១ សាំយូអែល 12
12
សេចក្ដីថ្លែងការណ៍របស់លោកសាំយូអែល
1លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ខ្ញុំបានយល់ព្រមតាមសំណូមពរទាំងប៉ុន្មានរបស់អ្នករាល់គ្នាហើយ គឺខ្ញុំបានតែងតាំងស្ដេចមួយអង្គឲ្យសោយរាជ្យលើអ្នករាល់គ្នា។ 2អំណើះតទៅ ស្ដេចនោះនឹងដឹកនាំអ្នករាល់គ្នា រីឯខ្ញុំវិញ ខ្ញុំចាស់ជរាហើយ កូនប្រុសរបស់ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាដែរ។ ខ្ញុំបានដឹកនាំអ្នករាល់គ្នាតាំងពីក្មេងរហូតមកដល់សព្វថ្ងៃ។ 3ឥឡូវនេះ ខ្ញុំឈរនៅមុខអ្នករាល់គ្នាស្រាប់ហើយ សូមចោទប្រកាន់ខ្ញុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ និងនៅចំពោះស្ដេច ដែលព្រះអង្គចាក់ប្រេងអភិសេកចុះ ថាតើខ្ញុំដែលយកគោ ឬលារបស់អ្នកណាខ្លះ? តើខ្ញុំបានកេងប្រវ័ញ្ច និងសង្កត់សង្កិននរណាខ្លះ? តើខ្ញុំបានទទួលសំណូកពីនរណា ហើយបិទភ្នែកបណ្ដោយឲ្យគេធ្វើតាមចិត្ត? ប្រសិនបើខ្ញុំបានធ្វើដូច្នោះមែន ខ្ញុំនឹងសងទៅគេវិញ»។ 4ប្រជាជនស្រែកឡើងថា៖ «លោកមិនបានកេងប្រវ័ញ្ចសង្កត់សង្កិនយើងខ្ញុំ ឬក៏ទទួលសំណូកពីនរណាម្នាក់ឡើយ»។ 5លោកសាំយូអែលមានប្រសាសន៍ទៅពួកគេទៀតថា៖ «ថ្ងៃនេះ ព្រះអម្ចាស់ធ្វើជាសាក្សី ហើយស្ដេចដែលព្រះអង្គបានចាក់ប្រេងអភិសេក ក៏ធ្វើជាសាក្សីដែរថា អ្នករាល់គ្នាគ្មានអ្វីចោទប្រកាន់ខ្ញុំទេ»។ ពួកគេស្រែកឡើងថា៖ «ពិតមែនហើយ យើងមានព្រះអង្គជាសាក្សី!»។
6 លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ព្រះអម្ចាស់បានប្រើលោកម៉ូសេ និងលោកអើរ៉ុន ដើម្បីនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ 7ឥឡូវនេះ ចូរបង្ហាញខ្លួនមក ខ្ញុំនឹងកាត់ក្ដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ខ្ញុំសូមរំឭកអ្នករាល់គ្នានូវអំពើដ៏សុចរិតទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រព្រឹត្តចំពោះអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា។ 8 ក្រោយពេលដែលលោកយ៉ាកុបទៅដល់ស្រុកអេស៊ីប បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វររកព្រះអម្ចាស់ ។ ព្រះអង្គក៏ចាត់លោកម៉ូសេ និងលោកអើរ៉ុនឲ្យទៅនាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មករស់នៅក្នុងស្រុកនេះ។ 9 ប៉ុន្តែ ពួកគេបានភ្លេចព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ព្រះអង្គក៏ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់លោកស៊ីសេរ៉ា ជាមេទ័ពនៅក្រុងហាសោរ ក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងក្នុងកណ្ដាប់ដៃរបស់ស្ដេចជនជាតិម៉ូអាប់ ដែលបានធ្វើសង្គ្រាមជាមួយពួកគេ ។ 10 ពេលនោះ ពួកគេស្រែកអង្វររកព្រះអម្ចាស់ជាថ្មីទៀតថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដ្បិតយើងខ្ញុំបោះបង់ចោលព្រះអម្ចាស់ទៅគោរពបម្រើព្រះបាល និងព្រះអាស្ដារ៉ូត។ ឥឡូវនេះ សូមមេត្តារំដោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវផង យើងខ្ញុំនឹងគោរពបម្រើព្រះអង្គវិញ”។ 11 ព្រះអម្ចាស់ក៏ចាត់លោកយេរូបាល លោកបេដាន លោកយ៉ែបថា និងខ្ញុំ សាំយូអែល ឲ្យមក។ ព្រះអង្គរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដែលនៅជុំវិញ ហើយអ្នករាល់គ្នាក៏បានរស់នៅក្នុងស្រុកនេះប្រកបដោយសេចក្ដីសុខសាន្ត។ 12 ពេលអ្នករាល់គ្នាឃើញព្រះបាទណាហាស ជាស្ដេចរបស់ជនជាតិអាំម៉ូន មកច្បាំងនឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាទាមទារឲ្យខ្ញុំតែងតាំងស្ដេចមួយអង្គសោយរាជ្យលើអ្នករាល់គ្នា គឺអ្នករាល់គ្នាហាក់ដូចជាបដិសេធមិនទទួលព្រះអម្ចាស់ ជាព្រះមហាក្សត្ររបស់អ្នករាល់គ្នាទេ។ 13ដូច្នេះ នេះនែ៎ ស្ដេចដែលអ្នករាល់គ្នាបានជ្រើសរើស ស្ដេចដែលអ្នករាល់គ្នាសុំ! ព្រះអម្ចាស់ប្រទានស្ដេចនោះមកអ្នករាល់គ្នាហើយ! 14ប្រសិនបើអ្នករាល់គ្នាគោរពកោតខ្លាចព្រះអម្ចាស់ ប្រសិនបើអ្នករាល់គ្នាគោរពបម្រើព្រះអង្គ ប្រសិនបើអ្នករាល់គ្នាស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ដោយឥតប្រឆាំងនឹងបទបញ្ជារបស់ព្រះអង្គ ហើយប្រសិនបើអ្នករាល់គ្នា និងស្ដេចដែលសោយរាជ្យលើអ្នករាល់គ្នា នៅតែដើរតាមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានសេចក្ដីសុខសប្បាយ។ 15ប៉ុន្តែ ប្រសិនអ្នករាល់គ្នាមិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយបែរជាប្រឆាំងនឹងបទបញ្ជារបស់ព្រះអង្គ នោះព្រះអម្ចាស់នឹងដាក់ទោសអ្នករាល់គ្នា ដូចព្រះអង្គបានដាក់ទោសបុព្វបុរសរបស់អ្នករាល់គ្នាដែរ។ 16ឥឡូវនេះ ចូរបង្ហាញខ្លួនមក ហើយមើលការអស្ចារ្យមួយយ៉ាងធំ ដែលព្រះអម្ចាស់នឹងសម្តែងឲ្យអ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែក។ 17ពេលនេះជារដូវចម្រូតមែនឬទេ? ខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ ព្រះអង្គធ្វើឲ្យមានផ្គរ មានភ្លៀង។ ដូច្នេះ អ្នកនឹងយល់ឃើញនូវកំហុសដ៏ធ្ងន់ ដែលអ្នករាល់គ្នាបានប្រព្រឹត្តទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ដោយសុំឲ្យមានស្ដេចមួយអង្គសោយរាជ្យលើអ្នករាល់គ្នា»។
18លោកសាំយូអែលទូលអង្វរព្រះអម្ចាស់ ហើយនៅថ្ងៃដដែលនោះ ព្រះអង្គធ្វើឲ្យមានផ្គរ មានភ្លៀង។ ប្រជាជនទាំងមូលស្ញែងខ្លាចព្រះអម្ចាស់ និងលោកសាំយូអែលយ៉ាងខ្លាំង។ 19ប្រជាជនទាំងនោះជម្រាបលោកសាំយូអែលថា៖ «សូមលោកជួយអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក ក្នុងនាមយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាបមួយ ថែមពីលើអំពើបាបទាំងប៉ុន្មានរបស់យើងខ្ញុំ ដោយទាមទារសុំឲ្យមានស្ដេច»។ 20លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «កុំភ័យខ្លាចអ្វីឡើយ! អ្នករាល់គ្នាប្រព្រឹត្តអំពើបាបទាំងនោះមែន ប៉ុន្តែ កុំងាកចេញពីព្រះអម្ចាស់ គឺត្រូវគោរពបម្រើព្រះអម្ចាស់ឲ្យអស់ពីចិត្ត។ 21កុំងាកចេញពីព្រះអង្គទៅគោរពព្រះក្លែងក្លាយឡើយ ព្រះទាំងនោះពុំអាចផ្ដល់ផលប្រយោជន៍ ឬជួយរំដោះអ្នករាល់គ្នាទេ ព្រោះសុទ្ធតែជាព្រះឥតបានការ។ 22ដោយយល់ដល់ព្រះនាមដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ព្រះអម្ចាស់មិនបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គទេ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។ 23ម្យ៉ាងទៀត ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះព្រះអម្ចាស់ ដោយឈប់ទូលអង្វរឲ្យអ្នករាល់គ្នាឡើយ! ខ្ញុំនឹងណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវល្អ និងទៀងត្រង់។ 24ចូរគោរពកោតខ្លាចព្រះអម្ចាស់ ហើយបម្រើព្រះអង្គយ៉ាងស្មោះអស់ពីដួងចិត្ត។ ចូរពិចារណាមើលកិច្ចការដ៏ធំធេង ដែលព្រះអង្គបានធ្វើចំពោះអ្នករាល់គ្នា! 25ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នានៅតែប្រព្រឹត្តអំពើអាក្រក់ នោះអ្នករាល់គ្នាមុខជាត្រូវវិនាសរួមជាមួយស្ដេចរបស់អ្នករាល់គ្នាមិនខាន»។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 12: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.