ដានីយ៉ែល 7:3-7

ដានីយ៉ែល 7:3-7 គខប

ពេល​នោះ ស្រាប់​តែ​មាន​សត្វ​ដ៏​ធំ​សម្បើម​បួន​ក្បាល​ប្លែកៗ​ពី​គ្នា ផុស​ចេញ​ពី​មហា​សមុទ្រ។ សត្វ​ទី​មួយ​មាន​រូប​រាង​ដូច​តោ ហើយ​មាន​ស្លាប​ដូច​ឥន្ទ្រី។ ពេល​ខ្ញុំ​កំពុង​តែ​មើល​នោះ ខ្ញុំ​ឃើញ​គេ​ដក​ស្លាប​វា ហើយ​លើក​វា​ឡើង​ផុត​ពី​ដី​ឲ្យ​ឈរ​ជើង​ពីរ​ដូច​មនុស្ស រួច​គេ​ឲ្យ​វា​មាន​ចិត្ត​ដូច​មនុស្ស។ សត្វ​ទី​ពីរ​មាន​រូប​រាង​ដូច​ខ្លា‌ឃ្មុំ វា​ឈរ​លើ​ជើង​ម្ខាង ព្រម​ទាំង​ពាំ​ឆ្អឹង​ជំនីរ​បី​ក្នុង​មាត់​ផង។ មាន​គេ​ប្រាប់​វា​ថា “ចូរ​ក្រោក​ឡើង ហើយ​ត្របាក់​ស៊ី​សាច់​ឲ្យ​ច្រើន​ទៅ!”។ ខ្ញុំ​សម្លឹង​មើល​ទៅ ឃើញ​សត្វ​មួយ​ទៀត មាន​រូប​រាង​ដូច​ខ្លា‌រខិន នៅ​លើ​ខ្នង​វា​មាន​ស្លាប​បួន ហើយ​វា​មាន​ក្បាល​បួន​ដែរ វា​បាន​ទទួល​អំណាច​គ្រប់‌គ្រង​លើ​ពិភព​លោក។ បន្ទាប់​មក ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​បាន​ឃើញ​សត្វ​ទី​បួន​ដែល​មាន​រូប​រាង​គួរ​ព្រឺ​ស្ញែង​ខ្លាច។ វា​មាន​កម្លាំង​ដ៏​ខ្លាំង​ក្លា​អស្ចារ្យ ធ្មេញ​វា​ជា​ដែក​ដ៏​ធំៗ វា​ត្របាក់​ស៊ី វា​កម្ទេច ព្រម​ទាំង​ជាន់​ឈ្លី​សំណល់​ទាំង​អស់​ផង។ សត្វ​នេះ​មាន​រូប​រាង​ខុស​ប្លែក​ពី​សត្វ​មុនៗ គឺ​វា​មាន​ស្នែង​ដប់។