កិច្ចការ 18
18
លោកប៉ូលនៅក្រុងកូរិនថូស
1ក្រោយមក លោកប៉ូលបានចាកចេញពីក្រុងអាថែន ធ្វើដំណើរឆ្ពោះទៅក្រុងកូរិនថូស។ 2នៅក្រុងនោះ លោកបានជួបជនជាតិយូដាម្នាក់ ឈ្មោះអគីឡា ជាអ្នកស្រុកប៉ុនតុស។ លោកអគីឡា និងនាងព្រីស៊ីលជាភរិយា ទើបនឹងមកពីស្រុកអ៊ីតាលី ព្រោះព្រះចៅអធិរាជក្លូឌាសបានចេញបញ្ជាឲ្យជនជាតិយូដាទាំងអស់ ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលទៅទាក់ទងនឹងអ្នកទាំងពីរ 3ហើយស្នាក់នៅ និងធ្វើការជាមួយគេ ព្រោះលោកមានមុខរបរដូចគ្នា គឺត្បាញក្រណាត់សម្រាប់បោះជំរំ។ 4រៀងរាល់ថ្ងៃសប្ប័ទ* លោកតែងតែមានប្រសាសន៍ក្នុងសាលាប្រជុំ* និងខិតខំណែនាំទាំងសាសន៍យូដា ទាំងសាសន៍ក្រិកឲ្យជឿ។
5កាលលោកស៊ីឡាស និងលោកធីម៉ូថេ ធ្វើដំណើរពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ចំណាយពេលទាំងអស់របស់លោក ដើម្បីប្រកាសព្រះបន្ទូល។ លោកបានបញ្ជាក់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូពិតជាព្រះគ្រិស្ត។ 6ប៉ុន្តែ ដោយសាសន៍យូដាចេះតែប្រឆាំងនឹងលោក ហើយជេរប្រមាថលោកទៀតផងនោះ លោកក៏រលាស់ធូលីដីពីអាវរបស់លោក ទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេ ចាប់ពីពេលនេះ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។ 7លោកក៏ចាកចេញពីទីនោះឆ្ពោះទៅផ្ទះបុរសម្នាក់ឈ្មោះ យូស្ទូស ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយផ្ទះគាត់នៅជាប់នឹងសាលាប្រជុំ*។ 8រីឯលោកគ្រីសប៉ុស ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ និងក្រុមគ្រួសាររបស់លោកវិញ ក៏ជឿលើព្រះអម្ចាស់ដែរ។ មានអ្នកក្រុងកូរិនថូសជាច្រើនទៀតបានស្ដាប់លោកប៉ូល ហើយជឿ ព្រមទាំងទទួលពិធីជ្រមុជទឹក*ផង។
9យប់មួយ លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «កុំខ្លាចអី ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ 10ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ ពុំមាននរណាអាចធ្វើបាបអ្នកបានទេ ព្រោះនៅក្រុងនេះ មានមនុស្សជាច្រើនជាប្រជារាស្ត្ររបស់យើង»។ 11លោកប៉ូលស្នាក់នៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នាំប្រាំមួយខែ លោកបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នកក្រុងនោះ។
12នៅគ្រាដែលលោកកាលីយ៉ូកាន់តំណែងជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង នៅស្រុកអាខៃ សាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំលោកយកទៅសាលាកាត់ក្ដី 13ទាំងចោទថា៖ «ជននេះបញ្ចុះបញ្ចូលមនុស្សម្នាឲ្យគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមរបៀបមួយខុសច្បាប់»។ 14ពេលលោកប៉ូលបម្រុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «ជនជាតិយូដាអើយ ប្រសិនបើរឿងនេះទាក់ទងនឹងបទឧក្រិដ្ឋ ឬបទល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្តស្ដាប់អ្នករាល់គ្នាមិនខាន។ 15ប៉ុន្តែ បើជារឿងជជែកវែកញែកស្ដីអំពីពាក្យពេចន៍ អំពីឈ្មោះ ឬអំពីធម៌វិន័យ*របស់អ្នករាល់គ្នាទេនោះ ចូរដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនព្រមកាត់ក្ដីឲ្យអ្នករាល់គ្នាអំពីរឿងនេះឡើយ»។ 16លោកក៏ដេញពួកគេចេញពីសាលាកាត់ក្ដី។ 17ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្តែន ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ* មកវាយនៅមុខសាលាកាត់ក្ដី តែលោកកាលីយ៉ូមិនអើពើទេ។
លោកប៉ូលវិលត្រឡប់ទៅក្រុងអន់ទីយ៉ូកវិញ
18 លោកប៉ូលបានស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃ។ ក្រោយមក លោកក៏ជម្រាបលាពួកបងប្អូន ចុះសំពៅឆ្ពោះទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីល និងលោកអគីឡា ជូនដំណើរទៅជាមួយដែរ។ លោកបានកោរសក់លាបំណន់ នៅកំពង់ផែកេងគ្រា។
19លុះមកដល់ក្រុងអេភេសូ លោកប៉ូលក៏ជម្រាបលានាងព្រីស៊ីល និងលោកអគីឡា។ លោកបានចូលទៅសាលាប្រជុំ* ហើយសន្ទនាជាមួយសាសន៍យូដា។ 20ពួកគេបានអង្វរសុំឲ្យលោកស្នាក់នៅទីនោះមួយរយៈ 21តែលោកពុំព្រមនៅទេ លោកជម្រាបលាគេ ទាំងពោលថា៖ «ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងវិលមករកបងប្អូនវិញ» រួចលោកចុះសំពៅចេញពីក្រុងអេភេសូទៅ។ 22លុះធ្វើដំណើរមកដល់ក្រុងសេសារា លោកបានឡើងទៅសួរសុខទុក្ខក្រុមជំនុំ* បន្ទាប់មក លោកបន្តដំណើរទៅដល់ក្រុងអន់ទីយ៉ូក។
លោកអប៉ូឡូសនៅក្រុងអេភេសូ និងក្រុងកូរិនថូស
23ក្រោយពីបានស្នាក់នៅក្រុងអន់ទីយ៉ូកយូរបន្តិចមក លោកក៏ចេញដំណើរទៅសាជាថ្មី ដោយឆ្លងកាត់ស្រុកកាឡាទី និងស្រុកព្រីគា ទាំងពង្រឹងជំនឿពួកសិស្ស*ទាំងអស់ផង។
24មានជនជាតិយូដាម្នាក់ ឈ្មោះអប៉ូឡូស ជាអ្នកស្រុកអលេក្សានទ្រា បានមកនៅក្រុងអេភេសូ គាត់ជាមនុស្សមានវោហារ ហើយស្គាល់គម្ពីរយ៉ាងល្អិតល្អន់។ 25គាត់បានទទួលការអប់រំអំពីមាគ៌ារបស់ព្រះអម្ចាស់ និងមានចិត្តឧស្សាហ៍មោះមុត គាត់ប្រកាសព្រះបន្ទូល ហើយប៉ិនប្រសប់បង្រៀនគេយ៉ាងច្បាស់លាស់អំពីព្រះយេស៊ូផង។ ប៉ុន្តែ គាត់បានដឹងត្រឹមតែពិធីជ្រមុជទឹក*របស់លោកយ៉ូហានប៉ុណ្ណោះ។ 26គាត់បានបង្រៀនគេក្នុងសាលាប្រជុំ* ដោយចិត្តអង់អាច។ កាលនាងព្រីស៊ីល និងលោកអគីឡា បានឮគាត់បង្រៀនដូច្នេះ ក៏អញ្ជើញគាត់ទៅជាមួយ ព្រមទាំងពន្យល់គាត់ឲ្យរឹតតែស្គាល់មាគ៌ារបស់ព្រះជាម្ចាស់ថែមទៀត។ 27បន្ទាប់មក ដោយលោកអប៉ូឡូសមានបំណងធ្វើដំណើរទៅកាន់ស្រុកអាខៃ ពួកបងប្អូនក៏នាំគ្នាលើកទឹកចិត្តគាត់ឲ្យទៅ ថែមទាំងសរសេរសំបុត្រទៅជម្រាបពួកសិស្ស*នៅស្រុកនោះ ឲ្យទទួលគាត់ដោយរាក់ទាក់ផង។ លុះទៅដល់ គាត់បានខ្នះខ្នែងជួយអស់អ្នកនៅទីនោះដែលបានទទួលជឿ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់។ 28ដ្បិតគាត់ចេះផ្ចាញ់សាសន៍យូដានៅមុខប្រជុំជនទាំងអស់ និងវែកញែកគម្ពីរ បញ្ជាក់ប្រាប់គេថាព្រះយេស៊ូពិតជាព្រះគ្រិស្ត*មែន។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 18: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.