ទុតិយកថា 11:1-10

ទុតិយកថា 11:1-10 គខប

«ត្រូវ​ស្រឡាញ់​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ហើយ​ចូរ​ស្ដាប់​តាម​បង្គាប់ កាន់​តាម​ច្បាប់ វិន័យ និង​បទ‌បញ្ជា​របស់​ព្រះអង្គ​ជានិច្ច។ ថ្ងៃ​នេះ ចូរ​ធ្វើ​តាម​ការ​ណែ‌នាំ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ភាព​ដ៏​ឧត្ដុង្គ‌ឧត្ដម ឫទ្ធិ‌បារមី និង​តេជា‌នុភាព​របស់​ព្រះអង្គ។ កូន​ចៅ​របស់​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់ និង​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់​ទេ។ អ្នក​រាល់​គ្នា​ក៏​បាន​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​ធ្វើ​នៅ​ស្រុក​អេស៊ីប ប្រឆាំង​នឹង​ព្រះ‌ចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប និង​ប្រជា‌ជន​ក្នុង​ស្រុក​នោះ​ទាំង​មូល​ដែរ។ ព្រះអង្គ​បាន​ប្រហារ​កង‌ទ័ព​អេស៊ីប ទាំង​កង​ពល​សេះ ទាំង​រទេះ​ចម្បាំង ដោយ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​កក់ គ្រប​ពី​លើ​ពួក​គេ នៅ​ពេល​ពួក​គេ​ដេញ​តាម​អ្នក​រាល់​គ្នា។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​គេ​បរា‌ជ័យ រហូត​មក​ដល់​សព្វ​ថ្ងៃ។ ព្រះអង្គ​បាន​ជួយ​អ្នក​រាល់​គ្នា​នៅ​វាល​រហោ‌ស្ថាន រហូត​ទាល់​តែ​អ្នក​រាល់​គ្នា​មក​ដល់​ទី​នេះ។ ព្រះអង្គ​បាន​ប្រហារ​ដាថាន និង​អប៊ី‌រ៉ាម ជា​កូន​របស់​អេលាប ក្នុង​កុល‌សម្ព័ន្ធ​រូបេន ដោយ​ឲ្យ​ដី​ស្រូប​ពួក​គេ ទាំង​ក្រុម​គ្រួសារ ទាំង​តង់ត៍ និង​អស់​អ្នក​ដែល​សម​គំនិត​ជា​មួយ​ពួក​គេ នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល។ អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ការ​អស្ចារ្យ​ដ៏​ធំៗ ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ។ ដូច្នេះ ត្រូវ​កាន់​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង​ទៅ​ចាប់​យក​ស្រុក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទៅ​កាន់​កាប់​ជា​កម្មសិទ្ធិ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាយុ​យឺន‌យូរ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​ប្រទាន​ឲ្យ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​អ្នក​រាល់​គ្នា​ដែល​ជា​ពូជ‌ពង្ស គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ »។ «ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់​នេះ​មិន​ដូច​ស្រុក​អេស៊ីប​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​មក​នោះ​ទេ។ នៅ​ស្រុក​អេស៊ីប ពេល​អ្នក​រាល់​គ្នា​សាប​ព្រោះ​គ្រាប់​ពូជ​ហើយ ត្រូវ​បាច​ទឹក​បញ្ចូល​ស្រែ ដូច​ស្រោច​ច្បារ​ដំណាំ​ដែរ។