និក្ខមនំ ពាក្យ​លំនាំ

ពាក្យ​លំនាំ
ក្នុង​កណ្ឌ «និក្ខមនំ» មាន​រៀប​រាប់​អំពី​ព្រះ‌ជាម្ចាស់​រំដោះ​ប្រជា‌ជន​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។ ព្រះអង្គ​បង្ហាញ​ឲ្យ​ពួក​គេ​ស្គាល់​ព្រះអង្គ ដោយ​រំដោះ​ពួក​គេ​ពី​ទាស‌ភាព នៅ​ស្រុក​អេស៊ីប: «យើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក! យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ»(នក២០.២)។ បទ‌បញ្ជា​ទាំង​ដប់​ប្រការ​ក៏​ជា​គ្រឹះ​នៃ​សេរី‌ភាព​ថ្មី​នេះ​ដែរ គឺ​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​រំដោះ​ជន‌ជាតិ​យូដា ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ពួក​គេ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះអង្គ ដោយ​ប្រព្រឹត្ត​តាម​វិន័យ​ទាំង​នេះ។
ក្នុង​កណ្ឌ​គម្ពីរ «និក្ខមនំ» មាន​រៀប​រាប់​អំពី​ព្រឹត្តិ‌ការណ៍​ដូច​ត​ទៅ៖
• ប្រជា‌ជន​អ៊ីស្រា‌អែល​ដែល​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អេស៊ីប​បាន​កើន​ចំនួន​ឡើង ប៉ុន្តែ ពួក​គេ​ក្លាយ​ទៅ​ជា​ទាសករ​របស់​ម្ចាស់​ស្រុក។ ព្រះ‌អម្ចាស់​ត្រាស់​ហៅ​លោក​ម៉ូសេ និង​ចាត់​លោក​ឲ្យ​ទៅ​រំដោះ​ប្រជា‌ជន​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប (១.១-១៥.២១)។
• ព្រះ‌ជាម្ចាស់​នាំ​អ៊ីស្រា‌អែល​ឆ្លង​កាត់​វាល​រហោ‌ស្ថាន​រហូត​ដល់​ភ្នំ​ស៊ីណៃ (១៥.២២-១៨.២៧)។
• ព្រះ‌ជាម្ចាស់​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល (១៩.១-២៤.១៨) គឺ​ព្រះអង្គ​ទទួល​ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ព្រះអង្គ ហើយ​ពួក​គេ​ក៏​ប្ដេជ្ញា​ចិត្ត​គោរព​បម្រើ​ព្រះអង្គ ទុក​ជា​ព្រះ​របស់​ពួក​គេ ដោយ​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះអង្គ។
• ព្រះ‌ជាម្ចាស់​ប្រទាន​បទ‌បញ្ជា​សម្រាប់​សង់​ព្រះ‌ពន្លា (២៥-៣១)។
• ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​គោរព​ថ្វាយ‌បង្គំ​រូប​កូន​គោ ព្រះអង្គ​ដាក់​ទោស​ពួក​គេ (៣២-៣៤)។
• ជន‌ជាតិ​អ៊ីស្រា‌អែល​សង់​ទីសក្ការៈ (៣៥-៤០)។
ព្រឹត្តិ‌ការណ៍​ទាំង​នេះ​កើត​មាន​នៅ​សតវត្សរ៍​ទី​១៣ មុន​គ.ស. គឺ​ក្នុង​សម័យ​លោក​ម៉ូសេ។ តាំង​ពី​ជំនាន់​នោះ​រហូត​ដល់​សតវត្សរ៍​ទី​១០ អ្នក​ស្រុក​តែង​តំណាល​ពី​ព្រឹត្តិ‌ការណ៍​ទាំង​នេះ​ប្រាប់​កូន​ចៅ​តៗ​គ្នា។ ក្រោយ​មក ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​ជា​លាយ‌លក្ខណ៍​អក្សរ​បន្ត​បន្ទាប់​គ្នា ដោយ​មាន​បំណង​ចង់​អប់រំ​ជំនឿ​ដល់​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ជំនាន់​របស់​ពួក​គេ​រៀងៗ​ខ្លួន។
សេចក្ដី​ដែល​មាន​ចែង​ក្នុង​កណ្ឌ «និក្ខមនំ»នេះ ជួយ​អប់រំ​មនុស្ស​យើង​ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់​កាន់​តែ​ច្បាស់​ឡើងៗ និង​ឲ្យ​ស្គាល់​គម្រោង‌ការ​របស់​ព្រះអង្គ​ដែរ គឺ​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​ប្រជា‌ជន​មួយ ហើយ​ណែ‌នាំ​គេ ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌យេស៊ូ ដែល​យាង​មក​ចង​សម្ពន្ធ‌មេត្រី​ថ្មី និង​សង្គ្រោះ​មនុស្ស​លោក​ទាំង​អស់។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ ពាក្យ​លំនាំ: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល