ការយល់សប្ដិច្រើនសុទ្ធតែឥតបានការយ៉ាងណា ពោលពាក្យសម្ដីច្រើនក៏ឥតបានការយ៉ាងនោះដែរ។ ហេតុនេះ ចូរគោរពកោតខ្លាចព្រះជាម្ចាស់។ ប្រសិនបើអ្នកឃើញគេជិះជាន់ប្រជាជនក្រីក្រនៅក្នុងស្រុក ឬក៏ឃើញគេរំលោភច្បាប់ និងបំពានលើយុត្តិធម៌ មិនត្រូវងឿងឆ្ងល់ឡើយ។ អ្នកធំតែងតែគាំទ្រអ្នកធំដូចគ្នា ហើយមានអ្នកធំផ្សេងទៀតត្រួតពីលើអ្នកទាំងពីរ។ ភោគផលដែលកើតចេញពីដី ផ្ដល់អាហារដល់មនុស្សទាំងអស់ សូម្បីតែស្ដេចក៏ទទួលស្បៀងអាហារពីស្រែចម្ការដែរ។ អ្នកស្រឡាញ់ប្រាក់ពុំដែលស្កប់ចិត្តនឹងប្រាក់ទេ រីឯអ្នកស្រឡាញ់ទ្រព្យសម្បត្តិ ក៏មិនអាចទាញផលប្រយោជន៍អ្វីពីទ្រព្យសម្បត្តិរបស់ខ្លួនបានដែរ។ ត្រង់នេះក៏នៅតែឥតបានការ។ ទ្រព្យសម្បត្តិកើនចំនួនច្រើនឡើងប៉ុណ្ណា មនុស្សដែលដេកស៊ីទ្រព្យសម្បត្តិនោះ ក៏កើនចំនួនច្រើនឡើងប៉ុណ្ណោះដែរ។ ម្ចាស់ទ្រព្យនឹងមិនទទួលផលប្រយោជន៍អ្វីពីទ្រព្យរបស់ខ្លួន ក្រៅពីឃើញទ្រព្យនោះផ្ទាល់នឹងភ្នែកឡើយ។ អ្នកដែលធ្វើការនឿយហត់ រមែងដេកលក់ស្រួល ទោះបីគេមានអាហារបរិភោគតិច ឬច្រើនក្ដី រីឯអ្នកមានវិញ ទោះបីគេមានអាហារបរិភោគច្រើនយ៉ាងណា ក៏ដេកមិនលក់ដែរ។ ខ្ញុំសង្កេតឃើញការមួយទៀតគួរឲ្យបារម្ភនៅលើផែនដី គឺមនុស្សសន្សំទ្រព្យទុកសម្រាប់ឲ្យខ្លួនឯងវេទនា។ អ្នកនោះបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការអាក្រក់ណាមួយ ពេលកូនកើតមក នោះគ្មានអ្វីទុកឲ្យកូនឡើយ។ អ្នកនោះកើតពីផ្ទៃម្ដាយមកខ្លួនទទេយ៉ាងណា ក៏វិលត្រឡប់ទៅវិញខ្លួនទទេយ៉ាងនោះដែរ។ គេនឹងលាចាកលោកនេះទៅដោយដៃទទេ គឺមិនអាចយកទ្រព្យដែលខ្លួនខំប្រឹងប្រែងរកនោះទៅជាមួយបានឡើយ។ ត្រង់នេះគឺជាការមួយទៀតគួរឲ្យបារម្ភ គេកើតមកផែនដីយ៉ាងណា គេក៏វិលត្រឡប់ទៅវិញយ៉ាងនោះដែរ។ អ្វីៗដែលគេប្រឹងប្រែងធ្វើឥតបានផលប្រយោជន៍អ្វីឡើយ ដូចដេញចាប់ខ្យល់។ មិនតែប៉ុណ្ណោះសោតគេរស់នៅ ក្នុងភាពអាប់អួរជារៀងរាល់ថ្ងៃ ព្រមទាំងកើតទុក្ខកង្វល់វេទនា និងក្ដៅក្រហាយផង។ ខ្ញុំយល់ឃើញដូចតទៅនេះ: ក្នុងពេលដែលព្រះជាម្ចាស់ប្រទានឲ្យមនុស្សនៅមានជីវិតដ៏ខ្លីនេះ គេត្រូវតែស៊ីផឹក ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើនៅលើផែនដី។ នេះហើយជាអំណោយទានដែលព្រះជាម្ចាស់ប្រទានឲ្យ។ អ្នកណាដែលព្រះជាម្ចាស់ប្រទានឲ្យមានទ្រព្យសម្បត្តិ និងធនធាន ព្រមទាំងប្រោសប្រទានឲ្យមានលទ្ធភាពប្រើប្រាស់ទ្រព្យធន ដែលជាចំណែករបស់ខ្លួន ហើយទាញផលប្រយោជន៍ពីកិច្ចការដែលខ្លួនខំប្រឹងប្រែងធ្វើ អ្នកនោះត្រូវគិតថា នេះហើយជាអំណោយទានរបស់ព្រះជាម្ចាស់។ ពេលនោះ គេនឹងមិននឹកនាពីអាយុជីវិតដ៏ខ្លីរបស់គេទេ ដ្បិតព្រះជាម្ចាស់ប្រទានឲ្យចិត្តគេមានអំណរសប្បាយ។
អាន សាស្ដា 5
ស្ដាប់នូវ សាស្ដា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាស្ដា 5:7-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ