២ កូរិនថូស 9
9
ជំនួយផ្ញើទៅជូនបងប្អូន
1ចំពោះរឿងផ្ញើជំនួយទៅជូនប្រជាជនដ៏វិសុទ្ធ នោះ មិនបាច់ឲ្យខ្ញុំសរសេរជម្រាបបងប្អូនទេ 2ខ្ញុំស្គាល់ឆន្ទៈល្អរបស់បងប្អូនស្រាប់ហើយ ហើយខ្ញុំក៏បាននិយាយសរសើរពីបងប្អូនប្រាប់អ្នកស្រុកម៉ាសេដូនថា «បងប្អូននៅស្រុកអាខៃបានរៀបចំខ្លួនជាស្រេច តាំងពីឆ្នាំទៅម៉្លេះ»។ ចិត្តខ្នះខ្នែងរបស់បងប្អូនបានជំរុញអ្នកឯទៀតជាច្រើន ឲ្យមានចិត្តស្ទុះស្ទាឡើង។ 3ខ្ញុំបានចាត់ពួកបងប្អូនខ្លះមក ដើម្បីឲ្យឃើញថា ពាក្យដែលយើងនិយាយសរសើរពីបងប្អូនត្រង់ចំណុចនេះ មិនមែនខុសទេ គឺបងប្អូនពិតជារៀបចំខ្លួនជាស្រេចដូចខ្ញុំនិយាយមែន។ 4ប្រសិនបើបងប្អូននៅស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញថាបងប្អូនមិនទាន់រៀបចំខ្លួនទេនោះ មិនត្រឹមតែយើងប៉ុណ្ណោះទេដែលត្រូវអាម៉ាស់មុខ បងប្អូនក៏នឹងត្រូវអាម៉ាស់មុខដែរ មកពីយើងទុកចិត្តលើបងប្អូនខ្លាំងពេក។ 5ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំឲ្យបងប្អូននៅទីនោះធ្វើដំណើរមករកបងប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបងប្អូនសន្យានោះឲ្យបានរួចរាល់។ ការនេះសឲ្យឃើញថា បងប្អូនបានចូលប្រាក់ដោយចិត្តទូលាយ មិនមែនដោយចង្អៀតចង្អល់ទេ។
6សូមចងចាំថា អ្នកណាព្រោះតិច អ្នកនោះក៏ច្រូតបានផលតិចដែរ រីឯអ្នកដែលព្រោះច្រើនបរិបូណ៌ ក៏ច្រូតបានផលច្រើនបរិបូណ៌ដែរ។ 7ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសម្រេចចិត្ត ដោយមិននឹកស្ដាយ ឬទើសទ័លឡើយ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្នកណាដែលធ្វើអំណោយដោយចិត្តរីករាយ។ 8ព្រះអង្គអាចនឹងប្រទានពរដ៏ហូរហៀរគ្រប់យ៉ាងដល់បងប្អូន ដើម្បីឲ្យបងប្អូនមានអ្វីៗទាំងអស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់បរិបូណ៌សម្រាប់ចែកទានផង 9 ដូចមានចែងទុកមកថា:
«ព្រះអង្គចែក ព្រះអង្គប្រទានឲ្យអ្នកក្រ
សេចក្ដីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេរ
រហូតតរៀងទៅ»។
10 ព្រះអង្គដែល«ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និងប្រទានចំណីអាហារឲ្យគេផងនោះ» ព្រះអង្គក៏ផ្គត់ផ្គង់គ្រាប់ពូជឲ្យបងប្អូន និងឲ្យគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយព្រះអង្គនឹងធ្វើឲ្យសេចក្ដីសុចរិតរបស់បងប្អូនបង្កើតផលបានច្រើនឡើងថែមទៀត។ 11ព្រះអង្គនឹងធ្វើឲ្យបងប្អូនទៅជាអ្នកមានគ្រប់វិស័យទាំងអស់ ដើម្បីឲ្យបងប្អូនមានចិត្តសទ្ធាជ្រះថ្លាគ្រប់ជំពូក និងឲ្យអ្នកឯទៀតៗអរព្រះគុណព្រះជាម្ចាស់ ដោយយើងជួយគេ 12ដ្បិតមុខងារប្រមូលប្រាក់នេះមិនត្រឹមតែជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេឲ្យអរព្រះគុណព្រះជាម្ចាស់កាន់តែច្រើនឡើងទៀតផង។ 13ពេលគេយល់តម្លៃនៃកិច្ចការដែលបងប្អូនធ្វើនេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះបងប្អូនសម្តែងឲ្យគេឃើញថា បងប្អូនពិតជាប្រតិបត្តិតាមដំណឹងល្អ*របស់ព្រះគ្រិស្តដែលបងប្អូនប្រកាស ហើយបងប្អូនមានចិត្តទូលាយ ដោយយករបស់របរមកចែកជាមួយពួកគេ និងជាមួយមនុស្សទាំងអស់។ 14គេទូលអង្វរព្រះជាម្ចាស់ឲ្យបងប្អូនដោយចិត្តស្រឡាញ់ ព្រោះតែព្រះគុណដ៏ច្រើនលើសលុបដែលព្រះជាម្ចាស់ប្រទានមកបងប្អូន។ 15សូមអរព្រះគុណព្រះជាម្ចាស់ចំពោះព្រះអំណោយទានដ៏ប្រសើរបំផុតរបស់ព្រះអង្គ រកថ្លែងពុំបាន។
ទើបបានជ្រើសរើសហើយ៖
២ កូរិនថូស 9: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.