នាងអេសធើរ 3:1-6

នាងអេសធើរ 3:1-6 គខប

ក្រោយ​ហេតុ‌ការណ៍​ទាំង​នោះ​មក ព្រះ‌រាជា​បាន​តែង‌តាំង​លោក​ហាម៉ាន ជា​កូន​របស់​លោក​ហាំម្ដា‌ថា ដែល​ជា​ពូជ‌ពង្ស​របស់​ស្ដេច​អកាក់ ឲ្យ​ធ្វើ​ជា​មហា​មន្ត្រី និង​ជា​ប្រមុខ​លើ​មេ​ដឹក​នាំ​ទាំង​អស់។ ព្រះ‌រាជា​បាន​ចេញ​បញ្ជា​ឲ្យ​រាជ​បម្រើ​ទាំង​អស់ ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង ឱន​គោរព និង​ថ្វាយ‌បង្គំ​លោក​ហាម៉ាន តែ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ឱន​គោរព ឬ​ថ្វាយ‌បង្គំ​លោក​ហាម៉ាន​ទេ។ ពួក​រាជ​បម្រើ ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​វាំង ពោល​ទៅ​កាន់​លោក​ម៉ាដេ‌កាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ធ្វើ​តាម​បញ្ជា​របស់​ស្ដេច?»។ ពួក​គេ​តែងតែ​សួរ​លោក​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ លោក​មិន​ស្ដាប់​ពួក​គេ​ឡើយ។ លោក​បាន​ប្រាប់​ពួក​គេ​ថា លោក​ជា​ជន‌ជាតិ​យូដា។ ដូច្នេះ ពួក​គេ​ក៏​រាយ‌ការណ៍​ប្រាប់​លោក​ហាម៉ាន ព្រោះ​ចង់​ដឹង​ថា តើ​លោក​ម៉ាដេ‌កាយ​នៅ​តែ​ប្រកាន់​ជំហរ​បែប​នេះ ឬ​យ៉ាង​ណា។ ពេល​លោក​ហាម៉ាន​ឃើញ​លោក​ម៉ាដេ‌កាយ​ពុំ​ព្រម​ឱន​គោរព ឬ​ថ្វាយ‌បង្គំ​លោក​ទេ​នោះ លោក​ខឹង​ជា​ខ្លាំង។ មាន​គេ​ជម្រាប​លោក​ហាម៉ាន​ថា លោក​ម៉ាដេ‌កាយ​ជា​ជន‌ជាតិ​យូដា ដូច្នេះ លោក​ហាម៉ាន​ក៏​យល់​ថា នេះ​ជា​មូល​ហេតុ​មួយ ដែល​ត្រូវ​តែ​កម្ចាត់​លោក​ម៉ាដេ‌កាយ​ចោល។ លោក​ក៏​រក​មធ្យោ‌បាយ​លុប​បំបាត់​ជន‌ជាតិ​យូដា ជា​ជន​រួម​ជាតិ​របស់​លោក​ម៉ាដេ‌កាយ ឲ្យ​វិនាស​សូន្យ​ពី​រាជា‌ណាចក្រ​របស់​ព្រះចៅ​អហា‌ស៊ូរុស។