១ ធីម៉ូថេ 3
3
គុណសម្បត្តិរបស់អ្នកដឹកនាំក្រុមជំនុំ
1ពាក្យនេះគួរឲ្យជឿ គឺថា ប្រសិនបើបងប្អូនណាម្នាក់ចង់បានមុខងារជាអភិបាល គាត់មានបំណងបំពេញមុខងារដ៏ប្រសើរហើយ។ 2 អ្នកអភិបាលត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ ត្រូវមានភរិយាតែមួយប៉ុណ្ណោះ មិនស្រវឹងស្រា មានចិត្តធ្ងន់ មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន 3មិនចំណូលស្រា មិនចេះឈ្លោះប្រកែក គឺមានចិត្តសប្បុរស មិនចេះរករឿង មិនស្រឡាញ់ប្រាក់ឡើយ។ 4គាត់ត្រូវចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់គាត់ផ្ទាល់ ព្រមទាំងឲ្យកូនចៅរបស់គាត់ចេះស្ដាប់បង្គាប់ និងមានកិរិយាថ្លៃថ្នូរទាំងស្រុង 5ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធ្វើម្ដេចនឹងឲ្យគាត់មើលខុសត្រូវលើក្រុមជំនុំ*របស់ព្រះជាម្ចាស់កើត!។ 6មិនត្រូវឲ្យអ្នកដែលទើបនឹងជឿធ្វើជាអភិបាលឡើយ ក្រែងលោគាត់អួតបំប៉ោង ហើយទៅជាមានទោសដូចមារ*។ 7មួយវិញទៀត អ្នកអភិបាលត្រូវតែមានកេរ្តិ៍ឈ្មោះល្អពីសំណាក់អស់អ្នក ដែលមិនមែនជាគ្រិស្តបរិស័ទផងដែរ ក្រែងគេប្រមាថមើលងាយ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់មារ។
គុណសម្បត្តិអ្នកជំនួយ
8រីឯអ្នកជំនួយ*វិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ និយាយពាក្យសច្ចៈ មិនចំណូលស្រាជ្រុល មិនរកប្រាក់តាមរបៀបថោកទាប។ 9គាត់ត្រូវកាន់តាមជំនឿ ដែលព្រះជាម្ចាស់បានសម្តែងឲ្យស្គាល់ ដោយមនសិការបរិសុទ្ធ។ 10ត្រូវល្បងមើលចិត្តគេជាមុនសិន ប្រសិនបើមិនឃើញមានទាស់ត្រង់ណាទេនោះ ទុកឲ្យគេបំពេញមុខងារជាអ្នកជំនួយទៅចុះ។
11ចំពោះស្ត្រីៗវិញ ក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ មិនចេះនិយាយដើមគេ មិនស្រវឹងស្រា និងមានចិត្តស្មោះត្រង់ក្នុងគ្រប់កិច្ចការទាំងអស់។
12អ្នកជំនួយត្រូវមានភរិយាតែមួយប៉ុណ្ណោះ ហើយចេះមើលខុសត្រូវកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនឯងផ្ទាល់ផង 13ដ្បិតបងប្អូនណាបំពេញមុខងារជាអ្នកជំនួយបានល្អ នឹងបានទទួលកិត្តិយស ព្រមទាំងមានចិត្តអង់អាចមោះមុត ដោយអាងលើជំនឿក្នុងអង្គព្រះគ្រិស្តយេស៊ូ។
គម្រោងការដ៏លាក់កំបាំង
14ខ្ញុំសរសេរសំបុត្រនេះ ទាំងសង្ឃឹមថានឹងបានមកជួបអ្នកក្នុងពេលឆាប់ៗ 15ក៏ប៉ុន្តែ បើខ្ញុំក្រមកដល់ សំបុត្រនេះនឹងជួយអ្នកឲ្យដឹងថា ត្រូវប្រព្រឹត្តយ៉ាងណាខ្លះ ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺក្នុងក្រុមជំនុំ*របស់ព្រះដ៏មានព្រះជន្មរស់។ ក្រុមជំនុំនេះជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។ 16យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះធំណាស់ គឺថា:
ព្រះជាម្ចាស់បានបង្ហាញឲ្យយើង
ស្គាល់ព្រះគ្រិស្តក្នុងឋានៈជាមនុស្ស
ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យសុចរិត
ដោយព្រះវិញ្ញាណ
ពួកទេវតាបានឃើញព្រះអង្គ
គេប្រកាសអំពីព្រះអង្គ
នៅក្នុងចំណោមជាតិសាសន៍នានា
គេបានជឿលើព្រះគ្រិស្ត
ព្រះជាម្ចាស់បានលើកព្រះអង្គឡើង
ឲ្យមានសិរីរុងរឿង។
ទើបបានជ្រើសរើសហើយ៖
១ ធីម៉ូថេ 3: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.