១ សាំយូអែល 18
18
សម្ដេចយ៉ូណាថានចងសម្ពន្ធមិត្តជាមួយដាវីឌ
1ពេលដាវីឌនិយាយជាមួយព្រះបាទសូលចប់ហើយ សម្ដេចយ៉ូណាថានក៏ជំពាក់ចិត្តនឹងដាវីឌ ហើយស្រឡាញ់ដាវីឌដូចស្រឡាញ់ខ្លួនឯងដែរ។ 2នៅថ្ងៃនោះ ព្រះបាទសូលឃាត់ដាវីឌឲ្យនៅជាមួយ គឺទ្រង់មិនឲ្យលោកវិលត្រឡប់ទៅផ្ទះឪពុកវិញទេ។ 3សម្ដេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយដាវីឌ ព្រោះទ្រង់ស្រឡាញ់ដាវីឌដូចខ្លួនឯង។ 4សម្ដេចយ៉ូណាថានបានដោះអាវធំរបស់សម្ដេចមកបំពាក់ឲ្យដាវីឌ ហើយក៏ប្រគល់អាវសឹក ដាវ ធ្នូ និងខ្សែក្រវាត់របស់សម្ដេច ឲ្យដាវីឌដែរ។ 5គ្រប់សមរភូមិដែលព្រះបាទសូលចាត់ឲ្យទៅ ដាវីឌតែងតែទទួលជោគជ័យជានិច្ច។ ព្រះបាទសូលតែងតាំងដាវីឌឲ្យធ្វើជាមេទ័ព ហើយប្រជាជនទាំងមូល និងរាជបម្រើរបស់ព្រះបាទសូល ពេញចិត្តនឹងលោកគ្រប់ៗគ្នា។
ព្រះបាទសូលច្រណែននឹងលោកដាវីឌ
6កាលកងទ័ពត្រឡប់មកពីច្បាំងវិញ ក្រោយលោកដាវីឌបានប្រហារជនភីលីស្ទីនហើយ ស្ត្រីៗនៅគ្រប់ក្រុងក្នុងស្រុកអ៊ីស្រាអែលចេញទៅទទួលព្រះបាទសូល ទាំងស្រែកច្រៀង និងរាំតាមចង្វាក់ស្គរ និងតូរ្យតន្ត្រី ហើយស្រែកហ៊ោដោយអំណរសប្បាយយ៉ាងខ្លាំង។ 7 ស្ត្រីទាំងនោះច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមកយ៉ាងរីករាយថា៖
«ព្រះបាទសូលប្រហារបានរាប់ពាន់នាក់
រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។
8ពាក្យទាំងនេះធ្វើឲ្យព្រះបាទសូលខ្ញាល់ជាខ្លាំង ទ្រង់នឹកថា៖ «គេសរសើរដាវីឌថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ដាវីឌនៅខ្វះតែរាជសម្បត្តិប៉ុណ្ណោះ»។ 9ចាប់តាំងពីថ្ងៃនោះមក ព្រះបាទសូលស្អប់លោកដាវីឌយ៉ាងខ្លាំង។
10លុះស្អែកឡើង មានវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកចូលក្នុងព្រះបាទសូល បណ្ដាលឲ្យស្ដេចទៅជាវិកលចរិតនៅក្នុងដំណាក់។ លោកដាវីឌលេងភ្លេងថ្វាយស្ដេចដូចសព្វដង ពេលនោះ ព្រះបាទសូលកាន់លំពែង 11ទ្រង់ចោលលំពែងទៅដោយនឹកថា៖ «អញនឹងគប់ទម្លុះដាវីឌភ្ជាប់ទៅនឹងជញ្ជាំង»។ ប៉ុន្តែ លោកដាវីឌគេចផុតដល់ទៅពីរលើក។ 12ព្រះបាទសូលខ្លាចលោកដាវីឌ ព្រោះព្រះអម្ចាស់បានបោះបង់ចោលស្ដេច ហើយទៅគង់នៅជាមួយលោកដាវីឌ។ 13ហេតុនេះហើយទើបព្រះរាជាឲ្យលោកដាវីឌចេញឆ្ងាយពីស្ដេច ដោយតែងតាំងលោកជាមេទ័ពត្រួតលើទាហានមួយពាន់នាក់។ លោកដាវីឌក៏ដឹកនាំកងទ័ពទៅច្បាំង 14ហើយលោកតែងតែបានទទួលជ័យជម្នះគ្រប់ពេលទាំងអស់ ដ្បិតព្រះអម្ចាស់គង់នៅជាមួយ។ 15ពេលឃើញលោកដាវីឌមានជ័យជម្នះជាច្រើនដូច្នេះ ព្រះបាទសូលខ្លាចលោកក្រៃលែង។ 16ផ្ទុយទៅវិញ ប្រជាជនអ៊ីស្រាអែល និងប្រជាជនយូដាទាំងមូលស្រឡាញ់លោកដាវីឌ ព្រោះលោកដឹកនាំពួកគេចេញទៅច្បាំង។
ដាវីឌរៀបអាពាហ៍ពិពាហ៍ជាមួយបុត្រីស្ដេចសូល
17ព្រះបាទសូលនឹកថា៖ «អញមិនចង់សម្លាប់ដាវីឌដោយផ្ទាល់ឡើយ គឺទុកឲ្យពួកភីលីស្ទីនសម្លាប់វិញ»។ ដូច្នេះ ស្ដេចមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «យើងនឹងលើកនាងម៉្រាមជាកូនច្បងរបស់យើងឲ្យអ្នក។ ចូរមានចិត្តក្លាហានបម្រើយើង ហើយចេញទៅច្បាំងថ្វាយព្រះអម្ចាស់»។ 18លោកដាវីឌទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំជានរណា ហើយគ្រួសារ និងអំបូររបស់ឪពុកទូលបង្គំមានឋានៈអ្វី នៅក្នុងស្រុកអ៊ីស្រាអែល បានជាទូលបង្គំអាចធ្វើជាកូនប្រសាស្ដេចដូច្នេះ?»។ 19ប៉ុន្តែ នៅពេលកំណត់ដែលលោកដាវីឌត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយព្រះនាងម៉្រាម នោះព្រះបាទសូលបែរជាលើកនាងទៅឲ្យលោកអទ្រីអែល ជាអ្នកក្រុងមេហូឡាទៅវិញ។ 20ពេលនោះ ព្រះនាងមិកាល់ជាបុត្រីរបស់ស្ដេចសូល ក៏ចាប់ចិត្តស្រឡាញ់លោកដាវីឌដែរ។ មានគេយករឿងនេះទៅទូលព្រះបាទសូល ស្ដេចគាប់ព្រះហឫទ័យណាស់។ 21ព្រះបាទសូលនឹកថា៖ «អញនឹងលើកនាងឲ្យដាវីឌធ្វើជាភរិយា ដើម្បីប្រើនាងជាអន្ទាក់ឲ្យដាវីឌធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន»។ ដូច្នេះ ព្រះបាទសូលស្នើជាលើកទីពីរឲ្យលោកដាវីឌធ្វើជាកូនប្រសា។
22ព្រះបាទសូលបញ្ជារាជបម្រើថា៖ «ចូរទៅប្រាប់លោកដាវីឌជាសម្ងាត់ថា “ព្រះរាជាគាប់ព្រះហឫទ័យនឹងលោកណាស់ ហើយរាជបម្រើទាំងអស់ក៏ស្រឡាញ់លោកដែរ។ ដូច្នេះ សូមយល់ព្រមធ្វើជាកូនប្រសាស្ដេចទៅ”»។ 23ពួករាជបម្រើនាំពាក្យទាំងនោះទៅប្រាប់លោកដាវីឌជាសម្ងាត់។ លោកដាវីឌឆ្លើយថា៖ «តើអស់លោកស្មានថាធ្វើជាកូនប្រសាស្ដេចដូច្នេះ ជារឿងតូចតាចឬ? ជាពិសេស មនុស្សក្រីក្រដូចខ្ញុំ ហើយគ្មានឋានៈសមរម្យផង!»។ 24ពួករាជបម្រើនាំពាក្យសម្ដីរបស់លោកដាវីឌ ទៅទូលស្ដេចវិញ។ 25ព្រះបាទសូលមានរាជឱង្ការថា៖ «សូមអស់លោកទៅនិយាយប្រាប់ដាវីឌថា “ស្ដេចមិនចង់បានបណ្ណាការអ្វី ក្រៅពីស្បែកអង្គជាតរបស់ពួកភីលីស្ទីនចំនួនមួយរយ ដើម្បីសងសឹកខ្មាំងសត្រូវប៉ុណ្ណោះ”»។ ព្រះបាទសូលមានគោលបំណងធ្វើឲ្យលោកដាវីឌ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន។ 26ពួករាជបម្រើនាំពាក្យទាំងនោះទៅប្រាប់លោកដាវីឌ ហើយលោកដាវីឌក៏យល់ឃើញថា សំណើនេះជាការសមរម្យ ដើម្បីធ្វើជាកូនប្រសារបស់ស្ដេច។ មុនពេលកំណត់ត្រូវរៀបអភិសេក 27លោកដាវីឌ និងទាហានរបស់លោកនាំគ្នាចេញទៅច្បាំង លោកសម្លាប់ជនជាតិភីលីស្ទីនពីររយនាក់។ លោកដាវីឌបានកាត់យកស្បែកអង្គជាតរបស់ពួកគេ ហើយនាំយកមករាប់ថ្វាយព្រះរាជា ដើម្បីធ្វើជាកូនប្រសាស្ដេច។ ពេលនោះ ព្រះបាទសូលក៏លើកព្រះនាងមិកាល់ ជាបុត្រី ឲ្យធ្វើជាភរិយា។
28ព្រះបាទសូលយល់ឃើញថា ព្រះអម្ចាស់គង់នៅជាមួយលោកដាវីឌ ហើយឃើញថាព្រះនាងមិកាល់ជាបុត្រីស្រឡាញ់លោកដែរ 29ដូច្នេះ ស្ដេចខ្លាចលោកដាវីឌរឹតតែខ្លាំងឡើង ហើយចាត់ទុកលោកជាគូសត្រូវ ចាប់ពីពេលនោះតទៅ។ 30ពួកមេទ័ពរបស់ជនជាតិភីលីស្ទីនតែងតែនាំគ្នាចេញមកទន្ទ្រាន ប៉ុន្តែ គ្រប់ពេលប្រយុទ្ធ លោកដាវីឌទទួលជ័យជម្នះ ច្រើនជាងរាជបម្រើឯទៀតៗរបស់ព្រះបាទសូល ជាហេតុនាំឲ្យលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 18: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.