អេភេសូ 1:17-23

អេភេសូ 1:17-23 គខប

សូម​ឲ្យ​ព្រះ​របស់​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​អម្ចាស់​នៃ​យើង គឺ​ព្រះ‌បិតា​ប្រកប​ដោយ​សិរី‌រុងរឿង​ប្រទាន​ព្រះ‌វិញ្ញាណ​ឲ្យ​បងប្អូន​មាន​ប្រាជ្ញា និង​សម្តែង​ឲ្យ​បងប្អូន​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់។ សូម​ព្រះ‌បិតា​បំភ្លឺ​ចិត្ត​គំនិត​បងប្អូន​ឲ្យ​យល់​ថា ដោយ​ព្រះអង្គ​ត្រាស់​ហៅ​បងប្អូន បងប្អូន​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​ណា និង​យល់​ថា ដោយ​បងប្អូន​ទទួល​មត៌ក​រួម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ* បងប្អូន​នឹង​មាន​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លុប​យ៉ាង​ណា​ដែរ!។ សូម​ព្រះអង្គ​ប្រទាន​ឲ្យ​បងប្អូន​យល់​ទៀត​ថា ឫទ្ធា‌នុភាព​ដ៏​អស្ចារ្យ​បំផុត​ដែល​ព្រះអង្គ​សម្តែង​មក ជា​ប្រយោជន៍​ដល់​យើង​ជា​អ្នក​ជឿ មាន​ទំហំ​ធំ‌ធេង​យ៉ាង​ណា ស្រប​តាម​មហិទ្ធិ‌ឫទ្ធិ​នៃ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង‌ក្លា ដែល​ព្រះអង្គ​បាន​សម្តែង​ក្នុង​អង្គ​ព្រះ‌គ្រិស្ត។ ព្រះអង្គ​បាន​សម្តែង​មហិទ្ធិ‌ឫទ្ធិ​នេះ ដោយ​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ និង​ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​នៅ​ស្ថាន​បរម‌សុខ ខ្ពស់​ជាង​វត្ថុ​ស័ក្ដិ‌សិទ្ធិ​គ្រប់​យ៉ាង ខ្ពស់​ជាង​អ្វីៗ​ដែល​មាន​អំណាច មាន​ឫទ្ធិ មាន​បារមី​គ្រប់‌គ្រង និង​ខ្ពស់​លើស​អ្វីៗ​ដែល​មាន​ឈ្មោះ​មិន​ត្រឹម​តែ​នៅ​លោក​នេះ​ទេ គឺ​នៅ​លោក​ខាង​មុខ​ទៀត​ផង ។ ព្រះ‌ជាម្ចាស់​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌គ្រិស្ត ព្រម​ទាំង​ប្រទាន​ឲ្យ​ព្រះអង្គ​គង់​នៅ​លើ​អ្វីៗ​ទាំង​អស់ ធ្វើ​ជា​សិរសា​លើ​ក្រុម‌ជំនុំ ដែល​ជា​ព្រះ‌កាយ​របស់​ព្រះអង្គ។ ក្រុម‌ជំនុំ​នេះ​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌គ្រិស្ត ហើយ​ព្រះ‌គ្រិស្ត​ផ្ទាល់​ក៏​បាន​ពោរ‌ពេញ​ដោយ​គ្រប់​លក្ខណ‌សម្បត្តិ​របស់​ព្រះ‌ជាម្ចាស់​ដែរ ។