១ ថេស្សាឡូនិក ពាក្យលំនាំ
ពាក្យលំនាំ
ក្រុងថេស្សាឡូនិក: សព្វថ្ងៃ ក្រុងនេះស្ថិតនៅក្នុងប្រទេសក្រិក។ នៅជំនាន់លោកប៉ូល ក្រុងថេស្សាឡូនិកនេះធំណាស់មានប្រជាជនប្រមាណ ៣០០.០០០នាក់។ អ្នកក្រុងជាច្រើនប្រកបរបរពាណិជ្ជកម្មតាមកំពង់ផែ។ មានមនុស្សជាច្រើនសាសន៍ស្នាក់នៅក្រុងនោះ មានជនជាតិយូដាជាដើម។
សាវ័កប៉ូលបានប្រកាសដំណឹងល្អនៅក្រុងថេស្សាឡូនិកក្នុងគ.ស.៥០ (កិច្ចការ ១៧.១-១០)។ លោកបានប្រកាសដំណឹងល្អដល់ជនជាតិយូដាមុនគេ មានអ្នកខ្លះជឿ ហើយអ្នកខ្លះប្រឆាំងនឹងគ្រិស្តបរិស័ទដែលទើបនឹងជឿថ្មីៗ។ ពួកគេបង្ខំលោកប៉ូលឲ្យចាកចេញពីក្រុងនោះ ហើយលោកក៏ធ្វើដំណើរទៅក្រុងអាថែន និងក្រុងកូរិនថូស។ ដោយលោកព្រួយបារម្ភខ្លាចក្រែងគ្រិស្តបរិស័ទនៅក្រុងថេស្សាឡូនិកលះបង់ជំនឿ លោកក៏សរសេរលិខិតមួយច្បាប់ទៅលើកទឹកចិត្តពួកគេនៅគ.ស.៥១។
គោលសំខាន់ៗ:
ក្នុងលិខិតនេះ លោកប៉ូលបានសម្តែងសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះគ្រិស្តបរិស័ទ ដែលលោកចាត់ទុកដូចជាកូនរបស់លោកផ្ទាល់។ លោកដាស់តឿនគេឲ្យកាន់តាមការប្រៀនប្រដៅរបស់លោកយ៉ាងខ្ជាប់ខ្ជួន ទោះបីពួកគេជួបប្រទះឧបសគ្គយ៉ាងណាក៏ដោយ។
នៅសម័យនោះ គ្រិស្តបរិស័ទជាច្រើនស្មានថា ព្រះគ្រិស្តត្រូវយាងមកវិញក្នុងពេលឆាប់ៗ។ មានអ្នកខ្លះព្រួយបារម្ភ ខ្លាចក្រែងស្លាប់ មុនពេលឃើញព្រះយេស៊ូយាងត្រឡប់មកវិញ។ ដូច្នេះ លោកប៉ូលប្រៀនប្រដៅគេថា ទោះបីពួកគេស្លាប់ហួសហើយក៏ដោយ ក៏ព្រះគ្រិស្តនឹងប្រោសគេឲ្យរស់ឡើងវិញ ព្រមទាំងប្រទានឲ្យគេមានសិរីរុងរឿងរួមជាមួយព្រះអង្គដែរ (១ ថេស្សាឡូនិក ៤.១៣-៥.១១)។ ប៉ុន្តែ មានគ្រិស្តបរិស័ទខ្លះទៀតយល់ច្រឡំ ហើយមិនយកចិត្តទុកដាក់នឹងការរស់នៅក្នុងពិភពលោកនេះទេ ដោយសំអាងថាព្រះគ្រិស្តជិតយាងមកវិញ ឬយាងមកវិញរួចស្រេចហើយ (២ ថេស្សាឡូនិក ២.១-២)។ ដូច្នេះ លោកប៉ូល (ឬកូនចៅរបស់លោកមួយរូប) បានតែងលិខិតមួយទៀត (ថេស្សាឡូនិកទី២) ដើម្បីប្រៀនប្រដៅពួកគេឲ្យរស់នៅយ៉ាងសមរម្យ ស្រគត់ស្រគំ ទម្រាំដល់ព្រះគ្រិស្តយាងមក។
គម្រោងគម្ពីរថេស្សាឡូនិកៈ
១ថេស្សាឡូនិកៈ
• សេចក្ដីផ្ដើម ១.១
• ពាក្យអរព្រះគុណ និងពាក្យសរសើរ ១.២-៣.១៣
• ពាក្យដាស់តឿនអំពីរបៀបរស់នៅស្របតាមជំនឿ ៤.១-១២
• ការបង្រៀនស្ដីអំពីព្រះអម្ចាស់យាងមកវិញ ៤.១៣-៥.១១
• ពាក្យទូន្មានផ្សេងៗ ៥.១២-២២
• អវសានកថា ៥.២៣-២៨
២ថេស្សាឡូនិកៈ
• សេចក្ដីផ្ដើម ១.១-២
• ពាក្យសរសើរ និងពាក្យទូន្មានផ្សេងៗ ១.៣-១២
• ការបង្រៀនស្ដីអំពីព្រះអម្ចាស់យាងមកវិញ ២.១-១៧
• ពាក្យដាស់តឿនអំពីរបៀបរស់នៅរបស់គ្រិស្តបរិស័ទ ៣.១-១៥
• អវសានកថា ៣.១៦-១៨
ទើបបានជ្រើសរើសហើយ៖
១ ថេស្សាឡូនិក ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.