អេម៉ុស 3:7-15

អេម៉ុស 3:7-15 គខប

យ៉ាង​ណា‌មិញ ពេល​ព្រះ‌ជា‌អម្ចាស់ធ្វើ​ការ​អ្វី​មួយ ព្រះអង្គ​តែង​សម្តែង​ការ​លាក់​កំបាំង​ប្រាប់ ពួក​ព្យាការី​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ជានិច្ច។ ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច? ពេល​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល តើ​នរណា​មិន​ថ្លែង​ព្រះ‌បន្ទូល​នេះ? ចូរ​ស្រែក​ប្រកាស​នៅ​តាម​ប្រាសាទ​ក្រុង​អាស‌ដូឌ និង​នៅ​តាម​ប្រាសាទ​នៃ​ស្រុក​អេស៊ីប​ថា: ចូរ​ទៅ​ជួប‌ជុំ​គ្នា​នៅ​លើ​ភ្នំ​នៃ​ក្រុង​សាម៉ារី ដើម្បី​សង្កេត​មើល​អនា‌ធិបតេយ្យ និង​អយុត្តិ‌ធម៌ នៅ​ទី​នោះ។ ពួក​គេ​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់​ទេ ពួក​គេ​យក​របស់​របរ​ដែល​លួច​ប្លន់ និង​រឹប​អូស ទៅ​ដាក់​ពេញ​ប្រាសាទ​របស់​ខ្លួន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ថា៖ «ខ្មាំង​សត្រូវ​មក​ដល់​ហើយ! គេ​ឡោម‌ព័ទ្ធ​ស្រុក​គេ​នឹង​រំលំ​កំពែង​ដ៏​រឹង‌មាំ ហើយ​កម្ទេច​ប្រាសាទ​របស់​អ្នក​ទៀត​ផង»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ក្រុង​សាម៉ារី ដែល​ដេក​នៅ​លើ​គ្រែ និង​លើ​កម្រាល​ព្រំ ដ៏​មាន​តម្លៃ​ពី​ស្រុក​ស៊ីរី ប្រៀប​បាន​នឹង​ចៀម​ដែល​គង្វាល​ដណ្ដើម យក​ពី​សត្វ​សិង្ហ​វិញ ឃើញ​នៅ​សល់​តែ​ជើង​ពីរ និង​ត្រចៀក​មួយ​ដុំ​តែ​ប៉ុណ្ណោះ។ ចូរ​នាំ​គ្នា​ស្ដាប់ ហើយ​យក​ពាក្យ​ព្រមាន​នេះ ទៅ​ប្រាប់​កូន​ចៅ​លោក​យ៉ាកុប​ផង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។ នៅ​ថ្ងៃ​ដែល​យើង​នឹង​ដាក់​ទោស​អ៊ីស្រា‌អែល ព្រោះ​តែ​បទ​ល្មើស យើង​ក៏​នឹង​ដាក់​ទោស​ពួក​គេ ព្រោះ​តែ​អាសនៈ​នៅ​បេត‌អែល​ដែរ។ ស្នែង​ដែល​នៅ​ជ្រុង​ទាំង​បួន​នៃ​អាសនៈ​នោះ នឹង​ត្រូវ​បាក់​បែក​ធ្លាក់​ដល់​ដី។ យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​រដូវ​រងា និង​ដំណាក់​រដូវ​ក្ដៅ​រលំ​លើ​គ្នា វិមាន​ដែល​ធ្វើ​ពី​ភ្លុក​ក៏​ត្រូវ​បាក់​បែក រីឯ​ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​នឹង​ត្រូវ​រលំ​អស់​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។