ដ្បិតគ្រឿងសស្ត្រាវុធដែលយើងប្រើ មិនមែនជាអាវុធខាងលោកីយ៍ទេ គឺជាអាវុធដ៏មានឫទ្ធានុភាពមកពីព្រះជាម្ចាស់ ដែលអាចរំលំកំពែងបន្ទាយនានា ។ យើងរំលំការរិះគិត និងគំនិតឆ្មើងកន្ទ្រើងទាំងប៉ុន្មាន ដែលរារាំងមិនឲ្យស្គាល់ព្រះជាម្ចាស់។ យើងកៀរប្រមូលចិត្តគំនិតឲ្យមកស្ដាប់បង្គាប់ព្រះគ្រិស្តវិញ។ នៅពេលណាបងប្អូនស្ដាប់បង្គាប់ទាំងស្រុងហើយនោះ យើងក៏ប្រុងប្រៀបខ្លួនដាក់ទោសអស់អ្នកដែលមិនស្ដាប់បង្គាប់ដែរ។ សុំបងប្អូនពិចារណាឲ្យបានច្បាស់លាស់! ប្រសិនបើនរណាម្នាក់ជឿជាក់ថា ខ្លួនជាកូនចៅរបស់ព្រះគ្រិស្ត អ្នកនោះតោងគិតឲ្យច្បាស់ថា បើខ្លួនជាកូនចៅរបស់ព្រះគ្រិស្ត យើងក៏ជាកូនចៅរបស់ព្រះអង្គដូចគាត់ដែរ។ ព្រះអម្ចាស់ប្រទានអំណាចឲ្យយើង ដើម្បីកសាងបងប្អូន មិនមែនដើម្បីបំផ្លាញបងប្អូនទេ។ ទោះបីខ្ញុំបាននិយាយអួតខ្លួនជ្រុលបន្តិចអំពីអំណាចនោះ ក៏ខ្ញុំមិនអៀនខ្មាសដែរ។ ខ្ញុំមិនចង់ឲ្យបងប្អូនស្មានថា ខ្ញុំមានបំណងបំភ័យបងប្អូនតាមសំបុត្រទាំងនេះឡើយ ដ្បិតមានគេថា «ពាក្យក្នុងសំបុត្ររបស់ប៉ូលធ្ងន់ៗណាស់ ហើយក៏តឹងរ៉ឹងផង តែពេលគាត់នៅទីនេះ គាត់មិនហ៊ានធ្វើអ្វីនរណាទេ ហើយក៏គ្មានវោហារអ្វីដែរ »។ អ្នកដែលនិយាយដូច្នេះត្រូវគិតថា ពេលយើងមិននៅ យើងនិយាយបែបណា ពេលយើងនៅជាមួយ យើងក៏នឹងប្រព្រឹត្តបែបនោះដែរ។ យើងមិនហ៊ានលើកខ្លួនឲ្យស្មើនឹងអ្នកខ្លះដែលតែងតាំងខ្លួនឯង ឬក៏ប្រៀបផ្ទឹមខ្លួនយើងទៅនឹងគេនោះឡើយ។ អ្នកទាំងនោះបានលើកខ្លួនតាំងជារង្វាស់សម្រាប់វាស់ខ្លួនឯង ហើយប្រៀបផ្ទឹមខ្លួនឯងទៅនឹងខ្លួនឯង! គេគ្មានប្រាជ្ញាទាល់តែសោះ! រីឯយើងវិញ យើងមិនអួតខ្លួនហួសកម្រិតទេ គឺយើងធ្វើតាមកម្រិតនៃព្រំដែនដែលព្រះជាម្ចាស់បានកំណត់ទុក ដោយប្រទានឲ្យយើងបានមកដល់ស្រុកបងប្អូននេះ។ បងប្អូនស្ថិតនៅក្នុងព្រំដែន ដែលព្រះជាម្ចាស់បានកំណត់ទុកឲ្យយើង ដូច្នេះ នៅពេលយើងបានមកដល់ទីនេះមុនគេ ដើម្បីនាំដំណឹងល្អរបស់ព្រះគ្រិស្ត យើងមិនធ្វើអ្វីហួសកំណត់ព្រំដែននេះទេ។ យើងមិនអួតខ្លួនហួសកម្រិត គឺមិនអួតអំពីកិច្ចការដែលអ្នកដទៃបានធ្វើនោះឡើយ។ យើងសង្ឃឹមថា ជំនឿរបស់បងប្អូននឹងចម្រើនឡើង ហើយយើងអាចនឹងបំពេញកិច្ចការកាន់តែប្រសើរឡើងថែមទៀតក្នុងចំណោមបងប្អូន តាមព្រំដែនដែលព្រះជាម្ចាស់បានកំណត់ទុកឲ្យយើង។ បន្ទាប់មក យើងនឹងផ្សព្វផ្សាយដំណឹងល្អនៅតាមតំបន់នានា នៅខាងនាយស្រុកបងប្អូន ដោយមិនអួតខ្លួនអំពីកិច្ចការ ដែលអ្នកដទៃបានធ្វើរួចស្រេចមកហើយក្នុងតំបន់របស់គេឡើយ។ អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលព្រះអម្ចាស់បានធ្វើ ។ អ្នកដែលគួរឲ្យគេទុកចិត្ត មិនមែនអ្នកដែលតែងតាំងខ្លួនឯងទេ គឺអ្នកដែលព្រះអម្ចាស់តែងតាំងនោះវិញ។
អាន ២ កូរិនថូស 10
ស្ដាប់នូវ ២ កូរិនថូស 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ កូរិនថូស 10:4-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ