១ ថេស្សាឡូនិក 4
4
របៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់
1បងប្អូនអើយ បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយបានប្រព្រឹត្តតាមទៀតផង។ ដូច្នេះ នៅទីបំផុត យើងសូមអង្វរ និងសូមដាស់តឿនបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូថា សូមឲ្យបងប្អូនបានប្រសើរលើសនេះទៅទៀត!
2បងប្អូនជ្រាបស្រាប់ហើយថា យើងបានទូន្មានបងប្អូនក្នុងព្រះនាមព្រះអម្ចាស់យេស៊ូយ៉ាងណា។ 3ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺឲ្យបងប្អូនបានវិសុទ្ធ* ឲ្យបងប្អូនចៀសវាងអំពើប្រាសចាកសីលធម៌។ 4ម្នាក់ៗត្រូវចេះរួមរស់ជាមួយភរិយា#៤.៤ ពាក្យដើម «ថូរបស់ខ្លួន» ដែលយើងអាចបកប្រែម្យ៉ាងទៀតថា «រូបកាយរបស់ខ្លួន» គឺម្នាក់ៗត្រូវចេះរក្សារូបកាយរបស់ខ្លួន…មានន័យថាចេះទប់ចិត្ត ចេះត្រួតត្រាលើរូបកាយខ្លួនឯង។របស់ខ្លួន ដោយវិសុទ្ធ និងថ្លៃថ្នូរ 5ឥតបណ្ដោយខ្លួនទៅតាមចំណង់តណ្ហា ដូចសាសន៍ដទៃ ដែលមិនស្គាល់ព្រះជាម្ចាស់នោះឡើយ។ 6មិនត្រូវឲ្យបងប្អូនណាម្នាក់ប្រព្រឹត្តអ្វីខុសចំពោះបងប្អូនឯទៀតៗ ឬរំលោភលើសិទ្ធិគេក្នុងរឿងនេះឡើយ ដ្បិតព្រះអម្ចាស់នឹងដាក់ទោសអ្នកប្រព្រឹត្តអំពើទាំងនេះ ដូចយើងបាននិយាយ និងបញ្ជាក់រួចស្រេចហើយ។ 7ព្រះជាម្ចាស់ត្រាស់ហៅយើងមក មិនមែនឲ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឲ្យយើងបានវិសុទ្ធវិញ។ 8ដូច្នេះ អ្នកណាបដិសេធមិនទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនទទួលព្រះជាម្ចាស់ ដែលបានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គមកបងប្អូននោះតែម្ដង។
9រីឯការស្រឡាញ់គ្នាជាបងប្អូនវិញ យើងមិនចាំបាច់សរសេរមកទូន្មានបងប្អូនទេ ដ្បិតបងប្អូនបានរៀនពីព្រះជាម្ចាស់ឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមក 10ដូចបងប្អូនបានស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលស្រាប់ហើយ។ ក៏ប៉ុន្តែ បងប្អូនអើយ យើងសូមដាស់តឿនបងប្អូនថា សូមស្រឡាញ់ឲ្យបានប្រសើរលើសនេះទៅទៀត!។ 11ចូរយកចិត្តទុកដាក់រស់នៅឲ្យបានស្រគត់ស្រគំ គិតតែពីកិច្ចការខ្លួនឯង និងធ្វើការដោយកម្លាំងខ្លួនឯងផ្ទាល់ ដូចយើងបានផ្ដាំផ្ញើបងប្អូនរួចស្រេចហើយ។ 12ធ្វើដូច្នេះ អ្នកដែលមិនមែនជាគ្រិស្តបរិស័ទនឹងគោរពបងប្អូន ហើយបងប្អូនក៏លែងត្រូវការឲ្យគេជួយទៀតផង។
អំពីព្រះអម្ចាស់យាងមក
13បងប្អូនអើយ យើងចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់#៤.១៣ ឃ្លាដើម «បងប្អូនអើយ យើងមិនចង់ឲ្យបងប្អូននៅល្ងង់អំពី…»។ អំពីអស់អ្នកដែលបានស្លាប់#៤.១៣ ពាក្យដើម «អស់អ្នកដែលសម្រាន្ដលក់»។ផុតទៅហើយ ដើម្បីកុំឲ្យបងប្អូនព្រួយចិត្តដូចអ្នកឯទៀតៗ ដែលគ្មានសេចក្ដីសង្ឃឹមនោះឡើយ។ 14ប្រសិនបើយើងជឿថា ព្រះយេស៊ូពិតជាបានសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញមែន យើងក៏ជឿថា ព្រះជាម្ចាស់នឹងនាំបងប្អូនដែលបានស្លាប់ទៅហើយ ឲ្យទៅនៅជាមួយព្រះអង្គ ដោយសារព្រះយេស៊ូដែរ។ 15#១ករ. ១៥.៥១-៥២យើងសូមបញ្ជាក់ប្រាប់បងប្អូន តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ថា យើងដែលមានជីវិតរស់នៅឡើយ នៅពេលព្រះអម្ចាស់យាងមក យើងមិនទៅមុនអ្នកដែលបានស្លាប់នោះទេ 16ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងមហាទេវតា និងសំឡេងត្រែរបស់ព្រះជាម្ចាស់ ព្រះអម្ចាស់ផ្ទាល់ទ្រង់នឹងយាងចុះពីស្ថានបរមសុខមក។ អស់អ្នកជឿលើព្រះគ្រិស្តដែលបានស្លាប់ទៅនោះ នឹងរស់ឡើងវិញជាមុន 17បន្ទាប់មក ទើបព្រះអម្ចាស់លើកយើងដែលនៅរស់នៅឡើយ ឲ្យឡើងទៅក្នុងពពក*ជាមួយបងប្អូនទាំងនោះ ដើម្បីជួបនឹងព្រះអង្គក្នុងអាកាសវេហាស៍ ហើយយើងនឹងស្ថិតនៅជាមួយព្រះអម្ចាស់រហូតតទៅ។ 18ដូច្នេះ សូមបងប្អូនយកពាក្យទាំងនេះមកសម្រាលទុក្ខគ្នាទៅវិញទៅមក។
ទើបបានជ្រើសរើសហើយ៖
១ ថេស្សាឡូនិក 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.