ដានីយ៉ែល 4
4
ស្ដេចនេប៊ូក្នេសាសុបិនឃើញដើមឈើមួយដ៏ធំ
1 «យើង នេប៊ូក្នេសា ជាព្រះមហាក្សត្រ ជូនចំពោះប្រជាជនទាំងអស់ ចំពោះប្រជាជាតិនានា និងចំពោះមនុស្សគ្រប់ភាសាដែលរស់នៅលើផែនដីទាំងមូល។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខយ៉ាងបរិបូណ៌!
2យើងយល់ឃើញថា គួរតែរៀបរាប់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗដែលព្រះដ៏ខ្ពង់ខ្ពស់បំផុតបានសម្តែងចំពោះយើង។
3ទីសម្គាល់របស់ព្រះអង្គធំឧត្ដុង្គឧត្ដមណាស់
បាដិហារិយ៍របស់ព្រះអង្គ
ក៏ប្រកបដោយឫទ្ធិបារមីដែរ!
ព្រះរាជ្យរបស់ព្រះអង្គជារាជ្យស្ថិតស្ថេរ
អស់កល្បជានិច្ច
ហើយព្រះអង្គគ្រងរាជ្យអស់កល្ប
ជាអង្វែងតរៀងទៅ។
4យើង នេប៊ូក្នេសា កំពុងតែរស់នៅយ៉ាងសុខស្រួល ក្នុងព្រះបរមរាជវាំងជាមួយក្រុមគ្រួសាររបស់យើង។ 5យើងបានសុបិនធ្វើឲ្យយើងភ័យតក់ស្លុតជាខ្លាំង។ សូម្បីតែនៅលើក្រឡាបន្ទំ យើងនៅតែនឹកគិតអំពីសុបិននេះជានិច្ច ហើយចិត្តយើងខ្វាយខ្វល់ណាស់។ 6យើងឲ្យគេកោះហៅអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកបាប៊ីឡូនមកជួបយើង ដើម្បីកាត់ស្រាយសុបិននេះឲ្យយើង។ 7ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរា គ្រូទាយ ព្រមទាំងគ្រូធ្មប់ផ្សេងៗបាននាំគ្នាមក។ យើងរៀបរាប់ប្រាប់ពួកគេអំពីសុបិនរបស់យើង ប៉ុន្តែ ពួកគេពុំអាចកាត់ស្រាយអត្ថន័យប្រាប់យើងបានឡើយ។ 8នៅទីបំផុត លោកដានីយ៉ែលចូលមក (លោកក៏មាននាមថា “បេលថិស្សាសារ” តាមនាមព្រះរបស់យើងដែរ) ហើយមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធ នៅក្នុងខ្លួន។ យើងបានរៀបរាប់ឲ្យលោកដឹងពីសុបិនរបស់យើង ដូចតទៅ: 9“លោកបេលថិស្សាសារ ជាប្រមុខលើពួកគ្រូទាំងអស់អើយ យើងដឹងថា លោកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន ហើយលោកដឹងការលាក់កំបាំងទាំងអស់។ ហេតុនេះ សុំលោកកាត់ស្រាយន័យរបស់និមិត្តហេតុដ៏អស្ចារ្យ ដែលយើងបានឃើញក្នុងសុបិនឲ្យយើងដឹងផង។ 10នៅពេលផ្ទំ យើងសុបិនឃើញនិមិត្តហេតុដ៏អស្ចារ្យដូចតទៅ៖
នៅកណ្ដាលផែនដី
មានដើមឈើមួយដើមយ៉ាងខ្ពស់អស្ចារ្យ
11ដើមឈើនេះដុះកាន់តែធំឡើងៗ
ហើយមាំទៀតផង
ចុងរបស់វាខ្ពស់រហូតដល់មេឃ
សូម្បីតែអស់អ្នកដែលរស់នៅទីដាច់ស្រយាល
នៃផែនដីក៏មើលឃើញដើមឈើនេះដែរ។
12ដើមឈើនេះមានស្លឹកខៀវខ្ចី
មានផ្លែយ៉ាងច្រើនបរិបូណ៌
សម្រាប់ចិញ្ចឹមជីវិតមនុស្សទាំងអស់
សត្វនានានាំគ្នាមកជ្រកកោនក្រោមម្លប់របស់វា
បក្សាបក្សីនាំគ្នាមកទំ នៅតាមមែករបស់វា
ហើយសត្វលោកទាំងអស់ទទួលអាហារ
ពីដើមឈើនេះ។
13ក្នុងនិមិត្តហេតុដ៏អស្ចារ្យដែលព្រលឹងយើងបានឃើញនៅពេលផ្ទំនោះ គឺមាន:
ទេវតា*ដ៏វិសុទ្ធ*មួយរូបចុះពីលើមេឃមក
14លោកស្រែកយ៉ាងខ្លាំងៗថា:
ចូររំលំដើមឈើនេះ និងកាប់មែកវាចោលទៅ
ចូរលះស្លឹក ជម្រុះផ្លែរបស់វាឲ្យខ្ចាត់ខ្ចាយ
ឲ្យសត្វទាំងឡាយរត់ចេញពីម្លប់របស់វា
ហើយឲ្យបក្សាបក្សីទាំងឡាយ
ហើរចេញពីមែករបស់វាដែរ!
15ប៉ុន្តែ ត្រូវទុកគល់ និងឫសនៅក្នុងដី
ហើយយកច្រវាក់ដែក និងលង្ហិនមកចងវា
ទុកចោលក្នុងវាលស្មៅ
ឲ្យជោកទឹកសន្សើមដែលធ្លាក់ពីលើមេឃ
ហើយឲ្យវាស៊ីស្មៅដូចសត្វធាតុ។
16ដើមឈើនោះនឹងលែងមានចិត្តជាមនុស្ស
ទៀតហើយ តែមានចិត្តជាសត្វ
រហូតដល់គម្រប់ប្រាំពីរខួប។
17នេះជាការសម្រេចរបស់ទេវតា
ជាបញ្ជារបស់ពួកអ្នកដ៏វិសុទ្ធ
ដើម្បីមនុស្សទាំងអស់ដឹងថា
ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យ
របស់មនុស្សលោក
ព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន
ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ
ហើយព្រះអង្គលើកអ្នកដែលទន់ទាបជាងគេ
ឲ្យឡើងគ្រងរាជ្យក៏បាន។
18នេះជាសុបិនដែលយើង ស្ដេចនេប៊ូក្នេសា បាននិមិត្តឃើញ។ ឥឡូវនេះ សុំលោកបេលថិស្សាសារកាត់ស្រាយអត្ថន័យឲ្យយើងបានដឹងផង ដ្បិតក្នុងចំណោមអ្នកប្រាជ្ញទាំងអស់នៅនគររបស់យើង គ្មាននរណាអាចកាត់ស្រាយបានទេ គឺមានតែលោកម្នាក់ប៉ុណ្ណោះទើបកាត់ស្រាយបាន ព្រោះលោកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន”»។
លោកដានីយ៉ែលកាត់ស្រាយសុបិនរបស់ស្ដេច
19ពេលនោះ លោកដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលលោកដឹងនៅក្នុងចិត្តគំនិត នាំឲ្យលោកភ័យរន្ធត់ជាខ្លាំង។ ព្រះរាជាមានរាជឱង្ការមកកាន់លោកសាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារទូលស្ដេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់ សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណា ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ព្រះករុណាវិញ! 20ព្រះករុណាបានឃើញដើមឈើដែលដុះកាន់តែធំឡើង មាំមួន និងមានចុងខ្ពស់ដល់មេឃ ហើយអស់អ្នកនៅតាមទីដាច់ស្រយាលនៃផែនដីក៏មើលឃើញដែរ។ 21ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែដ៏បរិបូណ៌ ធ្វើជាអាហារសម្រាប់សត្វលោកទាំងអស់ និងជម្រកដល់សត្វទាំងឡាយ ហើយមានបក្សាបក្សីមកទំនៅតាមមែកទៀតផង។ 22ដើមឈើនោះគឺព្រះករុណាផ្ទាល់! បពិត្រព្រះរាជា ទ្រង់បានចម្រើនឡើង និងមានឫទ្ធិអំណាចក្រៃលែង ឋានៈរបស់ព្រះករុណាខ្ពង់ខ្ពស់រហូតដល់មេឃ។ ព្រះករុណាគ្រប់គ្រងរហូតដល់ទីដាច់ស្រយាលនៃផែនដី។
23បន្ទាប់មក ព្រះករុណាឃើញទេវតាដ៏វិសុទ្ធ ដែលចុះពីលើមេឃមកពោលថា “ចូរកាប់រំលំដើមឈើនេះចោលទៅ ប៉ុន្តែ ត្រូវទុកគល់ និងឫសនៅក្នុងដី ហើយយកច្រវាក់ដែក និងលង្ហិនមកចងវាទុក ចោលនៅក្នុងវាលស្មៅ ឲ្យជោកដោយទឹកសន្សើមធ្លាក់ពីលើមេឃ ហើយឲ្យវាស៊ីស្មៅដូចសត្វធាតុ រហូតដល់គម្រប់ប្រាំពីរខួប”។ 24បពិត្រព្រះរាជា សុបិនរបស់ព្រះករុណាមានន័យបែបនេះ គឺព្រះដ៏ខ្ពង់ខ្ពស់បំផុតបានសម្រេចចំពោះព្រះករុណាជាអម្ចាស់ដូចតទៅ: 25គេនឹងដេញព្រះករុណាចេញពីចំណោមមនុស្ស ទ្រង់នឹងទៅនៅជាមួយសត្វព្រៃ ហើយគេនឹងយកស្មៅមកថ្វាយព្រះករុណាសោយដូចគោដែរ។ ព្រះកាយរបស់ព្រះករុណានឹងជោកដោយទឹកសន្សើម ដែលធ្លាក់ចុះពីលើមេឃរហូតដល់គម្រប់ប្រាំពីរខួប គឺទាល់តែព្រះករុណាទទួលស្គាល់ថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោក ហើយព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ។ 26រីឯបញ្ជាឲ្យទុកគល់ឈើ និងឫសនោះមានន័យថា គេនឹងថ្វាយរាជសម្បត្តិមកព្រះករុណាវិញ នៅពេលព្រះករុណាទទួលស្គាល់ព្រះជាអម្ចាស់សួគ៌។ 27ហេតុនេះ បពិត្រព្រះរាជា សូមទ្រង់ប្រោសមេត្តាឲ្យទូលបង្គំថ្វាយយោបល់ចំពោះព្រះករុណាដូចតទៅ គឺសូមទ្រង់លះបង់អំពើបាប និងកំហុសផ្សេងៗ ហើយប្រព្រឹត្តអំពើសុចរិត និងសម្តែងព្រះហឫទ័យអាណិតអាសូរចំពោះមនុស្សទុគ៌តវិញ ធ្វើដូច្នេះព្រះករុណានឹងបានសុខក្សេមក្សាន្តតទៅមុខទៀត»។
28ក្រោយមក ហេតុការណ៍ទាំងនោះកើតមានដល់ព្រះចៅនេប៊ូក្នេសាមែន 29គឺដប់ពីរខែកន្លងមក ពេលស្ដេចកំពុងតែយាងក្រសាលក្នុងព្រះបរមរាជវាំងនៅក្រុងបាប៊ីឡូន 30ទ្រង់មានរាជឱង្ការថា៖ «ដោយសារឫទ្ធិអំណាចរបស់យើង យើងសង់ក្រុងបាប៊ីឡូនមហានគរនេះឡើង ជាដំណាក់របស់យើង ដើម្បីបង្ហាញកិត្តិយស និងសិរីរុងរឿងរបស់យើង»។ 31ពេលស្ដេចមានរាជឱង្ការមិនទាន់ចប់ផង ស្រាប់តែមានឮសំឡេងពីលើមេឃមកថា៖ «នេប៊ូក្នេសាអើយ អ្នកបាត់បង់រាជសម្បត្តិហើយ ដូចមានសេចក្ដីថ្លែងទុកពីអ្នកស្រាប់។ 32គេនឹងដេញអ្នកចេញពីចំណោមមនុស្សលោក ឲ្យទៅរស់នៅជាមួយសត្វព្រៃ ហើយគេនឹងឲ្យអ្នកស៊ីស្មៅដូចគោ រហូតដល់គម្រប់ប្រាំពីររយៈកាល គឺទាល់តែអ្នកទទួលស្គាល់ថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិមនុស្សលោក ហើយព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ»។
33រំពេចនោះ ហេតុការណ៍ក៏កើតឡើងចំពោះព្រះចៅនេប៊ូក្នេសាមែន។ គេដេញស្ដេចចេញពីចំណោមមនុស្ស ទ្រង់សោយស្មៅដូចគោ ព្រះកាយទទឹកជោកទៅដោយទឹកសន្សើមដែលធ្លាក់ចុះពីលើមេឃ ព្រះកេសារបស់ស្ដេចដុះឡើងដូចស្លាបឥន្ទ្រី ហើយក្រចករបស់ព្រះអង្គប្រៀបបាននឹងក្រចកសត្វស្លាប។
34«លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបមុខឡើងទៅលើមេឃ ហើយយើងក៏ដឹងស្មារតីឡើងវិញ។ យើងក៏អរព្រះគុណព្រះដ៏ខ្ពង់ខ្ពស់បំផុត យើងសរសើរ និងលើកតម្កើងព្រះដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច។ អំណាចគ្រប់គ្រងរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ 35មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ព្រះអង្គប្រព្រឹត្តចំពោះពួកទេវតា និងចំពោះមនុស្សលោក តាមព្រះហឫទ័យរបស់ព្រះអង្គ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ព្រះអង្គ ដោយពោលថា “ម្ដេចក៏ព្រះអង្គធ្វើដូច្នេះ?” បានឡើយ។
36នៅគ្រានោះ យើងបានដឹងស្មារតីឡើងវិញ គេក៏បានប្រគល់កិត្តិយសរាជសម្បត្តិសិរីរុងរឿង និងភាពថ្កុំថ្កើងមកយើងវិញ ហើយក្រុមប្រឹក្សា និងនាម៉ឺនមន្ត្រីរបស់យើងក៏បានសុំឲ្យយើងវិលមកកាន់កាប់អំណាច គេលើកយើងឲ្យគ្រងរាជ្យឡើងវិញ ហើយយើងក៏បានថ្កុំថ្កើងកាន់តែខ្លាំងឡើង។
37ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ កោតស្ញប់ស្ញែង និងលើកតម្កើងសិរីរុងរឿងព្រះមហាក្សត្រនៃស្ថានបរមសុខ ដ្បិតស្នាព្រះហស្ដរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត ហើយព្រះអង្គអាចបន្ទាបអស់អ្នកដែលវាយឫកខ្ពស់»។
ទើបបានជ្រើសរើសហើយ៖
ដានីយ៉ែល 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.