១ សាំយូអែល 26

26
លោក​ដាវីឌ​ទុក​ជីវិត​ឲ្យ​ព្រះ‌បាទ​សូល​ម្ដង​ទៀត
1 អស់​អ្នក​ដែល​រស់​នៅ​វាល​រហោ‌ស្ថាន​ស៊ីភ ចូល​ទៅ​គាល់​ព្រះ‌បាទ​សូល នៅ​គីបៀរ ហើយ​ទូល​ថា៖ «ដាវីឌ​លាក់​ខ្លួន​នៅ​ភ្នំ​ហាគី‌ឡា ទល់​មុខ​នឹង​វាល​យេស៊ី‌ម៉ូន»។ 2ដូច្នេះ ព្រះ‌បាទ​សូល​ក្រោក​ឡើង ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស៊ីភ ដើម្បី​តាម​ចាប់​លោក​ដាវីឌ។ ស្ដេច​នាំ​ទាហាន​ដ៏​អង់‌អាច​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ចំនួន​បី​ពាន់​នាក់​ទៅ​ជា​មួយ។ 3ស្ដេច​បោះ​ជំរំ​ក្បែរ​ផ្លូវ​នៅ​លើ​ភ្នំ​ហាគី‌ឡា ទល់​មុខ​នឹង​វាល​យេស៊ី‌ម៉ូន។ លោក​ដាវីឌ​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន ហើយ​ឃើញ​ព្រះ‌បាទ​សូល​តាម​រក​ចាប់​ខ្លួន​លោក នៅ​វាល​រហោ‌ស្ថាន 4លោក​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប‌ការណ៍ រួច​ដឹង​ថា ព្រះ‌បាទ​សូល​យាង​មក​ដល់​ប្រាកដ​មែន។ 5ពេល​នោះ លោក​ដាវីឌ​ចេញ​ដំណើរ​ទៅ​ដល់​ជំរំ​របស់​ព្រះ‌បាទ​សូល។ លោក​ឃើញ​កន្លែង​ដែល​ស្ដេច​ផ្ទំ ហើយ​ឃើញ​កន្លែង​ដែល​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ និង​ជា​មេ‌ទ័ព​របស់​ស្ដេច​សម្រាន្ដ​ដែរ។ ព្រះ‌បាទ​សូល​ផ្ទំ​នៅ​កណ្ដាល​ជំរំ ហើយ​ពល​ទ័ព​បោះ​ជំរំ​ជុំ‌វិញ។ 6លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អហ៊ី‌ម៉ាឡេក ជា​ជន‌ជាតិ​ហេត ព្រម​ទាំង​លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់​ថា៖ «តើ​នរណា​ស្ម័គ្រ​ចិត្ត​ចុះ​ទៅ​ជំរំ​របស់​ស្ដេច​សូល​ជា​មួយ​ខ្ញុំ?»។ លោក​អប៊ី‌សាយ​ឆ្លើយ​ថា៖ «ខ្ញុំ​ស្ម័គ្រ​ចិត្ត​ទៅ​ជា​មួយ​លោក»។ 7យប់​នោះ លោក​ដាវីឌ និង​លោក​អប៊ី‌សាយ ចូល​ទៅ​ក្នុង​ជំរំ ហើយ​ឃើញ​ព្រះ‌បាទ​សូល​ផ្ទំ​នៅ​កណ្ដាល​ជំរំ ព្រម​ទាំង​មាន​លំពែង​ដោត​ជាប់​នឹង​ដី ជិត​ក្បាល​ដំណេក​ផង។ រីឯ​លោក​អប៊ី‌នើរ និង​ពល​ទាហាន ដេក​លក់​នៅ​ជុំ‌វិញ​ស្ដេច។ 8លោក​អប៊ី‌សាយ​ជម្រាប​លោក​ដាវីឌ​ថា៖ «យប់​នេះ ព្រះ‌ជាម្ចាស់​ប្រគល់​សត្រូវ​របស់​លោក​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ។ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​យក​លំពែង​ចាក់​ទម្លុះ​ស្ដេច​ជាប់​នឹង​ដី ខ្ញុំ​ចាក់​តែ​មួយ​លំពែង មិន​បាច់​លើក​ទី​ពីរ​ទេ»។ 9ប៉ុន្តែ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​លោក​អប៊ី‌សាយ​ថា៖ «ទេ! កុំ​ធ្វើ​គុត​ព្រះ‌ករុណា ដ្បិត​អ្នក​ណា​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះ‌អម្ចាស់​ចាក់​ប្រេង​អភិសេក អ្នក​នោះ​មិន​អាច​រួច​ខ្លួន​ឡើយ»។ 10លោក​ដាវីឌ​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌ជន្ម​គង់​នៅ! ដូច្នេះ មាន​តែ​ព្រះអង្គ​ទេ​ដែល​ផ្ដាច់​ជីវិត​ស្ដេច ដោយ​ឲ្យ​ស្ដេច​សុគត​មក​ពី​អស់​អាយុ ឬ​សុគត​នៅ​សមរ‌ភូមិ។ 11 ប៉ុន្តែ សូម​ព្រះ‌អម្ចាស់​ឃាត់​ខ្ញុំ កុំ​ឲ្យ​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក​នោះ​ឡើយ! ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ក្បាល​ដំណេក​របស់​ស្ដេច និង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​ចេញ​ទៅ​វិញ!»។ 12លោក​ដាវីឌ​យក​លំពែង និង​ក្អម​ទឹក​ដែល​ស្ថិត​នៅ​ក្បាល​ដំណេក​របស់​ព្រះ‌បាទ​សូល ហើយ​នាំ​គ្នា​ចាក​ចេញ​ទៅ ដោយ​គ្មាន​ទាហាន​ម្នាក់​បាន​ឃើញ និង​ដឹង​ឡើយ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ភ្ញាក់​ដែរ។ ពួក​គេ​ដេក​លក់​ទាំង​អស់​គ្នា ព្រោះ​ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ពួក​គេ​ដេក​លង់‌លក់ ឥត​ដឹង​ខ្លួន។
13លោក​ដាវីឌ​ឆ្លង​ទៅ​ភ្នំ​ម្ខាង​ទៀត ហើយ​ឡើង​ទៅ​ឈរ​លើ​កំពូល​ភ្នំ ដែល​នៅ​ដាច់​ឆ្ងាយ​ពី​ជំរំ។ 14លោក​ស្រែក​ហៅ​កង‌ទ័ព រួច​ហៅ​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ​ថា៖ «លោក​អប៊ី‌នើរ​អើយ ម្ដេច​ក៏​មិន​ឆ្លើយ!»។ លោក​អប៊ី‌នើរ​ស្រែក​សួរ​វិញ​ថា៖ «តើ​អ្នក​ជា​នរណា បាន​ជា​ហ៊ាន​ស្រែក​ហៅ​ព្រះ‌ករុណា​ដូច្នេះ?»។ 15លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អប៊ី‌នើរ​ថា៖ «តើ​លោក​ជា​មនុស្ស​ដើម​ទ្រូង​ប្រាំ​ហត្ថ​មែន ឬ​មិន​មែន! នៅ​ស្រុក​អ៊ីស្រា‌អែល មាន​តែ​លោក​ទេ​ដែល​ប្រសើរ​ជាង​គេ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​មិន​យាម​ព្រះ‌ករុណា ជា​ម្ចាស់​របស់​លោក? ដ្បិត​មាន​ប្រជា‌ជន​មួយ​រូប​បាន​លប​ចូល​ទៅ​ធ្វើ​គុត​ព្រះ‌ករុណា ជា​ម្ចាស់​របស់​លោក។ 16ខ្ញុំ​សុំ​ជម្រាប​លោក ក្នុង​នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា លោក​ធ្វេស‌ប្រហែស​ដូច្នេះ​មិន​ល្អ​ទេ! ពួក​លោក​គួរ​តែ​ស្លាប់ ដោយ​មិន​បាន​រក្សា​ការ‌ពារ​ម្ចាស់​របស់​ខ្លួន គឺ​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​អភិ‌សេក។ មើល! នេះ​នែ៎ លំពែង​របស់​ព្រះ‌ករុណា និង​ក្អម​ទឹក​ដែល​ស្ថិត​នៅ​ក្បាល​ដំណេក​របស់​ស្ដេច!»។ 17ព្រះ‌បាទ​សូល​ស្គាល់​សំឡេង​របស់​លោក​ដាវីឌ ក៏​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ កូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ លោក​ដាវីឌ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! គឺ​ទូលបង្គំ​មែន!»។ 18លោក​ទូល​ទៀត​ថា៖ «ហេតុ​អ្វី​ព្រះ‌ករុណា​ជា​អម្ចាស់ ចេះ​តែ​តាម​ចាប់​ទូលបង្គំ​ដូច្នេះ? តើ​ទូលបង្គំ​បាន​ធ្វើ​អ្វី? តើ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​ខ្លះ? 19សូម​ព្រះ‌ករុណា​ជា​អម្ចាស់​មេត្តា​សណ្ដាប់​ពាក្យ​ទូលបង្គំ នៅ​ពេល​នេះ​ផង។ ប្រសិន​បើ​ព្រះ‌អម្ចាស់​ជំរុញ​ព្រះ‌ករុណា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ចំពោះ​ទូលបង្គំ នោះ​សូម​ព្រះ‌អម្ចាស់​ទទួល​យក​តង្វាយ​មួយ​ចុះ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ជា​អ្នក​ជំរុញ​ព្រះ‌ករុណា​វិញ សូម​ឲ្យ​ពួក​គេ​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ថ្ងៃ​នេះ ពួក​គេ​បណ្ដេញ​ទូលបង្គំ​មិន​ឲ្យ​រស់​នៅ​លើ​ទឹក​ដី ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ទុក​ជា​មត៌ក គឺ​ហាក់​ដូច​ជា​ចង់​ដេញ​ទូលបង្គំ​ឲ្យ​ទៅ​គោរព​ព្រះ​ឯ​ទៀត 20តែ​ទូលបង្គំ​មិន​ចង់​ឲ្យ​គេ​បង្ហូរ​ឈាម​ទូលបង្គំ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់​ឡើយ។ ព្រះ‌មហា‌ក្សត្រ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​តាម​ធ្វើ​សឹក​នឹង​ទូលបង្គំ ដែល​គ្រាន់​តែ​ជា​ចៃ​មួយ​ដ៏​តូច​ប៉ុណ្ណោះ ព្រះ‌ករុណា​ដេញ​តាម​ទូលបង្គំ ដូច​គេ​ដេញ​បាញ់​សត្វ​ទទា​នៅ​លើ​ភ្នំ»។ 21ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌ កូន​អើយ បិតា​ខុស​ហើយ! ចូរ​វិល​ត្រឡប់​មក​វិញ បិតា​ឈប់​ធ្វើ​បាប​កូន​ទៀត​ហើយ ព្រោះ​ថ្ងៃ​នេះ កូន​បាន​ទុក​ជីវិត​ឲ្យ​បិតា។ បិតា​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​លេ‌លា បិតា​បាន​ធ្វើ​ខុស​យ៉ាង​ធ្ងន់»។ 22លោក​ដាវីឌ​ទូល​ថា៖ «នេះ​ជា​លំពែង​របស់​ព្រះ‌ករុណា! សូម​ចាត់​សេនា​ម្នាក់​ឲ្យ​មក​យក​ទៅ​វិញ​ចុះ! 23សូម​ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ចំពោះ​យើង តាម​សេចក្ដី​សុចរិត និង​ស្មោះ​ត្រង់​របស់​យើង​ម្នាក់ៗ។ ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ព្រះ‌ករុណា​មក​ក្នុង​កណ្ដាប់​ដៃ​ទូលបង្គំ តែ​ទូលបង្គំ​មិន​ព្រម​លើក​ដៃ​ប្រហារ​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ឡើយ។ 24ថ្ងៃ​នេះ ព្រះ‌ជន្ម​របស់​ព្រះ‌ករុណា​មាន​តម្លៃ​ចំពោះ​ទូលបង្គំ​យ៉ាង​ណា សូម​ឲ្យ​ជីវិត​ទូលបង្គំ​ក៏​មាន​តម្លៃ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ ហើយ​សូម​ព្រះអង្គ​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​គ្រោះ​កាច​សព្វ​បែប​យ៉ាង»។ 25ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «ដាវីឌ​កូន​អើយ សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​កូន! អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កូន​ធ្វើ មុខ​ជា​បាន​សម្រេច​ពុំ‌ខាន!»។
លោក​ដាវីឌ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត រីឯ​ព្រះ‌បាទ​សូល​ក៏​វិល​ទៅ​កាន់​ដំណាក់​វិញ​ដែរ។

ទើបបានជ្រើសរើសហើយ៖

១ សាំយូអែល 26: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល