អេភេសូ 2:8-13

អេភេសូ 2:8-13 គខប

ព្រះអង្គ​សង្គ្រោះ​បងប្អូន​ដោយ‌សារ​ព្រះ‌គុណ តាម​រយៈ​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បងប្អូន​ទេ គឺ​ជា​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ហើយ​ក៏​មិន​មែន​មក​ពី​មនុស្ស​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​អួត​ខ្លួន​បាន។ យើង​ជា​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ល្អ ដែល​ព្រះអង្គ​បាន​បម្រុង​ទុក​ជា​មុន សម្រាប់​ឲ្យ​យើង​ប្រព្រឹត្ត​តាម។ ដូច្នេះ សូម​បងប្អូន​ចង​ចាំ​ថា: ពី​ដើម បងប្អូន​កើត​មក​ជា​សាសន៍​ដទៃ ហើយ​សាសន៍​យូដា​ដែល​ចាត់​ទុក​ថា​ខ្លួន​ជា «ពួក​កាត់​ស្បែក» ហៅ​បងប្អូន​ថា «ពួក​មិន​កាត់​ស្បែក» ព្រោះ​គេ​សម្គាល់​ទៅ​លើ​សញ្ញា​មួយ​ដែល​គេ​ធ្វើ​លើ​រូប​កាយ។ កាល​ណោះ បងប្អូន​នៅ​ឆ្ងាយ​ពី​ព្រះ‌គ្រិស្ត គ្មាន​សិទ្ធិ​ចូល​ជាតិ​អ៊ីស្រា‌អែល គ្មាន​ទំនាក់‌ទំនង​អ្វី​នឹង​សម្ពន្ធ‌មេត្រី* ដែល​ចង​ឡើង​ដោយ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់​ទេ បងប្អូន​រស់​នៅ​ក្នុង​លោក​នេះ ដោយ​គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះ‌ជាម្ចាស់​ដែរ។ កាល​ពី​ដើម បងប្អូន​នៅ​ឆ្ងាយ​មែន ក៏​ប៉ុន្តែ ឥឡូវ​នេះ ដោយ​បងប្អូន​រួម​ក្នុង​អង្គ​ព្រះ‌យេស៊ូ​គ្រិស្ត បងប្អូន​បាន​មក​នៅ​ជិត​ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ត។