អេម៉ុស 4:6-13

អេម៉ុស 4:6-13 គខប

យើង​បាន​ធ្វើ​ឲ្យ​កើត​ទុរ្ភិក្ស​នៅ​គ្រប់​ទីក្រុង របស់​អ្នក​រាល់​គ្នា ហើយ​គ្រប់ៗ​ផ្ទះ​ខ្វះ​អាហារ​បរិភោគ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​ទឹក​ភ្លៀង រហូត​ដល់​បី​ខែ​មុន​រដូវ​ចម្រូត។ យើង​បាន​ឲ្យ​ភ្លៀង​ធ្លាក់​លើ​ក្រុង​មួយ តែ​ក្រុង​មួយ​ទៀត​គ្មាន​ភ្លៀង​ទេ ចម្ការ​មួយ​ទទួល​ទឹក​ភ្លៀង រីឯ​ចម្ការ​មួយ​ទៀត​ត្រូវ​ស្ងួត​ហួត‌ហែង ព្រោះ​តែ​គ្មាន​ទឹក​ភ្លៀង។ ក្រុង​ពីរ ឬ​ក្រុង​បី​នាំ​គ្នា​ទៅ​រក​ទឹក​ផឹក នៅ​ក្រុង​មួយ​ទៀត តែ​គេ​គ្មាន​ទឹក​ល្មម ដើម្បី​សំរន់​ការ​ស្រេក​ទេ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​បាន​ធ្វើ​ឲ្យ​ស្រូវ​របស់​អ្នក​រាល់​គ្នា ស្កក និង​មាន​ក្រា​ស៊ី ហើយ​ចម្ការ​ដំណាំ ចម្ការ​ទំពាំង‌បាយជូរ ចម្ការ​ឧទុម្ពរ និង​ចម្ការ​អូលីវ​របស់​អ្នក​រាល់​គ្នា ក៏​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន​អស់​ដែរ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​បាន​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ រាត‌ត្បាត​អ្នក​រាល់​គ្នា ដូច​នៅ​ស្រុក​អេស៊ីប។ យើង​បាន​ឲ្យ​ខ្មាំង​ប្រហារ​យុវជន របស់​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ហើយ​ចាប់​សេះ​របស់​អ្នក​រាល់​គ្នា​យក​ទៅ។ យើង​បាន​ធ្វើ​ឲ្យ​មាន​ក្លិន​អសោច សាយ​ឡើង​ពី​ទី​តាំង​ទ័ព​របស់​អ្នក​រាល់​គ្នា។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​បាន​បំផ្លាញ​អ្នក​រាល់​គ្នា ដូច​យើង​បាន​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ហើយ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​អង្កត់​អុស ដែល​គេ​យក​ចេញ​ពី​ភ្លើង។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ហេតុ​នេះ អ៊ីស្រា‌អែល​អើយ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។ អ៊ីស្រា‌អែល​អើយ ដោយ​យើង​សម្រេច​ដាក់​ទោស​អ្នក​រាល់​គ្នា​ដូច្នេះ ចូរ​រៀបចំ​ខ្លួន​ជួប​នឹង​ព្រះ​របស់​អ្នក!»។ មើល៍! ព្រះ​ដែល​បាន​សូន​ភ្នំ និង​បង្កើត​ខ្យល់ ព្រះ​ដែល​បង្ហាញ​ឲ្យ​មនុស្ស​ស្គាល់ ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ព្រះ​ដែល​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​រះ​ប្រែ​ជា​ងងឹត ព្រះ​ដែល​យាង​នៅ​តាម​ទី​ខ្ពស់ៗ​នៃ​ផែនដី ព្រះអង្គ​មាន​នាម​ថា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។