នៅគ្រានោះ លោកសាំយូអែលទទួលមរណភាព។ ប្រជាជនអ៊ីស្រាអែលទាំងមូលបានមកជួបជុំគ្នា ធ្វើពិធីកាន់ទុក្ខសពលោក។ គេយកសពលោកទៅបញ្ចុះក្នុងភូមិដ្ឋានរបស់លោកនៅរ៉ាម៉ា។ បន្ទាប់មក លោកដាវីឌចេញដំណើរឆ្ពោះទៅវាលរហោស្ថានបារ៉ាសនវិញ។ នៅម៉ាអូន មានមហាសេដ្ឋីមួយរូប ដែលមានដីធ្លីនៅភូមិកើមែល។ គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ពេលនោះ គាត់កំពុងតែកាត់រោមចៀមនៅភូមិកើមែល។ បុរសនោះឈ្មោះណាបាល ភរិយាគាត់ឈ្មោះនាងអប៊ីកែល ដែលជាស្ត្រីម្នាក់មានប្រាជ្ញាវាងវៃ រូបសម្ផស្សស្រស់ល្អ រីឯប្ដីនាងជាមនុស្សកំរោល និងមានចិត្តឃោរឃៅ។ គាត់ជាមនុស្សក្នុងអំបូរកាលែប។ ពេលលោកដាវីឌនៅវាលរហោស្ថាន លោកបានឮដំណឹងថា លោកណាបាលកំពុងតែកាត់រោមចៀម។ លោកដាវីឌចាត់យុវជនដប់នាក់ឲ្យទៅជួបលោកណាបាល ទាំងប្រាប់ថា៖ «ចូរនាំគ្នាទៅផ្ទះលោកណាបាលនៅភូមិកើមែល ហើយសួរសុខទុក្ខលោកឲ្យខ្ញុំផង។ ត្រូវជម្រាបលោកថា “សូមឲ្យលោកមានអាយុវែង ប្រកបដោយសេចក្ដីសុខ! ហើយសូមឲ្យក្រុមគ្រួសារលោក និងអ្វីៗជារបស់លោកបានប្រកបដោយសេចក្ដីសុខដែរ! ខ្ញុំដឹងថា លោកបានហៅគេមកកាត់រោមចៀម នៅផ្ទះលោក។ ពេលពួកគង្វាលរបស់លោកស្នាក់នៅជាមួយយើង យើងមិនដែលប្រព្រឹត្តអំពើអាក្រក់ណាមួយចំពោះពួកគេឡើយ ហើយក្នុងពេលពួកគេស្នាក់នៅឯភូមិកើមែល នោះក៏មិនដែលបាត់បង់អ្វីដែរ។ លោកអាចសាកសួរកូនចៅរបស់លោកក៏បាន ពួកគេនឹងជម្រាបការពិតជូនលោក។ ដូច្នេះ សូមលោកអាណិតមេត្តាពួកយុវជនរបស់ខ្ញុំ ដែលមកជួបលោកនៅថ្ងៃបុណ្យនេះផង។ សូមលោកមេត្តាចែករំលែកអ្វីៗដែលលោកមានឲ្យពួកខ្ញុំប្របាទ និងឲ្យខ្ញុំ ដាវីឌ ដែលជាកូនចៅរបស់លោកផង”»។ ពេលពួកយុវជនទៅដល់ ពួកគេក៏រៀបរាប់ពាក្យទាំងនេះជម្រាបលោកណាបាល ក្នុងនាមលោកដាវីឌ រួចពួកគេរង់ចាំចម្លើយ។ លោកណាបាលឆ្លើយតបថា៖ «តើដាវីឌនោះជានរណា? តើកូនលោកអ៊ីសាយនោះជាស្អី? សព្វថ្ងៃនេះ សម្បូណ៌ខ្ញុំកញ្ជះរត់ចេញពីម្ចាស់របស់ខ្លួនណាស់! តើគួរឲ្យអញយកនំប៉័ង យកទឹក និងសាច់ ដែលអញបានបម្រុងទុកសម្រាប់ពួកអ្នកកាត់រោមចៀម ទៅឲ្យមនុស្សដែលអញមិនដឹងថា មកពីណាផងនោះឬ?»។ ពួកយុវជនត្រឡប់ទៅវិញ រៀបរាប់ហេតុការណ៍ទាំងអស់ជម្រាបលោកដាវីឌ។ លោកដាវីឌក៏បញ្ជាទៅអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរយកដាវគ្រប់ៗគ្នាមក!»។ ពួកគេយកដាវមកសៀតនៅចង្កេះ ហើយលោកដាវីឌក៏សៀតដាវនៅចង្កេះដែរ។ លោកនាំមនុស្សប្រមាណបួនរយនាក់ចេញទៅជាមួយ ហើយទុកពីររយនាក់ទៀតឲ្យនៅរក្សារបស់របរ។ មានអ្នកបម្រើម្នាក់របស់លោកណាបាលរត់មកជម្រាបនាងអប៊ីកែល ជាភរិយារបស់ម្ចាស់ខ្លួនថា៖ «លោកដាវីឌបានចាត់អ្នកនាំសារពីវាលរហោស្ថាន ឲ្យមកសួរសុខទុក្ខលោកម្ចាស់របស់យើង តែលោកបានជេរប្រមាថពួកគេ។ តាមពិត ពួកគេល្អនឹងយើងណាស់ ពួកគេមិនដែលប្រព្រឹត្តអ្វីអាក្រក់ចំពោះយើងទេ ហើយក្នុងពេលយើងនៅជាមួយពួកគេ ឯទីវាលនោះ យើងពុំដែលបាត់បង់អ្វីឡើយ។ ពួកគេប្រៀបដូចជាកំពែងការពារយើង ទាំងថ្ងៃ ទាំងយប់ ក្នុងអំឡុងពេលយើងឃ្វាលចៀមនៅជិតពួកគេ។ ឥឡូវនេះ សូមអ្នកស្រីគិតគូរពិចារណាមើលថា តើអ្នកស្រីត្រូវធ្វើយ៉ាងណា ដ្បិតមហន្តរាយមុខជាកើតមានដល់លោកម្ចាស់ និងក្រុមគ្រួសារទាំងមូលមិនខាន។ លោកម្ចាស់យើងមានចរិតអាក្រក់ណាស់ គ្មាននរណាអាចនិយាយជាមួយលោកបានទេ»។ នាងអប៊ីកែលប្រញាប់ប្រញាល់យកនំប៉័ងពីររយដុំ ស្រាទំពាំងបាយជូរពីរថង់ស្បែក ចៀមដែលគេរៀបចំជាស្រេចចំនួនប្រាំក្បាល លាជប្រាំតៅ ទំពាំងបាយជូរក្រៀមមួយរយកញ្ចប់ និងនំផ្លែឧទុម្ពរក្រៀមពីររយ ផ្ទុកលើខ្នងលា រួចបញ្ជាពួកអ្នកបម្រើថា៖ «ចូរចេញទៅមុនចុះ ខ្ញុំនឹងទៅតាមក្រោយ»។ នាងអប៊ីកែលពុំបានប្រាប់លោកណាបាលជាប្ដីឲ្យដឹងទេ។ នាងបានជិះលាសសៀរចុះតាមភ្នំ។ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយ ក៏ចុះតម្រង់មករកនាងដែរ នាងជួបប្រទះពួកគេ។ លោកដាវីឌទើបនឹងគិតថា៖ «ខ្ញុំខំការពារទ្រព្យទាំងប៉ុន្មានរបស់អ្នកនោះនៅវាលរហោស្ថាន មិនឲ្យអ្វីមួយបាត់បង់ឡើយ តែគ្មានបានផលប្រយោជន៍អ្វីទាំងអស់ គឺគាត់បែរជាប្រព្រឹត្តអាក្រក់តបនឹងអំពើល្អ ដែលខ្ញុំបានធ្វើចំពោះគេ។ ដូច្នេះ បើខ្ញុំទុកជីវិតមនុស្សប្រុសណាម្នាក់ ក្នុងក្រុមគ្រួសាររបស់ណាបាល ឲ្យនៅរស់រហូតដល់ព្រឹកស្អែក សូមព្រះជាម្ចាស់ដាក់ទោសខ្ញុំ យ៉ាងធ្ងន់ធ្ងរចុះ»។ ពេលនាងអប៊ីកែលឃើញលោកដាវីឌ នាងចុះពីលើខ្នងលាយ៉ាងប្រញាប់ រួចក្រាបថ្វាយបង្គំលោកដាវីឌឱនមុខដល់ដី។ នាងក្រាបសំពះបាតជើងលោក ហើយពោលថា៖ «លោកម្ចាស់! នេះជាកំហុសរបស់នាងខ្ញុំទេ! សូមលោកម្ចាស់អនុញ្ញាតឲ្យនាងខ្ញុំជម្រាបសិន សូមមេត្តាស្ដាប់ពាក្យរបស់នាងខ្ញុំផង! សូមលោកម្ចាស់កុំរវល់នឹងលោកណាបាល ជាមនុស្សមានចរិតអាក្រក់នោះធ្វើអ្វី ដ្បិតគាត់មានអត្តចរិតដូចឈ្មោះរបស់គាត់មែន។ គាត់ឈ្មោះណាបាល ជាមនុស្សឥតដឹងខុសត្រូវ។ រីឯនាងខ្ញុំវិញ នាងខ្ញុំពុំបានជួបពួកយុវជន ដែលលោកម្ចាស់ចាត់ឲ្យទៅនោះទេ។
អាន ១ សាំយូអែល 25
ស្ដាប់នូវ ១ សាំយូអែល 25
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 25:1-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ