២ របាក្សត្រ 10
10
ប្រវត្តិសាស្ត្រនៃរាជាណាចក្រយូដា ចាប់ពីគ្រាបែងចែកស្រុក រហូតដល់គ្រាស្ដេចស្រុកបាប៊ីឡូនកៀរប្រជាជនទៅជាឈ្លើយ
ប្រជាជនជួបជុំគ្នានៅស៊ីគែម
(១ ពង្សាវតារក្សត្រ ១២.១-១៥)
1សម្ដេចរេហូបោមយាងទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រាអែលទាំងមូលបានជួបជុំគ្នានៅទីនោះ ដើម្បីអភិសេកសម្ដេចជាព្រះមហាក្សត្រ។ 2កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅស្រុកអេស៊ីប ព្រោះលោកបានគេចខ្លួនពីព្រះបាទសាឡូម៉ូន។ លោកក៏វិលត្រឡប់ពីស្រុកអេស៊ីបមកវិញ។ 3ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូបោមមកដែរ។ លោកយេរ៉ូបោម និងជនជាតិអ៊ីស្រាអែលទាំងមូលមកជួបជុំគ្នា ពួកគេទូលព្រះបាទរេហូបោមថា៖ 4«បិតារបស់ព្រះករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះករុណាមេត្តាសម្រាលនឹមដ៏ធ្ងន់ ដែលបិតារបស់ព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើព្រះករុណា»។ 5ព្រះរាជាមានរាជឱង្ការថា៖ «ចូរត្រឡប់ទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។
6ព្រះបាទរេហូបោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ ដែលជាទីប្រឹក្សារបស់ព្រះបាទសាឡូម៉ូន ជាបិតា ក្នុងគ្រាដែលស្ដេចនៅមានព្រះជន្មនៅឡើយ ដោយសួរថា៖ «តាមយោបល់របស់អស់លោក តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចចំពោះប្រជាជននេះ?»។ 7អស់លោកព្រឹទ្ធាចារ្យទូលវិញថា៖ «ប្រសិនបើព្រះករុណាមានព្រះហឫទ័យសប្បុរសចំពោះប្រជាជននេះ ប្រសិនបើព្រះករុណាសន្ដោសមេត្តាដល់ពួកគេ ហើយមានព្រះបន្ទូលទៅពួកគេដោយទន់ភ្លន់ នោះពួកគេនឹងបម្រើព្រះករុណារហូតតទៅ»។ 8ប៉ុន្តែ ព្រះបាទរេហូបោមមិនរវីរវល់នឹងយោបល់របស់អស់លោកព្រឹទ្ធាចារ្យទេ ទ្រង់បែរជាសួរយោបល់ពីពួកមន្ត្រីជំនិត ដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក។ 9ស្ដេចមានរាជឱង្ការទៅពួកគេថា៖ «ប្រជាជនសុំឲ្យយើងសម្រាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ណា? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយនឹងប្រជាជននេះយ៉ាងដូចម្ដេច?»។ 10មន្ត្រីជំនិតដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក ទូលស្ដេចថា៖ «សូមព្រះករុណាប្រាប់ប្រជាជន ដែលមកសុំឲ្យព្រះករុណាសម្រាលនឹមបិតារបស់ព្រះករុណានោះវិញថា “កូនដៃរបស់យើងមានកម្លាំងជាងដៃ របស់បិតាយើងទៅទៀត។ 11បិតារបស់យើងបានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតាយើងប្រដៅអ្នករាល់គ្នាដោយប្រើរំពាត់ រីឯយើង យើងនឹងប្រដៅអ្នករាល់គ្នាដោយប្រើខ្យាដំរី”»។
12លុះដល់ថ្ងៃទីបី លោកយេរ៉ូបោម និងប្រជាជនទាំងមូលចូលមកគាល់ព្រះបាទរេហូបោម តាមពេលដែលស្ដេចបានកំណត់ថា៖ «ចាំបីថ្ងៃទៀត សឹមវិលត្រឡប់មកជួបយើងវិញ»។ 13ព្រះបាទរេហូបោមមានរាជឱង្ការទៅកាន់ពួកគេយ៉ាងតឹងរ៉ឹង គឺស្ដេចមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ។ 14ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជន តាមយោបល់របស់មន្ត្រីក្មេងៗថា៖ «បិតាយើងបានផ្ទុកនឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា រីឯយើងវិញ យើងនឹងធ្វើឲ្យនឹមនេះរឹតតែធ្ងន់ថែមទៀត។ បិតារបស់យើងប្រដៅអ្នករាល់គ្នា ដោយប្រើរំពាត់ រីឯយើង យើងនឹងប្រដៅអ្នករាល់គ្នា ដោយប្រើខ្យាដំរី»។ 15ស្ដេចមិនព្រមស្ដាប់តាមសំណូមពររបស់ប្រជាជនទេ ដ្បិតព្រះអម្ចាស់បណ្ដោយឲ្យមានសភាពការណ៍ប្រែប្រួលដូច្នេះ ស្របតាមព្រះបន្ទូលដែលព្រះអង្គថ្លែងមកកាន់លោកយេរ៉ូបោម ជាកូនរបស់លោកនេបាត តាមរយៈព្យាការីអហ៊ីយ៉ានៅស៊ីឡូ ។
អាណាចក្រអ៊ីស្រាអែលបែកជាពីរ ព្រះបាទរេហូបោមសោយរាជ្យលើស្រុកយូដា
(១ ពង្សាវតារក្សត្រ ១២.១៦-២៥)
16 ពេលប្រជាជនអ៊ីស្រាអែលទាំងមូលឃើញថា ស្ដេចពុំព្រមស្ដាប់តាមសំណូមពររបស់ខ្លួនទេ ពួកគេក៏ទូលស្ដេចថា៖
«ពួកយើងគ្មានជាប់ជំពាក់អ្វី
នឹងព្រះបាទដាវីឌទៀតទេ
ពួកយើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយ
កូនរបស់លោកអ៊ីសាយដែរ!
ប្រជាជនអ៊ីស្រាអែលអើយ
ចូរវិលត្រឡប់ទៅទីលំនៅរៀងខ្លួនៗវិញចុះ។
រាជវង្សរបស់ព្រះបាទដាវីឌអើយ
ឥឡូវនេះ សូមបីបាច់ថែរក្សាខ្លួនឯងទៅ!»។
ប្រជាជនអ៊ីស្រាអែលនាំគ្នាវិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្លួនវិញ។
17ព្រះបាទរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងទាំងឡាយក្នុងស្រុកយូដា។ 18ព្រះបាទរេហូបោមចាត់លោកអដូរ៉ាម ជាអ្នកទទួលខុសត្រូវលើកំណែន ឲ្យទៅជួបកុលសម្ព័ន្ធអ៊ីស្រាអែលឯទៀតៗ តែពួកគេបានគប់ដុំថ្មសម្លាប់លោក។ ព្រះបាទរេហូបោមឡើងរាជរថស្ទើរតែមិនរួច ហើយទ្រង់ភៀសខ្លួនចូលក្រុងយេរូសាឡឹមវិញ។ 19គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រាអែលបះបោរប្រឆាំងនឹងរាជវង្សព្រះបាទដាវីឌ រហូតដល់សព្វថ្ងៃ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 10: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.