ដានីយ៉ែល 10

10
ទេវតា​ប្រកាស​ប្រាប់​លោក​ដានី‌យ៉ែល​អំពី​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​គ្រា​ចុង​ក្រោយ
1នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះចៅ​ស៊ីរូស ជា​ស្ដេច​របស់​ចក្រភព​ពែរ្ស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ដានី‌យ៉ែល ហៅ​បេល‌ថិស្សា‌សារ។ ព្រះ‌បន្ទូល​នេះ​ជា​សេចក្ដី​ពិត​ដែល​ប្រកាស​ពី​គ្រា​មួយ​ដ៏​សែន​លំបាក។ លោក​ដានី‌យ៉ែល​រិះគិត​ពិចារណា​អំពី​ព្រះ‌បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​បាន​ឃើញ។
2នៅ​គ្រា​នោះ ខ្ញុំ ដានី‌យ៉ែល បាន​កាន់​ទុក្ខ​អស់​រយៈ​ពេល​បី​អាទិត្យ។ 3ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វីៗ​ដែល​ខ្ញុំ​ចូល​ចិត្ត​ទេ គឺ​ខ្ញុំ​មិន​បាន​ទទួល​ទាន​សាច់ ឬ​ស្រា​សោះ​ឡើយ ហើយ​ក៏​ពុំ​បាន​លាប​ប្រេង​ក្រអូប​អ្វី​ដែរ រហូត​ទាល់​តែ​ចប់​រយៈ​ពេល​បី​អាទិត្យ​នោះ។
4នៅ​ថ្ងៃ​ទី​ម្ភៃ​បួន​នៃ​ខែ​ទី​មួយ ពេល​ខ្ញុំ​ស្ថិត​នៅ​មាត់​ទន្លេ​ធំ គឺ​ទន្លេ​ហ៊ីដេ‌កែល 5 ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​មាន​ខ្សែ​ក្រវាត់​មាស​ពី​ស្រុក​អ៊ូផាស​នៅ​ចង្កេះ​ផង។ 6រូប​កាយ​របស់​លោក​ភ្លឺ​ចាំង​ដូច​ត្បូង​ប៊ុត‌លឿង ផ្ទៃ​មុខ​លោក​ភ្លឺ​ផ្លេក​ដូច​ផ្លេក​បន្ទោរ ភ្នែក​លោក​ប្រៀប​បាន​នឹង​ភ្លើង​គប់ ដៃ​ជើង​របស់​លោក​ប្រៀប​បាន​នឹង​លង្ហិន​ដែល​គេ​ខាត់​យ៉ាង​រលោង ហើយ​សំឡេង​របស់​លោក​ឮ​សូរ​អឹង‌កង ដូច​សំឡេង​មនុស្ស​យ៉ាង​ច្រើន។ 7ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​តែ​ម្នាក់​ឯង ដ្បិត​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ពុំ​បាន​ឃើញ​ទេ ពួក​គេ​ភិត‌ភ័យ​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។ 8ពេល​ខ្ញុំ​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​បំផុត​នេះ ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ទន់​ដៃ​ទន់​ជើង ផ្ទៃ​មុខ​ខ្ញុំ​ក៏​ស្លេក‌ស្លាំង ហើយ​ខ្ញុំ​លែង​មាន​កម្លាំង​កំហែង​ទៀត។ 9ខ្ញុំ​បាន​ឮ​លោក​និយាយ ហើយ​សំឡេង​របស់​លោក​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី ខ្ញុំ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ 10ពេល​នោះ មាន​ដៃ​មួយ​ពាល់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​លុត​ជង្គង់ និង​ច្រត់​ដៃ​ឡើង ទាំង​ញាប់‌ញ័រ។
11លោក​នោះ​ពោល​មក​ខ្ញុំ​ថា៖ «លោក​ដានី‌យ៉ែល​អើយ ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់ សុំ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​នឹង​ថ្លែង​ប្រាប់​លោក។ សុំ​ក្រោក​ឈរ​នៅ​កន្លែង​ដែល​លោក​ឈរ​ពី​មុន​នោះ​ឡើង​វិញ ដ្បិត​ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​មក​ជួប​លោក»។ ពេល​លោក​កំពុង​តែ​មាន​ប្រសាសន៍ ខ្ញុំ​ក៏​ក្រោក​ឈរ​ឡើង​វិញ ទាំង​ញាប់‌ញ័រ។
12លោក​នោះ​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «លោក​ដានី‌យ៉ែល​អើយ កុំ​ភ័យ​ខ្លាច​អី! តាំង​ពី​ថ្ងៃ​ដំបូង​ដែល​លោក​មាន​បំណង​ចង់​យល់​សេចក្ដី​ទាំង​នោះ ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ​របស់​លោក ទ្រង់​ក៏​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​របស់​លោក ហេតុ​នេះ​បាន​ជា​ខ្ញុំ​មក​ជួប​លោក។ 13 ទេវតា​ថែ‌រក្សា​ចក្រភព​ពែរ្ស​បាន​តទល់​នឹង​ខ្ញុំ អស់​រយៈ​ពេល​ម្ភៃ​មួយ​ថ្ងៃ។ បន្ទាប់​មក មហា​ទេវតា​មីកែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវតា បាន​មក​ជួយ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នេះ​ជា​មួយ​ស្ដេច​នានា​របស់​ជន‌ជាតិ​ពែរ្ស។ 14ខ្ញុំ​មក​ពន្យល់​ប្រាប់​លោក​ឲ្យ​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​ចំពោះ​ប្រជា‌ជន​របស់​លោក ទៅ​អនាគត ដ្បិត​មាន​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ សម្រាប់​គ្រា​នោះ​ដែរ»។
15ពេល​លោក​កំពុង​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ប្រាប់​ខ្ញុំ ខ្ញុំ​ឱន​មុខ​ចុះ នៅ​ស្ងៀម 16ស្រាប់​តែ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស ពាល់​បបូរ​មាត់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​លោក​ម្នាក់ ដែល​ស្ថិត​នៅ​ខាង​មុខ​ខ្ញុំ​នោះ​ថា៖ «លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នោះ ខ្ញុំ​ប្របាទ​តប់‌ប្រមល់​ក្នុង​ចិត្ត គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។ 17តើ​ខ្ញុំ​ប្របាទ​និយាយ​ទៅ​កាន់​លោក​ម្ចាស់​ដូច​ម្ដេច​កើត បើ​ឥឡូវ​នេះ ខ្ញុំ​ប្របាទ​គ្មាន​កម្លាំង​សោះ ហើយ​ដង្ហើម​របស់​ខ្ញុំ​ប្របាទ​ក៏​ខ្សោយ​ដែរ»។
18ពេល​នោះ លោក​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស បាន​ពាល់​ខ្ញុំ​សា​ជា​ថ្មី ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ។
19រួច​ហើយ​លោក​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ភ័យ​ខ្លាច​អី ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​លោក​ខ្លាំង​ណាស់ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត! ចូរ​មាន​កម្លាំង​មាំ‌មួន​ឡើង!»។ ពេល​លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ ខ្ញុំ​ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​ជម្រាប​លោក​ថា៖ «សូម​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ខ្ញុំ​ប្របាទ​ចុះ ព្រោះ​លោក​ម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ប្របាទ​មាន​កម្លាំង​ហើយ»។
20លោក​ពោល​មក​ខ្ញុំ​ថា៖ «តើ​លោក​ដឹង​ឬ​ទេ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មក​រក​លោក? ឥឡូវ​នេះ ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​ប្រយុទ្ធ​នឹង​ទេវតា​ថែ‌រក្សា​ចក្រភព​ពែរ្ស​វិញ។ ពេល​ខ្ញុំ​ចេញ​ទៅ​នោះ ទេវតា​ថែ‌រក្សា​អាណា‌ចក្រ​ក្រិក​នឹង​មក​ដល់។ 21ប៉ុន្តែ ខ្ញុំ​ចង់​ជម្រាប​លោក​ឲ្យ​ដឹង​អំពី​សេចក្ដី ដែល​មាន​ចែង​ទុក​នៅ​ក្នុង​ក្រាំង​នៃ​សេចក្ដី​ពិត​នេះ​សិន។ ក្រៅ​ពី​មហា​ទេវតា​មីកែល​ជា​ទេវតា​ថែ‌រក្សា​អ៊ីស្រា‌អែល គ្មាន​នរណា​ម្នាក់​បាន​ជួយ​ខ្ញុំ​តទល់​នឹង​ពួក​នោះ​ទេ។

ទើបបានជ្រើសរើសហើយ៖

ដានីយ៉ែល 10: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល