ឱបងប្អូនអ្នកស្រុកកាឡាទីអើយ ម្ដេចក៏ល្ងីល្ងើម៉្លេះ! តើបងប្អូនត្រូវអំពើរបស់នរណា? បងប្អូនបានទទួលសេចក្ដីបរិយាយអំពីព្រះយេស៊ូគ្រិស្ត ដែលត្រូវគេឆ្កាងនោះយ៉ាងច្បាស់លាស់ហើយទេតើ! ខ្ញុំគ្រាន់តែចង់ដឹងសេចក្ដីមួយប៉ុណ្ណោះ សូមបងប្អូនប្រាប់ខ្ញុំមើល៍ តើបងប្អូនបានទទួលព្រះវិញ្ញាណមកពីបានប្រព្រឹត្តតាមក្រឹត្យវិន័យ ឬមកពីជឿដំណឹងល្អដែលបងប្អូនបានស្ដាប់? ម្ដេចក៏បងប្អូនល្ងីល្ងើម៉្លេះ! បងប្អូនបានចាប់ផ្ដើមជីវិតថ្មីដោយព្រះវិញ្ញាណ តែឥឡូវនេះ ម្ដេចក៏ចង់បញ្ចប់តាមរបៀបលោកីយ៍វិញដូច្នេះ? បងប្អូនមានការពិសោធយ៉ាងច្រើននោះ តើអសារឥតការឬ? ទេ មិនមែនឥតបានការឡើយ! ព្រះជាម្ចាស់បានប្រទានព្រះវិញ្ញាណមកបងប្អូន និងបញ្ចេញសកម្មភាព ដោយសម្តែងបាដិហារិយ៍ផ្សេងៗក្នុងចំណោមបងប្អូននោះ តើព្រះអង្គធ្វើដូច្នេះ មកពីបងប្អូនប្រព្រឹត្តតាមក្រឹត្យវិន័យ ឬមកពីបងប្អូនបានជឿដំណឹងល្អ ដែលបងប្អូនបានស្ដាប់? លោកអប្រាហាំជឿលើព្រះជាម្ចាស់ ហើយព្រះអង្គប្រោសលោកឲ្យសុចរិត ដោយយល់ដល់ជំនឿនេះ ។ ដូច្នេះ សូមបងប្អូនយល់ថា អ្នកណាមានជំនឿ អ្នកនោះហើយជាកូនចៅរបស់លោកអប្រាហាំ។ ក្នុងគម្ពីរមានគ្រោងទុកជាមុនថា ព្រះជាម្ចាស់នឹងប្រោសសាសន៍ដទៃឲ្យសុចរិត ដោយសារជំនឿ ហើយលោកអប្រាហាំបានទទួលដំណឹងល្អនេះជាមុនថា «ជាតិសាសន៍ទាំងអស់នឹងទទួលពរ ដោយសារអ្នក» ។ ហេតុនេះ អស់អ្នកដែលមានជំនឿក៏បានទទួលព្រះពររួមជាមួយលោកអប្រាហាំ ដែលជាអ្នកមានជំនឿនោះដែរ។ រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យនោះវិញ គេត្រូវបណ្ដាសាហើយ ដ្បិតមានចែងទុកមកថា «អ្នកណាមិនប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរវិន័យយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នកនោះត្រូវបណ្ដាសាហើយ» ។ មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដោយពឹងលើក្រឹត្យវិន័យនោះឡើយ ដ្បិត «មនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ» ។ រីឯក្រឹត្យវិន័យប្លែកពីជំនឿទាំងស្រុង ព្រោះមានចែងថា «អ្នកណាប្រតិបត្តិតាមសេចក្ដីទាំងនេះ អ្នកនោះនឹងមានជីវិតដោយបានប្រព្រឹត្តតាមសេចក្ដីទាំងនេះ» ។ ដោយព្រះគ្រិស្តបានទទួលបណ្ដាសាសម្រាប់យើង ព្រះអង្គលោះយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីក្រឹត្យវិន័យ ដ្បិតមានចែងទុកមកថា «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!» ។ ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យព្រះពរដែលលោកអប្រាហាំទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈព្រះគ្រិស្តយេស៊ូដែរ ហើយឲ្យយើងទទួលព្រះវិញ្ញាណដែលព្រះជាម្ចាស់បានសន្យាប្រទានមក ដោយយើងមានជំនឿ។
អាន កាឡាទី 3
ស្ដាប់នូវ កាឡាទី 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 3:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ