និក្ខមនំ 13
13
ក្រឹត្យវិន័យផ្សេងទៀតដែលទាក់ទងនឹងបុណ្យចម្លង
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2 «ត្រូវញែកកូនច្បងទាំងអស់ ទោះបីមនុស្ស ឬសត្វក្ដី ទុកជាសក្ការៈសម្រាប់យើង។ កូនដំបូងទាំងអស់នៃជនជាតិអ៊ីស្រាអែលជាកម្មសិទ្ធិរបស់យើង»។
3លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នានឹកចាំពីថ្ងៃនេះ គឺថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។ ព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ នាំអ្នករាល់គ្នាចេញពីស្រុកនោះមក។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបរិភោគនំប៉័ងមានមេទេ។
4ថ្ងៃនេះ នៅក្នុងខែចេត្រ អ្នករាល់គ្នាចេញដំណើរ។ 5ពេលព្រះអម្ចាស់នាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិហេវី និងជនជាតិយេប៊ូស ជាទឹកដីដ៏សម្បូណ៌សប្បាយ ដែលព្រះអង្គសន្យាជាមួយពួកបុព្វបុរសថា នឹងប្រទានឲ្យអ្នករាល់គ្នា នោះត្រូវនាំគ្នាគោរពបម្រើព្រះអម្ចាស់ ដោយធ្វើពិធីបុណ្យចម្លងក្នុងខែនេះ។ 6ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ ហើយនៅថ្ងៃទីប្រាំពីរ ចូរធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់។ 7ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ ត្រូវបរិភោគតែនំប៉័ងឥតមេ មិនត្រូវឲ្យមាននំប៉័ងមានមេស្ថិតនៅក្នុងផ្ទះរបស់អ្នក ហើយក៏មិនត្រូវមានមេនំប៉័ងនៅលើទឹកដីរបស់អ្នកដែរ។ 8នៅថ្ងៃបុណ្យនោះ អ្នករាល់គ្នាត្រូវរៀបរាប់ប្រាប់កូនចៅរបស់អ្នករាល់គ្នាថា: “ពួកយើងធ្វើបុណ្យនេះ ដ្បិតព្រះអម្ចាស់បានជួយពួកយើងឲ្យចាកចេញពីស្រុកអេស៊ីប”។ 9ពិធីបុណ្យនេះជាសេចក្ដីរំឭកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដើម្បីឲ្យអ្នករាល់គ្នាចងចាំ ហើយប្រកាសក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គបានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែ នាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ 10ដូច្នេះ រៀងរាល់ឆ្នាំ ពេលដល់ថ្ងៃកំណត់ អ្នករាល់គ្នាត្រូវធ្វើតាមច្បាប់នេះ។
11ពេលព្រះអម្ចាស់នាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជាទឹកដីដែលព្រះអង្គប្រគល់ឲ្យអ្នករាល់គ្នា ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នានោះ 12 អ្នករាល់គ្នាត្រូវថ្វាយកូនប្រុសច្បង និងកូនឈ្មោលដំបូងរបស់ហ្វូងសត្វទៅព្រះអម្ចាស់ ដ្បិតកូនច្បងទាំងអស់ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ 13ចំណែកឯកូនដំបូងរបស់សត្វលា នោះអ្នករាល់គ្នាត្រូវយកកូនចៀមមកថ្វាយជំនួសវិញ។ ប្រសិនបើអ្នករាល់គ្នាមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នករាល់គ្នាក៏ត្រូវលោះកូនប្រុសច្បងរបស់អ្នករាល់គ្នាដែរ។ 14នៅពេលអនាគត ប្រសិនបើកូនចៅរបស់អ្នករាល់គ្នាសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ? ត្រូវឆ្លើយថា: ព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែនាំពួកយើងចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកយើងជាប់ជាទាសករ។ 15ពេលនោះ ស្ដេចផារ៉ោនមិនព្រមអនុញ្ញាតឲ្យពួកយើងចេញមកទេ។ ដូច្នេះ ព្រះអម្ចាស់បានប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប គឺទាំងកូនច្បងរបស់មនុស្ស ទាំងកូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងយកកូនឈ្មោលដំបូងទាំងអស់របស់សត្វបូជាថ្វាយព្រះអម្ចាស់ តែពួកយើងលោះកូនប្រុសច្បងរបស់ពួកយើងវិញ។ 16យញ្ញបូជានេះជាសេចក្ដីរំឭកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដ្បិតព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែ នាំពួកយើងចេញពីស្រុកអេស៊ីប»។
ព្រះជាម្ចាស់ដឹកនាំប្រជារាស្ដ្ររបស់ព្រះអង្គ
17ពេលព្រះចៅផារ៉ោនបើកឲ្យប្រជាជនអ៊ីស្រាអែលចាកចេញទៅនោះ ព្រះជាម្ចាស់ពុំបាននាំពួកគេតាមផ្លូវទៅស្រុកភីលីស្ទីនទេ ទោះបីផ្លូវនោះជាផ្លូវជិតក៏ដោយ ដ្បិតព្រះអង្គនឹកគិតថា ប្រសិនបើប្រជាជនជួបប្រទះនឹងសង្គ្រាម ពួកគេអាចដូរគំនិត ហើយចង់ត្រឡប់ទៅស្រុកអេស៊ីបវិញ។ 18ហេតុនេះ ព្រះអង្គនាំពួកគេទៅតាមផ្លូវវាង ឆ្លងកាត់វាលរហោស្ថានឆ្ពោះទៅសមុទ្រកក់។ ជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ទាំងនាំរបស់របរគ្រប់យ៉ាងទៅជាមួយផង។
19 លោកម៉ូសេបានយកធាតុរបស់លោកយ៉ូសែបទៅជាមួយលោកដែរ ដ្បិតលោកយ៉ូសែបបានប្រាប់កូនចៅអ៊ីស្រាអែលថា «ព្រះជាម្ចាស់ប្រាកដជាមកជួយអ្នករាល់គ្នាមិនខាន ដូច្នេះ សុំស្បថនឹងខ្ញុំថា ពេលណាអ្នករាល់គ្នាចាកចេញពីទីនេះទៅ សុំយកធាតុរបស់ខ្ញុំចេញទៅជាមួយផង»។
20ជនជាតិអ៊ីស្រាអែលចេញដំណើរពីក្រុងសិកូត ទៅបោះជំរំត្រង់អេថាម ដែលស្ថិតនៅជាយវាលរហោស្ថាន។ 21នៅពេលថ្ងៃ ព្រះអម្ចាស់នាំមុខពួកគេដោយដុំពពក* នៅពេលយប់ ព្រះអង្គនាំមុខពួកគេដោយដុំភ្លើង ដែលបំភ្លឺផ្លូវពួកគេ។ ដូច្នេះ ពួកគេអាចធ្វើដំណើរទាំងថ្ងៃ ទាំងយប់។ 22នៅពេលថ្ងៃ ដុំពពកមិនដែលឃ្លាតពីមុខប្រជាជនឡើយ ហើយនៅពេលយប់ ដុំភ្លើងស្ថិតនៅមុខពួកគេជានិច្ច។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 13: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.