១ សាំយូអែល 24
24
លោកដាវីឌមិនដាច់ចិត្តធ្វើគុតព្រះបាទសូល
1កាលព្រះបាទសូលវិលមកពីច្បាំងជាមួយពួកភីលីស្ទីនវិញ គេទូលស្ដេចថា៖ «លោកដាវីឌរស់នៅក្នុងតំបន់វាលរហោស្ថានអេន-គេឌី»។ 2ស្ដេចនាំទាហានដ៏ខ្លាំងពូកែចំនួនបីពាន់នាក់ ក្នុងចំណោមកងទ័ពអ៊ីស្រាអែលទាំងមូល ចេញទៅតាមរកលោកដាវីឌ និងពួកលោក នៅទល់មុខថ្មពពែព្រៃ។ 3 ព្រះបាទសូលបានយាងកាត់តាមក្រោលចៀមដែលនៅជាប់នឹងមាត់ផ្លូវ។ នៅទីនោះ មានរអាងភ្នំមួយ ស្ដេចក៏យាងចូលទៅដោះទុក្ខសត្វក្នុងរអាងនោះ។ លោកដាវីឌ និងពួកលោកពួននៅក្នុងរអាងភ្នំនោះដែរ តែនៅជ្រៅទៅខាងក្នុង។ 4អស់អ្នកដែលនៅជាមួយជម្រាបលោកថា៖ «នេះជាថ្ងៃដែលព្រះអម្ចាស់បានសន្យាជាមួយលោកថា “យើងនឹងប្រគល់បច្ចាមិត្តមកក្នុងកណ្ដាប់ដៃរបស់អ្នក” សូមប្រព្រឹត្តចំពោះស្ដេច តាមលោកយល់ឃើញទៅចុះ»។ លោកដាវីឌក្រោកឡើង លបចូលទៅកាត់ជាយព្រះភូសារបស់ព្រះបាទសូល។ 5ប៉ុន្តែ ក្រោយពេលកាត់ជាយព្រះភូសារបស់ព្រះបាទសូលរួចហើយ ចិត្តរបស់លោកញាប់ញ័រជាខ្លាំង។ 6 លោកមានប្រសាសន៍ទៅកាន់អស់អ្នកដែលនៅជាមួយលោកថា៖ «សូមព្រះអម្ចាស់ទប់ខ្ញុំ កុំឲ្យធ្វើគុតម្ចាស់របស់ខ្ញុំ ដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកជាស្ដេចនេះឡើយ គឺខ្ញុំមិនត្រូវលើកដៃប្រហារព្រះរាជា ដែលព្រះអម្ចាស់បានតែងតាំងជាស្ដេចនេះទេ»។ 7លោកដាវីឌបានឃាត់ពួកលោក ដោយសារពាក្យសម្ដីទាំងនោះ គឺលោកហាមពួកគេមិនឲ្យធ្វើគុតព្រះបាទសូល។ ព្រះបាទសូលយាងចេញពីរអាងភ្នំ បន្តដំណើរទៅមុខទៀត។ 8បន្តិចក្រោយមក លោកដាវីឌក្រោកឡើងចេញពីរអាងភ្នំ ហើយស្រែកពីក្រោយព្រះបាទសូលថា៖ «ព្រះករុណាជាអម្ចាស់នៃទូលបង្គំ!»។ ព្រះបាទសូលងាកមក លោកដាវីឌឱនមុខចុះ ក្រាបដល់ដី ថ្វាយបង្គំស្ដេច។ 9លោកទូលថា៖ «ហេតុអ្វីបានជាព្រះករុណាចេះតែសណ្ដាប់ពាក្យរបស់អស់អ្នកដែលទូលស្ដេចថា “ដាវីឌចង់ព្យាបាទព្រះករុណា”ដូច្នេះ? 10ព្រះករុណាទតឃើញស្រាប់ហើយថា ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ កាលព្រះករុណានៅក្នុងរអាងភ្នំនេះ។ គេសុំឲ្យទូលបង្គំធ្វើគុតព្រះករុណា តែទូលបង្គំមិនធ្វើតាមឡើយ។ ទូលបង្គំពោលថា “ខ្ញុំមិនលើកដៃប្រហារម្ចាស់របស់ខ្ញុំជាដាច់ខាត ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកទ្រង់ជាស្ដេចហើយ”។ 11បពិត្រព្រះបិតា សូមទតមើលមកជាយព្រះភូសា ដែលនៅក្នុងដៃទូលបង្គំនេះ។ ទូលបង្គំគ្រាន់តែកាត់ជាយព្រះភូសា តែទូលបង្គំមិនធ្វើគុតព្រះអង្គទេ។ ដូច្នេះ សូមស្ដេចជ្រាបឲ្យច្បាស់ថា ទូលបង្គំគ្មានគំនិតអាក្រក់ចង់ធ្វើគុត ឬបះបោរប្រឆាំងនឹងព្រះបិតាឡើយ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអំពើខុសឆ្គងនឹងព្រះអង្គដែរ គឺមានតែព្រះករុណាប៉ុណ្ណោះ ដែលចេះតែតាមប្រហារជីវិតទូលបង្គំ។ 12សូមព្រះអម្ចាស់ធ្វើជាចៅក្រមកាត់ក្ដីឲ្យយើងទាំងពីរ។ ព្រះអម្ចាស់នឹងរកយុត្តិធម៌ឲ្យទូលបង្គំ ចំពោះអំពើដែលព្រះករុណាប្រព្រឹត្តដល់ទូលបង្គំ។ រីឯទូលបង្គំវិញ ទូលបង្គំនឹងមិនធ្វើគុតព្រះករុណាទេ 13ដូចសុភាសិតពីព្រេងនាយចែងថា “មនុស្សអាក្រក់ប្រព្រឹត្តតែអំពើអាក្រក់”។ ចំពោះទូលបង្គំវិញ ទូលបង្គំនឹងមិនធ្វើគុតព្រះករុណាឡើយ។ 14 តើព្រះមហាក្សត្រអ៊ីស្រាអែលចេញមកច្បាំងនឹងនរណា? ព្រះករុណាដេញតាមនរណា? គឺព្រះករុណាដេញតាមទូលបង្គំ ដែលប្រៀបដូចជាឆ្កែងាប់ ឬចៃមួយដ៏តូច។ 15សូមព្រះអម្ចាស់ធ្វើជាចៅក្រម កាត់ក្ដីឲ្យយើងទាំងពីរ។ ព្រះអង្គនឹងពិនិត្យពិច័យ ហើយរកយុត្តិធម៌ឲ្យទូលបង្គំ ព្រះអង្គនឹងការពារទូលបង្គំ ព្រមទាំងរំដោះទូលបង្គំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន»។
16កាលលោកដាវីឌទូលសេចក្ដីទាំងនោះចប់សព្វគ្រប់ហើយ ព្រះបាទសូលមានរាជឱង្ការថា៖ «ដាវីឌកូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ ព្រះបាទសូលចាប់ផ្ដើមទ្រង់ព្រះកន្សែងយ៉ាងខ្លាំង។ 17បន្ទាប់មក ស្ដេចមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «កូនជាមនុស្សសុចរិតជាងបិតា ព្រោះកូនបានប្រព្រឹត្តល្អចំពោះបិតា តែបិតាបានប្រព្រឹត្តអាក្រក់ចំពោះកូន។ 18ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើបិតាយ៉ាងជាក់ស្ដែង ដ្បិតព្រះអម្ចាស់ប្រគល់បិតាទៅក្នុងកណ្ដាប់ដៃកូន តែកូនមិនសម្លាប់បិតាទេ។ 19ធម្មតា កាលណាមនុស្សម្នាក់ជួបប្រទះនឹងបច្ចាមិត្តហើយ គេមិនដែលទុកឲ្យបច្ចាមិត្តនោះបន្តដំណើរទៅមុខទៀតដោយស្រួលៗទេ។ សូមព្រះអម្ចាស់ប្រទានរង្វាន់ដល់កូនចំពោះអំពើល្អ ដែលកូនបានប្រព្រឹត្តមកលើបិតានៅថ្ងៃនេះ។ 20បិតាក៏ដឹងច្បាស់ថា ថ្ងៃមួយ កូននឹងឡើងគ្រងរាជ្យ ហើយរាជាណាចក្រអ៊ីស្រាអែលនឹងបានស្ថិតស្ថេរ ក្រោមការគ្រប់គ្រងរបស់កូន។ 21ដូច្នេះ សូមកូនស្បថក្នុងនាមព្រះអម្ចាស់ឥឡូវនេះចុះថា កូននឹងមិនបំផ្លាញពូជពង្សរបស់បិតាដែលនៅជំនាន់ក្រោយទេ ហើយក៏មិនធ្វើឲ្យឈ្មោះរបស់បិតាត្រូវលុបបំបាត់ ចេញពីក្រុមគ្រួសាររបស់បិតាដែរ»។ 22លោកដាវីឌក៏ស្បថថ្វាយស្ដេច។ បន្ទាប់មក ព្រះបាទសូលវិលទៅកាន់ដំណាក់វិញ ចំណែកឯលោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ក៏វិលទៅកន្លែងលាក់ខ្លួនវិញដែរ។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 24: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.