ទុតិយកថា 6
6
ត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក
1«នេះជាបទបញ្ជា គឺច្បាប់ និងវិន័យផ្សេងៗដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបង្គាប់ឲ្យខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុក ដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ 2ធ្វើដូច្នេះ អ្នកនឹងគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ជារៀងរាល់ថ្ងៃ អស់មួយជីវិត អ្នក និងកូនចៅរបស់អ្នក ត្រូវកាន់តាមច្បាប់ និងបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ។ 3អ៊ីស្រាអែលអើយ ចូរស្ដាប់ក្រឹត្យវិន័យ និងបទបញ្ជា ហើយយកទៅកាន់ និងប្រតិបត្តិតាមចុះ ដើម្បីឲ្យអ្នកមានសុភមង្គល ហើយកើនចំនួនច្រើនឥតគណនានៅក្នុងស្រុកដ៏សម្បូណ៌សប្បាយ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នក បានសន្យាជាមួយអ្នក។
4 អ៊ីស្រាអែលអើយ ចូរស្ដាប់! មានតែព្រះអម្ចាស់ ជាព្រះរបស់យើង មួយព្រះអង្គគត់ ដែលពិតជាព្រះអម្ចាស់។ 5 អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។ 6 ត្រូវទុកឲ្យព្រះបន្ទូលដែលខ្ញុំប្រគល់ដល់អ្នកនៅថ្ងៃនេះ ដក់ជាប់នៅក្នុងចិត្តរបស់អ្នកជានិច្ច។ 7ចូរបង្រៀនកូនចៅរបស់អ្នកអំពីព្រះបន្ទូលនេះ គឺត្រូវនិយាយឲ្យវាស្ដាប់ ពេលអ្នកនៅផ្ទះ ពេលធ្វើដំណើរ ពេលចូលដំណេក និងពេលក្រោកពីដំណេក។ 8ត្រូវចងព្រះបន្ទូលទាំងនេះជាសញ្ញា ជាប់នៅដៃ ហើយដាក់នៅលើថ្ងាសរបស់អ្នក។ 9ចូរសរសេរលើក្របទ្វារផ្ទះ និងក្លោងទ្វារក្រុងរបស់អ្នក»។
កុំបំភ្លេចព្រះជាម្ចាស់ឡើយ
10 «ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកចូលទៅក្នុងស្រុកដែលព្រះអង្គបានសន្យាជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ជាបុព្វបុរសរបស់អ្នកថានឹងប្រគល់ឲ្យអ្នក។ ស្រុកនោះមានក្រុងដ៏ធំៗ ហើយស្អាតៗ ជាក្រុងដែលអ្នកមិនបានសង់ 11ព្រមទាំងមានផ្ទះពេញទៅដោយទ្រព្យសម្បត្តិគ្រប់យ៉ាង ជាទ្រព្យដែលអ្នកពុំបានស្វះស្វែងរក មានអណ្ដូងស្រាប់ គឺអណ្ដូងដែលអ្នកពុំបានជីក ហើយមានចម្ការទំពាំងបាយជូរ និងចម្ការអូលីវដែលអ្នកពុំបានដាំ។ 12ពេលណាអ្នកមានភោគផលបរិភោគឆ្អែតហើយ ចូរប្រយ័ត្នក្រែងលោអ្នកភ្លេចព្រះអម្ចាស់ ជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។ 13 ចូរកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយគោរពបម្រើព្រះអង្គ និងពោលពាក្យស្បថក្នុងព្រះនាមព្រះអង្គតែមួយប៉ុណ្ណោះ។ 14មិនត្រូវជំពាក់ចិត្តជាមួយព្រះឯទៀតៗ ក្នុងចំណោមព្រះរបស់ជាតិសាសន៍ទាំងឡាយដែលនៅជុំវិញអ្នករាល់គ្នាឡើយ 15ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលគង់នៅជាមួយអ្នក ទ្រង់មិនសព្វព្រះហឫទ័យឲ្យអ្នកជំពាក់ចិត្តជាមួយព្រះណាផ្សេងទៀតជាដាច់ខាត។ បើមិនដូច្នោះទេ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ទ្រង់ព្រះពិរោធទាស់នឹងអ្នក ហើយលុបបំបាត់អ្នកពីផែនដីនេះ។ 16 មិនត្រូវល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាធ្លាប់ល្បងលព្រះអង្គ នៅម៉ាសានោះឡើយ។ 17ផ្ទុយទៅវិញ ត្រូវកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងកាន់តាមដំបូន្មាន និងច្បាប់ ដែលព្រះអង្គបានបង្គាប់។ 18ត្រូវប្រព្រឹត្តអំពើសុចរិត និងត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ដើម្បីឲ្យអ្នកមានសុភមង្គល ហើយកាន់កាប់ទឹកដីដ៏ល្អ ដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយបុព្វបុរសរបស់អ្នកថា នឹងប្រទានដល់អ្នក 19ដោយបណ្ដេញខ្មាំងសត្រូវទាំងអស់ចេញពីមុខអ្នក ដូចព្រះអង្គមានព្រះបន្ទូលទុក។
20នៅថ្ងៃមុខ ប្រសិនបើកូនរបស់អ្នកសួរថា: តើដំបូន្មាន ច្បាប់ និងវិន័យទាំងឡាយដែលព្រះអម្ចាស់ ជាព្រះនៃយើងបានបង្គាប់មកយើងនេះ មានន័យដូចម្ដេច? 21អ្នកត្រូវប្រាប់កូនវិញថា: ពីមុន យើងធ្វើជាខ្ញុំបម្រើរបស់ព្រះចៅផារ៉ោននៅស្រុកអេស៊ីប ហើយព្រះអម្ចាស់បាននាំយើងចេញពីស្រុកអេស៊ីប ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ 22ព្រះអម្ចាស់បានសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍យ៉ាងសម្បើមអស្ចារ្យ ឲ្យយើងឃើញ ដើម្បីកម្ទេចព្រះចៅផារ៉ោន និងអស់អ្នកដែលនៅជាមួយស្ដេច។ 23ព្រះអម្ចាស់បាននាំយើងចេញពីស្រុកនោះ មកនៅក្នុងស្រុកដែលព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើង ថានឹងប្រគល់មកឲ្យយើង។ 24ព្រះអម្ចាស់បានបញ្ជាឲ្យយើងប្រតិបត្តិតាមច្បាប់ទាំងនេះ ព្រមទាំងគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះនៃយើង ដើម្បីឲ្យយើងមានសុភមង្គលជារៀងរាល់ថ្ងៃ និងឲ្យព្រះអង្គថែរក្សាអាយុជីវិតរបស់យើង ដូចព្រះអង្គថែរក្សានៅថ្ងៃនេះ។ 25យើងត្រូវគោរព និងប្រតិបត្តិតាមបទបញ្ជាទាំងនេះ ដូចព្រះអង្គបានបង្គាប់មក ដើម្បីឲ្យយើងបានសុចរិត ហើយគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះនៃយើង»។
ទើបបានជ្រើសរើសហើយ៖
ទុតិយកថា 6: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.