សាស្ដា 10:1-10

សាស្ដា 10:1-10 គខប

រុយ​ងាប់​ធ្វើ​ឲ្យ​ខូច​ប្រេង​ក្រអូប​របស់​អ្នក​ធ្វើ​ទឹក​អប់​យ៉ាង​ណា អំពើ​លេលា​តែ​បន្តិច​ក៏​អាច​បង្ខូច​ប្រាជ្ញា និង​កិត្តិយស​យ៉ាង​នោះ​ដែរ។ ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​លម្អៀង​ទៅ​រក​អ្វីៗ​ដែល​ត្រឹម​ត្រូវ រីឯ​ចិត្ត​របស់​មនុស្ស​ល្ងី‌ល្ងើ​វិញ លម្អៀង​ទៅ​រក​អ្វីៗ​ដែល​ខុស​ឆ្គង។ ពេល​មនុស្ស​ល្ងី‌ល្ងើ​ដើរ​តាម​ផ្លូវ ការ​វង្វេង​ស្មារតី​របស់​គាត់ បង្ហាញ​ឲ្យ​មនុស្ស‌ម្នា​ទាំង​អស់​ឃើញ​ថា គាត់​ពិត​ជា​ល្ងី‌ល្ងើ​មែន។ ប្រសិន​បើ​ចៅហ្វាយ​នាយ​របស់​អ្នក​ខឹង​នឹង​អ្នក កុំ​បោះ​បង់​ចោល​មុខងារ​របស់​អ្នក​ឡើយ ដ្បិត​ការ​ចេះ​ទប់​ចិត្ត​អាច​ចៀស‌វាង​កំហុស​ដ៏​ធ្ងន់។ ខ្ញុំ​ឃើញ​ការ​អាក្រក់​មួយ​ទៀត​នៅ​លើ​ផែនដី គឺ​មេ​ដឹក​នាំ​ក៏​អាច​ភ្លាត់​ដែរ។ ជួន​កាល​មនុស្ស​ល្ងី‌ល្ងើ​ទទួល​តំណែង​ដ៏​ខ្ពង់‌ខ្ពស់ ហើយ​អ្នក​មាន​ទទួល​តំណែង​តូច‌តាច។ ខ្ញុំ​ធ្លាប់​ឃើញ​ទាសករ​ជិះ​សេះ តែ​មន្ត្រី​ខ្ពង់‌ខ្ពស់​បែរ​ជា​ដើរ​ជើង​ទទេ ដូច​ទាសករ​ទៅ​វិញ។ អ្នក​ជីក​រណ្ដៅ​រមែង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​នោះ រីឯ​អ្នក​ដែល​ទម្លុះ​ជញ្ជាំង រមែង​ត្រូវ​ពស់​ចឹក។ អ្នក​គាស់​ថ្ម​រមែង​ត្រូវ​របួស ហើយ​អ្នក​ពុស​អុស​ក៏​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ដែរ។ ប្រសិន​បើ​មិន​សំលៀង​ពូថៅ​ដែល​មាន​មុខ​រឹល​ទេ នោះ​ត្រូវ​ប្រើ​កម្លាំង​ជា​ច្រើន។ រីឯ​ប្រាជ្ញា​វិញ​តែងតែ​នាំ​ឲ្យ​សម្រេច​ជោគ‌ជ័យ។