ្រមុជ​ទឹក​មិន​មែន​ជា​ពិធី​លាង​ជម្រះ​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ‌ជា‌ម្ចាស់ ដោយ​មន‌សិការ​ល្អ​វិញ។ ពិធី​ជ្រមុជ​ទឹក​នេះ​សង្គ្រោះ​បងប្អូន ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រិស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ 22ព្រះអង្គ​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ* គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជា‌ម្ចាស់ ហើយ​ពួក​ទេវតា* ព្រម​ទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ​នានា​ដែល​មាន​អំណាច និង​ឫទ្ធា‌នុភាព​នានា ចុះ​ចូល​នឹង​ព្រះអង្គ​ទាំង​អស់។

ទើបបានជ្រើសរើសហើយ៖

១ ពេត្រុស 3: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល