១ សាំយូអែល 30

30
ជន‌ជាតិ​អាម៉ា‌ឡេក​ដុត​កម្ទេច​ក្រុង​ស៊ីគ‌ឡាក់ លោក​ដាវីឌ​ដេញ​តាម​កង‌ទ័ព​អាម៉ា‌ឡេក
1នៅ​ថ្ងៃ​ទី​បី លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​បាន​ទៅ​ដល់​ក្រុង​ស៊ីគ‌ឡាក់។ ប៉ុន្តែ មុន​នោះ ជន‌ជាតិ​អាម៉ា‌ឡេក​បាន​រាត​ត្បាត​តំបន់​ណេកិប និង​ក្រុង​ស៊ីគ‌ឡាក់។ ពួក​គេ​ដុត​កម្ទេច​ក្រុង​ស៊ីគ‌ឡាក់​ចោល 2ហើយ​កៀរ​ពួក​ស្រីៗ និង​អស់​អ្នក​ដែល​រស់​នៅ​ក្រុង​នោះ ទាំង​ក្មេង ទាំង​ចាស់ នាំ​យក​ទៅ​ជា​ឈ្លើយ។ ពួក​គេ​មិន​បាន​សម្លាប់​នរណា​ម្នាក់​ឡើយ គឺ​គ្រាន់​តែ​កៀរ​យក​ទៅ​ជា​មួយ រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ 3កាល​លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​មក​ដល់​ទីក្រុង​វិញ ឃើញ​ក្រុង​នោះ​ត្រូវ​គេ​ដុត​បំផ្លាញ ហើយ​ប្រពន្ធ កូន​ប្រុស កូន​ស្រី ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​ដូច្នេះ 4លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាំ​គ្នា​ស្រែក​ទ្រហោ​យំ រហូត​ទាល់​តែ​លែង​មាន​កម្លាំង​យំ​ទៀត។ 5 ភរិយា​ទាំង​ពីរ​នាក់​របស់​លោក​ដាវីឌ គឺ​នាង​អហ៊ី‌ណោម​ដែល​ជា​អ្នក​ស្រុក​យេសរាល និង​នាង​អប៊ី‌កែល ជា​ប្រពន្ធ​របស់​សព​លោក​ណាបាល អ្នក​ភូមិ​កើមែល ក៏​ត្រូវ​គេ​កៀរ​យក​ទៅ​ដែរ។
6ពេល​នោះ លោក​ដាវីឌ​មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង ព្រោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​គិត​គ្នា​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក ដ្បិត​ម្នាក់ៗ​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​ព្រួយ​បារម្ភ​ដល់​កូន​ប្រុស កូន​ស្រី​របស់​ពួក​គេ។ ប៉ុន្តែ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​លោក​ដាវីឌ ប្រទាន​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ 7 លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ជា​កូន​របស់​លោក​អហ៊ី‌ម៉ាឡេក​ថា៖ «សូម​យក​អាវ​អេផូដ*​មក​ឲ្យ​ខ្ញុំ!»។ លោក​អបៀ‌ថើរ​ក៏​ទៅ​យក​អាវ​អេផូដ​មក​ជូន។ 8លោក​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ទូលបង្គំ​ដេញ​តាម​ពួក​ចោរ​នោះ តើ​ទូលបង្គំ​តាម​ទាន់​ឬ​ទេ?»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ដេញ​តាម​ពួក​គេ​ចុះ អ្នក​នឹង​តាម​ទាន់ ព្រម​ទាំង​រំដោះ​អស់​អ្នក​ដែល​គេ​កៀរ​យក​ទៅ​នោះ​បាន​មក​វិញ​ផង»។ 9លោក​ដាវីឌ និង​ទាហាន​ទាំង​ប្រាំ​មួយ​រយ​នាក់​ដែល​នៅ​ជា​មួយ​លោក នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ លុះ​ទៅ​ដល់​ទឹក​ជ្រោះ​បេសោរ ទាហាន​មួយ​ក្រុម​ឈប់​នៅ​ទី​នោះ។ 10លោក​ដាវីឌ និង​ទាហាន​បួន​រយ​នាក់​បន្ត​ដំណើរ​ទៅ​ទៀត ដោយ​ទុក​ទាហាន​ពីរ​រយ​នាក់​ឲ្យ​នៅ​ខាង​ក្រោយ ព្រោះ​ពួក​គេ​ហេវ‌ហត់​ពេក ពុំ​អាច​ឆ្លង​ទឹក​ជ្រោះ​បេសោរ​នោះ​បាន។
11ពួក​គេ​បាន​ប្រទះ​ឃើញ​ជន‌ជាតិ​អេស៊ីប​ម្នាក់ នៅ​ឯ​វាល ហើយ​នាំ​មក​ជូន​លោក​ដាវីឌ។ គេ​យក​នំប៉័ង និង​ទឹក​ឲ្យ​គាត់​បរិភោគ 12ព្រម​ទាំង​ឲ្យ​នំ​ធ្វើ​ពី​ផ្លែ​ឧទុម្ពរ​ក្រៀម និង​ផ្លែ​ទំពាំង‌បាយជូរ​ក្រៀម​ពីរ​កញ្ចប់​មក​គាត់​ដែរ។ ក្រោយ​ពី​បាន​បរិភោគ​រួច​ហើយ គាត់​ក៏​មាន​កម្លាំង​ឡើង​វិញ ដ្បិត​គាត់​អត់​បាយ​អត់​ទឹក​ចំនួន​បី​ថ្ងៃ​បី​យប់​មក​ហើយ។ 13លោក​ដាវីឌ​សួរ​គាត់​ថា៖ «តើ​អ្នក​ជា​កូន​ចៅ​នរណា? ហើយ​មក​ពី​ណា​ដែរ?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​ជា​យុវជន‌ជាតិ​អេស៊ីប និង​ជា​បាវ​បម្រើ​របស់​ជន‌ជាតិ​អាម៉ា‌ឡេក​ម្នាក់។ ម្ចាស់​របស់​ខ្ញុំ​បាទ​បោះ​បង់​ខ្ញុំ​បាទ​ចោល​ចំនួន​បី​ថ្ងៃ​មក​ហើយ ព្រោះ​ខ្ញុំ​បាទ​មាន​ជំងឺ។ 14កាល​ពី​មុន ពួក​យើង​បាន​ទៅ​រាត​ត្បាត​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​របស់​ជន‌ជាតិ​កេរេ‌ធីម ទឹក​ដី​ជន‌ជាតិ​យូដា និង​ខាង​ត្បូង​ស្រុក​កាលែប ហើយ​ដុត​ក្រុង​ស៊ីគ‌ឡាក់​ចោល​ផង»។ 15លោក​ដាវីឌ​សួរ​ទៀត​ថា៖ «តើ​អ្នក​អាច​នាំ​ខ្ញុំ​ទៅ​រក​ពួក​ចោរ​នោះ​បាន​ឬ​ទេ?»។ បុរស​នោះ​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​អាច​នាំ​លោក​ទៅ​រក​ពួក​គេ​បាន តែ​សូម​លោក​មេត្តា​ស្បថ​ក្នុង​នាម​ព្រះ‌ជាម្ចាស់​ថា លោក​មិន​សម្លាប់​ខ្ញុំ​បាទ​ចោល​ទេ ហើយ​ក៏​មិន​ប្រគល់​ខ្ញុំ​បាទ​ទៅ​ឲ្យ​ម្ចាស់​របស់​ខ្ញុំ​បាទ​វិញ​ដែរ»។
លោក​ដាវីឌ​វាយ​ឈ្នះ​កង‌ទ័ព​អាម៉ា‌ឡេក
16បុរស​នោះ​នាំ​លោក​ដាវីឌ​ទៅ​ដល់​ពួក​អាម៉ា‌ឡេក ដែល​ស្នាក់​នៅ​ពាស‌ពេញ​ក្នុង​តំបន់​នោះ ហើយ​កំពុង​តែ​ស៊ី​ផឹក​សប្បាយ ដោយ‌សារ​គេ​រឹប​យក​បាន​ជយ‌ភណ្ឌ​ដ៏​សន្ធឹក​សន្ធាប់ ពី​ស្រុក​ភីលីស្ទីន និង​ស្រុក​យូដា។ 17លោក​ដាវីឌ​វាយ​ប្រហារ​ពួក​នោះ នៅ​ថ្ងៃ​បន្ទាប់ តាំង​ពី​ព្រលឹម​រហូតទល់​ព្រលប់។ គ្មាន​នរណា​ម្នាក់​រត់​រួច​ឡើយ លើក‌លែង​តែ​ពួក​យុវជន​បួន​រយ​នាក់ ដែល​ជិះ​អូដ្ឋ​គេច​ខ្លួន​ចេញ​ទៅ។ 18លោក​ដាវីឌ​រំដោះ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ពួក​អាម៉ា‌ឡេក​ប្លន់​យក​ទៅ ហើយ​លោក​ក៏​រំដោះ​ភរិយា​ទាំង​ពីរ​របស់​លោក​មក​វិញ​ដែរ។ 19លោក​ដាវីឌ​បាន​ដណ្ដើម​យក​អ្វីៗ​ទាំង​អស់​មក​វិញ។ ពួក​លោក​មិន​បាត់​បង់​នរណា​ម្នាក់​សោះ​ឡើយ គឺ​គេ​បាន​នាំ​ក្រុម​គ្រួសារ​របស់​ខ្លួន ទាំង​ក្មេង ទាំង​ចាស់ ទាំង​កូន​ប្រុស ទាំង​កូន​ស្រី ហើយ​ដណ្ដើម​ជយ‌ភណ្ឌ និង​អ្វីៗ​ដែល​ខ្មាំង​សត្រូវ​នាំ​យក​ទៅ​នោះ​មក​វិញ​ដែរ។ 20លោក​ដាវីឌ​រឹប​អូស​យក​បាន​ហ្វូង​ចៀម និង​ហ្វូង​គោ​ទាំង​អស់។ អស់​អ្នក​ដែល​ដឹក​នាំ​ហ្វូង​សត្វ​ទាំង​នោះ​ពោល​ថា៖ «នេះ​ហើយ​ជា​ជយ‌ភណ្ឌ​របស់​លោក​ដាវីឌ»។
21លោក​ដាវីឌ​វិល​មក​ជួប​ទាហាន​ទាំង​ពីរ​រយ​នាក់ ដែល​ហេវ‌ហត់​ខ្លាំង​ពេក មិន​អាច​ទៅ​តាម​លោក ហើយ​ដែល​គេ​បាន​ទុក​ឲ្យ​សម្រាក​នៅ​ក្បែរ​ទឹក​ជ្រោះ​បេ‌សោរ​នោះ។ ពួក​គេ​រត់​មក​ទទួល​លោក​ដាវីឌ និង​អ្នក​ដែល​នៅ​ជា​មួយ​លោក​ផង។ លោក​ដាវីឌ​ចូល​ទៅ​ជិត ហើយ​សួរ​សុខ​ទុក្ខ​ពួក​គេ។ 22នៅ​ក្នុង​ចំណោម​ទាហាន​របស់​លោក​ដាវីឌ មាន​អ្នក​ខ្លះ​មាន​ចិត្ត​អាក្រក់ និង​ចិត្ត​ពាល​នាំ​គ្នា​ពោល​ឡើង​ថា៖ «អ្នក​ទាំង​នេះ​មិន​បាន​ទៅ​ជា​មួយ​ពួក​យើង​ទេ ដូច្នេះ មិន​ត្រូវ​ចែក​ជយ‌ភណ្ឌ​ដែល​ដណ្ដើម​មក​វិញ​ឲ្យ​ពួក​គេ​ទេ គឺ​ប្រគល់​ត្រឹម​តែ​ប្រពន្ធ និង​កូន​របស់​គេ ឲ្យ​គេ​នាំ​ចេញ​ទៅ​វិញ​ប៉ុណ្ណោះ​បាន​ហើយ»។ 23ប៉ុន្តែ លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «បងប្អូន​អើយ មិន​ត្រូវ​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​មក​យើង​នោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​ការពារ​យើង ព្រម​ទាំង​ប្រគល់​ពួក​ចោរ​ដែល​បាន​វាយ​ប្រហារ​យើង មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ដែរ។ 24មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ធ្វើ​តាម​ពាក្យ​របស់​បងប្អូន​ឡើយ ដ្បិត​អ្នក​ទៅ​ច្បាំង​បាន​ទទួល​ប៉ុន​ណា អ្នក​នៅ​ចាំ​អីវ៉ាន់​ក៏​ទទួល​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​ឲ្យ​ដូចៗ​គ្នា»។
25ពាក្យ​លោក​ដាវីឌ​ថ្លែង​នេះ ជា​ច្បាប់ និង​ជា​វិន័យ​មួយ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​អនុវត្ត​តាម ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​រៀង​មក រហូត​ដល់​សព្វ​ថ្ងៃ។
26កាល​មក​ដល់​ក្រុង​ស៊ីគ‌ឡាក់​វិញ លោក​ដាវីឌ​បាន​ផ្ញើ​ចំណែក​ជយ‌ភណ្ឌ​ខ្លះ​ទៅ​ជូន​ពួក​ព្រឹទ្ធា‌ចារ្យ នៅ​ស្រុក​យូដា ដែល​ជា​មិត្ត‌ភក្ដិ​របស់​លោក ដោយ​ផ្ដាំ​ថា៖ «ជំនូន​ដែល​ខ្ញុំ​ផ្ញើ​មក​ជូន​អស់​លោក​នេះ ជា​ចំណែក​ជយ‌ភណ្ឌ​ដែល​យើង​ដណ្ដើម​បាន​ពី​ខ្មាំង​សត្រូវ​របស់​ព្រះ‌អម្ចាស់»។ 27លោក​បាន​ផ្ញើ​ជំនូន​ទាំង​នោះ​ទៅ​ជូន​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៅ​បេត‌អែល ព្រឹទ្ធា‌ចារ្យ​នៅ​រ៉ា‌ម៉ូត ក្នុង​តំបន់​ណេកិប ព្រឹទ្ធា‌ចារ្យ​នៅ​យ៉ា‌ទៀរ 28ព្រឹទ្ធា‌ចារ្យ​នៅ​អារ៉ូ‌អ៊ើរ ព្រឹទ្ធា‌ចារ្យ​នៅ​ស៊ីភ‌ម៉ូត ព្រឹទ្ធា‌ចារ្យ​នៅ​អែល‌ធេម៉ូ 29ព្រឹទ្ធា‌ចារ្យ​នៅ​រ៉ាកាល ព្រឹទ្ធា‌ចារ្យ​នៅ​ភូមិ​របស់​ពួក​យេរ៉ា‌ម្អែល ព្រឹទ្ធា‌ចារ្យ​នៅ​ភូមិ​របស់​ពួក​កែន 30ព្រឹទ្ធា‌ចារ្យ​នៅ​ហោ‌ម៉ា ព្រឹទ្ធា‌ចារ្យ​នៅ​កោរ-‌អាសាន ព្រឹទ្ធា‌ចារ្យ​នៅ​អាថាក 31ព្រឹទ្ធា‌ចារ្យ​ហេប្រូន ព្រម​ទាំង​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៅ​គ្រប់​ទី​កន្លែង​ដែល​លោក និង​ទាហាន​របស់​លោក​ធ្លាប់​ឆ្លង​កាត់។

ទើបបានជ្រើសរើសហើយ៖

១ សាំយូអែល 30: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល