អេម៉ុស 6:5-14

អេម៉ុស 6:5-14 គខប

អ្នក​រាល់​គ្នា​ប្រឹង​ច្រៀង​ឡូឡា ទាំង​លេង​ពិណ​កំដរ​ចង់​ធ្វើ​ដូច​ស្ដេច​ដាវីឌ។ អ្នក​រាល់​គ្នា​ផឹក​ស្រា​នៅ​ក្នុង​ពែង​ធំៗ អ្នក​រាល់​គ្នា​លាប​ទឹក​អប់​ដ៏​មាន​តម្លៃ តែ​អ្នក​រាល់​គ្នា​ឥត​ឈឺ​ចាប់​ចំពោះ​ការ​វិនាស របស់​កូន​ចៅ​លោក​យ៉ូសែប​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​មុន​គេ។ ពួក​ខ្ជិល​ច្រអូស​ដូច​អ្នក​រាល់​គ្នា នឹង​លែង​ស្គាល់​ការ​សប្បាយ​ទៀត​ហើយ។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ថា៖ «យើង​ស្អប់​អំនួត​របស់​កូន​ចៅ​លោក​យ៉ាកុប យើង​មិន​ចូល​ចិត្ត​នឹង​ប្រាសាទ​របស់​ពួក​គេ​ទេ យើង​នឹង​ប្រគល់​សាម៉ារី និង​អ្វីៗ​នៅ​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។ ប្រសិន​បើ​ក្នុង​គ្រួសារ​មួយ​នៅ​សេស‌សល់​មនុស្ស​ដប់​នាក់ គេ​មុខ​ជា​ត្រូវ​ស្លាប់​ទាំង​ដប់​នាក់។ ពេល​នរណា​ម្នាក់​យក​សាក‌សព​សាច់‌ញាតិ​របស់​ខ្លួន​ចេញ​ពី​ផ្ទះ​ទៅ​បូជា គាត់​នឹង​ស្រែក​សួរ​អ្នក​ដែល​នៅ​ខាង​ក្នុង​ផ្ទះ​ថា «តើ​មាន​នរណា​នៅ​ជា​មួយ​អ្នក​ទៀត​ទេ?» អ្នក​នោះ​នឹង​ឆ្លើយ​មក​វិញ​ថា «គ្មាន​ទេ»។ គាត់​ក៏​ពោល​ទៀត​ថា «កុំ​មាត់​ក​អី!»។ គ្មាន​នរណា​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់​ទេ! ព្រះ‌អម្ចាស់​ចេញ​បញ្ជា នោះ​ផ្ទះ​ដ៏​ស្កឹម‌ស្កៃ​រលំ​បាក់​បែក​អស់ សូម្បី​តែ​ផ្ទះ​តូចៗ​ក៏​ខ្ទេច‌ខ្ទី​អស់​ដែរ។ តើ​គេ​ដែល​បំបោល​សេះ​លើ​ផ្ទាំង​ថ្ម ឬ​យក​គោ​ទៅ​ភ្ជួរ​លើ​ផ្ទាំង​ថ្ម​នោះ​ឬ បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​យុត្តិធម៌ ប្រែ​ជា​មាន​ជាតិ​ពិស និង​ឲ្យ​ច្បាប់​ទម្លាប់​មាន​ជាតិ​ពុល​ដូច្នេះ? អ្នក​រាល់​គ្នា​អួត​ថា ខ្លួន​ដណ្ដើម​យក​បាន ក្រុង​ឡូដា‌បា ហើយ​អ្នក​រាល់​គ្នា​ពោល​ថា “ពួក​យើង​វាយ​យក​បាន​ក្រុង​កាណា‌អ៊ីម ដោយ‌សារ​ឫទ្ធិ​អំណាច​របស់​ពួក​យើង” ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​មួយ​ងើប​ឡើង សង្កត់‌សង្កិន​អ្នក​រាល់​គ្នា ចាប់​តាំង​ពី ច្រក​ចូល​ហា‌ម៉ាត់ រហូត​ដល់​ស្ទឹង​អារ៉ាបា -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។