កិច្ចការ 8
8
1លោកសូលបានយល់ស្របនឹងការសម្លាប់លោកស្ទេផានដែរ។
លោកសូលបៀតបៀនពួកសិស្ស
នៅថ្ងៃនោះ ក្រុមជំនុំ*នៅក្រុងយេរូសាឡឹមត្រូវគេបៀតបៀនជាខ្លាំង។ អ្នកជឿទាំងប៉ុន្មានលើកលែងតែក្រុមសាវ័កចេញ បានបែកខ្ញែកគ្នាពាសពេញស្រុកយូដា និងស្រុកសាម៉ារី។ 2អស់អ្នកដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ បាននាំគ្នាបញ្ចុះសពលោកស្ទេផាន និងយំសោកយ៉ាងខ្លាំងទៀតផង។
3 រីឯលោកសូលវិញ លោកខំប្រឹងរំលាយក្រុមជំនុំ ដោយចូលពីផ្ទះមួយទៅផ្ទះមួយ ចាប់ពួកអ្នកជឿទាំងប្រុសទាំងស្រីយកទៅឃុំឃាំង។
លោកភីលីពប្រកាសដំណឹងល្អនៅស្រុកសាម៉ារី
4ពួកសិស្ស*ដែលបែកខ្ញែកគ្នានោះ បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ទាំងផ្សព្វផ្សាយដំណឹងល្អ*អំពីព្រះបន្ទូល។ 5លោកភីលីពបានធ្វើដំណើរទៅក្រុងមួយនៅស្រុកសាម៉ារី ហើយប្រកាសប្រាប់អ្នកក្រុងអំពីព្រះគ្រិស្ត* ។ 6មហាជនរួមចិត្តគំនិតគ្នាពេញចិត្តនឹងពាក្យសម្ដីរបស់លោកភីលីព ព្រោះគេបានឮលោកមានប្រសាសន៍ និងបានឃើញទីសម្គាល់ដ៏អស្ចារ្យ ដែលលោកបានធ្វើ 7គឺមានវិញ្ញាណអាក្រក់ចេញពីមនុស្សជាច្រើន ទាំងស្រែកខ្លាំងៗ និងមានមនុស្សខ្វិន មនុស្សស្លាប់ដៃជើងជាច្រើនបានជា។ 8ប្រជាជននៅក្រុងនោះ មានអំណរសប្បាយដ៏លើសលុប។
9មានបុរសម្នាក់ឈ្មោះស៊ីម៉ូន រស់នៅក្នុងក្រុងនោះ តាំងពីមុនលោកភីលីពមកដល់ម៉្លេះ។ គាត់ជាគ្រូមន្តអាគម ធ្វើឲ្យប្រជាជននៅស្រុកសាម៉ារីស្ងើចសរសើរគាត់ជាខ្លាំង ហើយគាត់អួតខ្លួនថាគាត់ជាអ្នកធំមួយរូប។ 10ប្រជាជនទាំងតូចទាំងធំពេញចិត្តនឹងគាត់គ្រប់ៗគ្នា គេពោលថា៖ «លោកនេះហើយជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដែលជាឫទ្ធានុភាពដ៏ឧត្តុង្គឧត្ដម»។ 11ប្រជាជនពេញចិត្តនឹងគាត់ដូច្នេះ ព្រោះគាត់បានសម្តែងមន្តអាគមឲ្យគេស្ងើចសរសើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ 12កាលគេជឿដំណឹងល្អ*អំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងអំពីព្រះនាមព្រះយេស៊ូគ្រិស្ត* ដែលលោកភីលីពប្រកាសប្រាប់ គេក៏ទទួលពិធីជ្រមុជទឹក* ទាំងប្រុស ទាំងស្រី។ 13លោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ថែមទាំងបានទទួលពិធីជ្រមុជទឹកទៀតផង ហើយគាត់នៅជាប់នឹងលោកភីលីពជានិច្ច។ កាលគាត់បានឃើញទីសម្គាល់ និងការអស្ចារ្យដ៏ធំៗដែលកើតមាននៅពេលនោះ គាត់ក៏ស្ងើចសរសើរយ៉ាងខ្លាំង។
14ក្រុមសាវ័ក*នៅក្រុងយេរូសាឡឹមបានឮដំណឹងថា អ្នកស្រុកសាម៉ារីនាំគ្នាទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ចាត់លោកពេត្រុស និងលោកយ៉ូហាន ឲ្យទៅជួបអ្នកទាំងនោះ។ 15លុះទៅដល់ស្រុកសាម៉ារី សាវ័ក*ទាំងពីរក៏ទូលអង្វរព្រះជាម្ចាស់ សុំឲ្យពួកអ្នកជឿបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ* 16ដ្បិតព្រះវិញ្ញាណពុំទាន់យាងចុះមកសណ្ឋិតលើអ្នកណាម្នាក់ ក្នុងចំណោមពួកគេនៅឡើយទេ គឺគេគ្រាន់តែបានទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ។ 17ពេលនោះ លោកពេត្រុស និងលោកយ៉ូហានបានដាក់ដៃ*លើគេ ហើយគេក៏បានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ។ 18កាលលោកស៊ីម៉ូនឃើញថា ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកអ្នកជឿ ដោយសាវ័កដាក់ដៃលើដូច្នោះ គាត់ក៏យកប្រាក់មកជូនសាវ័កទាំងពីរ ហើយពោលថា៖ 19«សូមលោកប្រគល់ឲ្យខ្ញុំមានអំណាចនេះផង ដើម្បីឲ្យខ្ញុំដាក់ដៃលើអ្នកណា អ្នកនោះនឹងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដែរ»។ 20លោកពេត្រុសតបទៅគាត់វិញថា៖ «ចូរឲ្យប្រាក់របស់អ្នកវិនាសអន្តរាយជាមួយអ្នកទៅ អ្នកនឹកស្មានថា អាចយកប្រាក់មកទិញព្រះអំណោយទានរបស់ព្រះជាម្ចាស់បាន! 21អ្នកគ្មានចំណែក គ្មានសិទ្ធិអ្វីក្នុងកិច្ចការនេះឡើយ ដ្បិតចិត្តរបស់អ្នកមិនទៀងត្រង់ចំពោះព្រះជាម្ចាស់ទាល់តែសោះ។ 22ចូរលះបង់ចិត្តគំនិតអាក្រក់ចោលទៅ ហើយទូលអង្វរព្រះអម្ចាស់ ក្រែងលោព្រះអង្គលើកលែងទោសឲ្យអ្នកដែលមានចិត្តបែបនេះ 23ដ្បិតខ្ញុំឃើញថាអ្នកមានចិត្តខ្មៅ ហើយក៏នៅជាប់ចំណងអំពើទុច្ចរិតដែរ»។ 24លោកស៊ីម៉ូនតបទៅវិញថា៖ «សូមលោកទូលអង្វរព្រះអម្ចាស់ឲ្យខ្ញុំផង ដើម្បីកុំឲ្យមានហេតុអាក្រក់ណាមួយកើតឡើងចំពោះរូបខ្ញុំ ដូចលោកមានប្រសាសន៍នោះឡើយ»។
25ក្រោយពីបានផ្ដល់សក្ខីភាព និងប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ សាវ័កទាំងពីររូបក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ទាំងផ្សព្វផ្សាយដំណឹងល្អក្នុងភូមិជាច្រើន នៅស្រុកសាម៉ារីផង។
លោកភីលីពនាំដំណឹងល្អទៅជម្រាបមន្ត្រីជាតិអេត្យូពី
26ទេវតា*របស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «សូមក្រោកឡើង ធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡឹមទៅក្រុងកាសាជាផ្លូវស្ងាត់នោះទៅ»។ លោកភីលីពក៏ក្រោកឡើងចេញដំណើរទៅ។ 27នៅតាមផ្លូវ មានជនជាតិអេត្យូពីមួយរូប ជាមនុស្សកម្រៀវ* លោកជាមន្ត្រីជាន់ខ្ពស់របស់មហាក្សត្រិយានីកានដេស ដែលគ្រងរាជ្យនៅស្រុកអេត្យូពី ហើយលោកជាអ្នកកាន់កាប់ព្រះរាជទ្រព្យទាំងប៉ុន្មាន។ លោកបានមកថ្វាយបង្គំព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម 28ហើយធ្វើដំណើរវិលត្រឡប់ទៅវិញ ដោយជិះរទេះសេះ ទាំងអានគម្ពីរព្យាការី*អេសាយផង។
29ព្រះវិញ្ញាណមានព្រះបន្ទូលមកលោកភីលីពថា៖ «ចូរទៅមុខ រួចចូលទៅជិតរទេះសេះនោះទៅ»។ 30លោកភីលីពក៏រត់ទៅមុខ ហើយឮមន្ត្រីអេត្យូពីអានគម្ពីរព្យាការីអេសាយ លោកភីលីពសួរមន្ត្រីនោះថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងតែអាននេះឬទេ?»។ 31លោកមន្ត្រីតបមកវិញថា៖ «ធ្វើម្ដេចឲ្យខ្ញុំយល់បាន បើគ្មាននរណាពន្យល់ណែនាំសោះនោះ!»។ លោកក៏អញ្ជើញលោកភីលីពឡើងជិះរទេះសេះជាមួយ។ 32 រីឯអត្ថបទគម្ពីរដែលលោកកំពុងអាននោះគឺ៖
“លោកត្រូវគេនាំយកទៅដូចជាចៀម
ដែលគេនាំទៅសម្លាប់
លោកពុំបានហើបមាត់ទាល់តែសោះ
គឺប្រៀបដូចជាកូនចៀមដែលស្ងៀមស្ងាត់
នៅមុខអ្នកកាត់រោម។
33 លោកត្រូវគេបន្ទាបបន្ថោក
ហើយគេមិនរកយុត្តិធម៌ជូនលោកឡើយ។
គ្មាននរណាអាចតំណាលអំពីពូជពង្ស
របស់លោកទេ
ព្រោះគេបានដកជីវិតរបស់លោក
ចេញពីផែនដីនេះបាត់ទៅហើយ” ។
34មន្ត្រីនោះសួរលោកភីលីពថា៖ «សូមប្រាប់ខ្ញុំផង តើព្យាការី*មានប្រសាសន៍ដូច្នេះសំដៅលើអ្នកណា? តើលោកមានប្រសាសន៍អំពីខ្លួនលោកផ្ទាល់ ឬមានប្រសាសន៍អំពីអ្នកណាម្នាក់ផ្សេងទៀត?»។ 35លោកភីលីពក៏ជម្រាបជូនដំណឹងល្អអំពីព្រះយេស៊ូប្រាប់លោក ដោយចាប់ផ្ដើមពីអត្ថបទគម្ពីរនោះទៅ។ 36លោកទាំងពីរចេះតែបន្តដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ត្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹក តើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក!»។ 37លោកភីលីពមានប្រសាសន៍ទៅលោកមន្ត្រីថា៖ «បើលោកជឿយ៉ាងស្មោះអស់ពីចិត្តនោះ លោកអាចទទួលពិធីជ្រមុជទឹកបាន»។ លោកមន្ត្រីឆ្លើយវិញថា៖ «ខ្ញុំជឿហើយថា ព្រះយេស៊ូគ្រិស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់»។ 38លោកបញ្ជាឲ្យគេបញ្ឈប់រទេះសេះ។ លោកមន្ត្រី និងលោកភីលីពចុះទៅក្នុងទឹកទាំងពីរនាក់ ហើយលោកភីលីពក៏ជ្រមុជទឹកជូនមន្ត្រីនោះ។ 39កាលលោកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានលើកលោកភីលីពយកចេញបាត់ទៅ លោកមន្ត្រីលែងឃើញលោកភីលីពទៀតហើយ។ លោកមន្ត្រីបន្តដំណើរទៅមុខដោយចិត្តត្រេកអរសប្បាយ។ 40រីឯលោកភីលីព គេបែរជាឃើញលោកនៅឯក្រុងអាសូតឯណោះ។
បន្ទាប់មក លោកធ្វើដំណើរពីក្រុងមួយទៅក្រុងមួយទាំងផ្សព្វផ្សាយដំណឹងល្អ* រហូតទៅដល់ក្រុងសេសារា។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 8: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.