១ សាំយូអែល 11

11
ស្ដេច​សូល​វាយ​ឈ្នះ​ជន‌ជាតិ​អាំ‌ម៉ូន
1ព្រះ‌បាទ​ណាហាស ជា​ជន‌ជាតិ​អាំ‌ម៉ូន បាន​លើក​ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យ៉ាបេស ក្នុង​ស្រុក​កាឡាដ។ អ្នក​ក្រុង​យ៉ាបេស​ទាំង​អស់​ទូល​ព្រះ‌បាទ​ណាហាស​ថា៖ «សូម​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​យើង​ខ្ញុំ​មក យើង​ខ្ញុំ​សុខ​ចិត្ត​បម្រើ​ព្រះ‌រាជា​ហើយ»។ 2ព្រះ‌បាទ​ណាហាស ជា​ជន‌ជាតិ​អាំ‌ម៉ូន មាន​រាជ‌ឱង្ការ​ថា៖ «យើង​ចុះ​សន្ធិ‌សញ្ញា​ជា​មួយ​អ្នក​រាល់​គ្នា​បាន ទាល់​តែ​អ្នក​រាល់​គ្នា​យល់​ព្រម​នឹង​លក្ខ‌ខណ្ឌ​នេះ គឺ​ឲ្យ​យើង​ខ្វេះ​ភ្នែក​ស្ដាំ​របស់​អ្នក​ទាំង​អស់​គ្នា ដើម្បី​ធ្វើ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ត្រូវ​អាម៉ាស់»។
3អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៅ​ក្រុង​យ៉ាបេស​ទូល‌អង្វរ​ថា៖ «សូម​ព្រះ‌ករុណា​ពន្យារ​ពេល​ឲ្យ​យើង​ខ្ញុំ​ប្រាំ‌ពីរ​ថ្ងៃ​សិន យើង​ខ្ញុំ​នឹង​ចាត់​អ្នក​នាំ​សារ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រា‌អែល។ បើ​សិន​ជា​គ្មាន​នរណា​ម្នាក់​មក​ជួយ​យើង​ខ្ញុំ​ទេ​នោះ យើង​ខ្ញុំ​នឹង​ប្រគល់​ខ្លួន​ថ្វាយ​ព្រះ‌ករុណា»។ 4អ្នក​នាំ​សារ​ទាំង​នោះ​ទៅ​ដល់​ភូមិ​គីបៀរ ជា​ភូមិ​ដែល​ព្រះ‌បាទ​សូល​គង់​នៅ ហើយ​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ឲ្យ​ប្រជា‌ជន​ស្ដាប់ ប្រជា‌ជន​ទាំង​មូល​ក៏​នាំ​គ្នា​ស្រែក​ទ្រហោ​យំ។ 5គាប់​ជួន​ពេល​នោះ ព្រះ‌បាទ​សូល​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ ដើរ​ពី​ក្រោយ​គោ ស្ដេច​សួរ​គេ​ថា៖ «តើ​មាន​រឿង​អ្វី​បាន​ជា​ប្រជា‌ជន​យំ​ដូច្នេះ?»។ គេ​ក៏​រៀប​រាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​អ្នក​ស្រុក​យ៉ាបេស​និយាយ​ប្រាប់។ 6កាល​ស្ដេច​ឮ​ពាក្យ​ទាំង​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​មក​សណ្ឋិត​លើ​ស្ដេច ហើយ​ស្ដេច​ខ្ញាល់​យ៉ាង​ខ្លាំង។ 7ព្រះ‌បាទ​សូល​យក​គោ​មួយ​នឹម​មក​កាប់​ជា​ដុំៗ ផ្ញើ​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ទឹក​ដី​អ៊ីស្រា‌អែល តាម​រយៈ​ពួក​អ្នក​នាំ​សារ ដោយ​ផ្ដាំ​ថា៖ «បើ​នរណា​ម្នាក់​មិន​ចេញ​ច្បាំង​រួម​ជា​មួយ​សូល និង​លោក​សាំយូ‌អែល​ទេ គោ​របស់​អ្នក​នោះ​នឹង​ត្រូវ​កាប់​ជា​ដុំៗ​ដូច្នេះ​ដែរ»។ ព្រះ‌អម្ចាស់​បណ្ដាល​ឲ្យ​ប្រជា‌ជន​ភ័យ​ខ្លាច​ព្រះអង្គ ពួក​គេ​ក៏​ចេញ​ទៅ​ច្បាំង ដោយ​ស្រុះ​គ្នា​ដូច​មនុស្ស​តែ​ម្នាក់។
8ព្រះ‌បាទ​សូល​ត្រួត​ពល​នៅ​ក្រុង​បេសេក ហើយ​ឃើញ​ទ័ព​អ៊ីស្រា‌អែល​ទាំង​អស់​មាន​ចំនួន​៣០០ ០០០​នាក់ និង​ទ័ព​យូដា​មាន​ចំនួន​៣០ ០០០​នាក់។ 9គេ​ប្រាប់​ទៅ​អ្នក​នាំ​សារ​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ចូរ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស​នៅ​ស្រុក​កាឡាដ​ថា ស្អែក ពេល​ថ្ងៃ​រះ​ពេញ​កម្ដៅ យើង​នឹង​រំដោះ​អ្នក​រាល់​គ្នា»។ អ្នក​នាំ​សារ​យក​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​ក្រុង​យ៉ាបេស ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ 10អ្នក​ក្រុង​យ៉ាបេស​ពោល​ទៅ​កាន់​ជន‌ជាតិ​អាំ‌ម៉ូន​ថា៖ «ស្អែក យើង​ខ្ញុំ​នឹង​ចេញ​មក​ប្រគល់​ខ្លួន​ជូន​ពួក​លោក​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ពួក​លោក​យល់​ឃើញ​ចុះ»។
11ស្អែក​ឡើង ព្រះ‌បាទ​សូល​រៀបចំ​ទ័ព​ជា​បី​កង រួច​សម្រុក​ចូល​ទី​តាំង​ទ័ព​ពួក​អាំ‌ម៉ូន តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​វាយ​ប្រហារ​ខ្មាំង​រហូត​ដល់​ថ្ងៃ​ពេញ​កម្ដៅ។ រីឯ​ខ្មាំង​ដែល​នៅ​សេស‌សល់ រត់​ខ្ចាត់‌ខ្ចាយ​បែក​គ្នា​អស់។ 12ពេល​នោះ ប្រជា‌ជន​អ៊ីស្រា‌អែល​ជម្រាប​លោក​សាំយូ‌អែល​ថា៖ «បើ​នរណា​ហ៊ាន​ពោល​ថា ព្រះ‌បាទ​សូល​មិន​ត្រូវ​សោយ​រាជ្យ​លើ​ពួក​យើង​ទេ​នោះ សូម​ប្រគល់​ពួក​គេ​មក យើង​ខ្ញុំ​នឹង​យក​ទៅ​សម្លាប់​ចោល»។ 13ប៉ុន្តែ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ថ្ងៃ​នេះ​មិន​ត្រូវ​សម្លាប់​នរណា​ម្នាក់​ឡើយ ព្រោះ​ជា​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល»។ 14លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «មក៍ យើង​នាំ​គ្នា​ទៅ​គីល‌កាល់ ដើម្បី​ប្រកាស​តែង‌តាំង​ស្ដេច​សា​ជា​ថ្មី»។ 15ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​ទៅ​គីល‌កាល់ នៅ​ទី​នោះ គេ​បាន​អភិ‌សេក​ព្រះ‌បាទ​សូល ជា​ព្រះ‌មហា‌ក្សត្រ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព​ចំពោះ​ព្រះ‌អម្ចាស់។ ព្រះ‌បាទ​សូល និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់ នាំ​គ្នា​ធ្វើ​បុណ្យ​យ៉ាង​អធិក‌អធម។

ទើបបានជ្រើសរើសហើយ៖

១ សាំយូអែល 11: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល