លោកុប្បត្តិ 12
12
ប្រវត្តិរបស់លោកអប្រាហាំ
ព្រះអម្ចាស់ត្រាស់ហៅលោកអាប់រ៉ាម
1 #
កក. ៧.២-៣; ហប. ១១.៨ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរចាកចេញពីស្រុករបស់អ្នក ចាកចេញពីញាតិសន្ដាន និងចាកចេញពីក្រុមគ្រួសារឪពុករបស់អ្នក តម្រង់ឆ្ពោះទៅស្រុកដែលយើងនឹងបង្ហាញអ្នក#១២.១ ដំណើររបស់លោកអប្រាហាំឆ្ពោះទៅកាន់ស្រុកមួយដែលលោកពុំស្គាល់ ជាសក្ខីភាពនៃជំនឿរបស់លោក ដែលក្រោយមកគេហៅលោកថា «ឪពុកនៃអស់អ្នកជឿ»។។
2យើងនឹងឲ្យប្រជាជាតិមួយដ៏ធំកើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្ដល់ពរដល់អ្នកដទៃចុះ!។
3 #
កាឡ. ៣.៨
យើងនឹងឲ្យពរដល់ជនទាំងឡាយណា
ដែលឲ្យពរអ្នក យើងក៏នឹងដាក់បណ្ដាសា
ដល់ជនទាំងឡាយណា ដែលដាក់បណ្ដាសាអ្នកដែរ
ក្រុមគ្រួសារទាំងអស់នៅលើផែនដី
នឹងបានទទួលពរដោយសារអ្នក»#១២.៣ យើងអាចបកប្រែឃ្លានេះ ម្យ៉ាងទៀតថា «ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងជូនពរគ្នាទៅវិញទៅមកក្នុងនាមអ្នក»។។
4លោកអាប់រ៉ាមក៏ចេញដំណើរទៅ តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ ហើយលោកឡុតក៏ទៅជាមួយលោកដែរ។ 5នៅពេលលោកអាប់រ៉ាមចាកចេញពីស្រុកហារ៉ានទៅនោះ លោកមានអាយុចិតសិបប្រាំឆ្នាំ។ លោកបាននាំលោកស្រីសារ៉ាយជាភរិយា និងលោកឡុតជាក្មួយទៅជាមួយ។ លោកក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកលោករកបាន ព្រមទាំងអ្នកបម្រើដែលពួកលោកទិញបាន នៅស្រុកហារ៉ានទៅជាមួយដែរ។ ពួកលោកនាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។
លោកអាប់រ៉ាមនៅស្រុកកាណាន
លុះបានមកដល់ស្រុកកាណានហើយ 6លោកអាប់រ៉ាមដើរកាត់ស្រុកកាណានរហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់លោកតាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។ 7#កក. ៧.៥; កាឡ. ៣.១៦ព្រះអម្ចាស់បានយាងមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក»។ នៅទីនោះ លោកអាប់រ៉ាមបានសង់អាសនៈមួយ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដែលបានយាងមកឲ្យលោកឃើញ។
8បន្ទាប់មក លោកចាកចេញពីទីនោះឆ្ពោះទៅកាន់តំបន់ភ្នំ ដែលនៅខាងកើតបេតអែល លោកបោះជំរំនៅចន្លោះបេតអែល ដែលនៅខាងលិច និងក្រុងអៃ ដែលនៅខាងកើត។ លោកបានសង់អាសនៈមួយសម្រាប់ថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ហើយគោរពបម្រើព្រះនាមព្រះអម្ចាស់។ 9លោកបន្តដំណើរពីកន្លែងមួយ ទៅកន្លែងមួយ ឆ្ពោះទៅកាន់តំបន់ណេកិប។
លោកអាប់រ៉ាមទៅស្នាក់នៅស្រុកអេស៊ីប
10ពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ លោកអាប់រ៉ាមចុះទៅស្រុកអេស៊ីប ដើម្បីស្នាក់នៅទីនោះ ដ្បិតទុរ្ភិក្សកើតរឹតតែខ្លាំងឡើងៗ។ 11ពេលទៅដល់ជិតស្រុកអេស៊ីប លោកមានប្រសាសន៍ទៅកាន់លោកស្រីសារ៉ាយជាភរិយាថា៖ «មើល៍ បងដឹងច្បាស់ថាអូនមានរូបស្អាតណាស់។ 12ហេតុនេះ ពេលជនជាតិអេស៊ីបឃើញអូនគេមុខជាពោលថា “នាងនេះជាប្រពន្ធរបស់គាត់!” គេនឹងសម្លាប់បងជាមិនខាន ហើយទុកជីវិតអូនឲ្យនៅរស់។ 13#លប. ២០.២, ២៦.៧ដូច្នេះ សូមអូននិយាយថា អូនជាប្អូនស្រីរបស់បង ដើម្បីឲ្យគេរាប់រកបងដោយមេត្រី ព្រោះតែអូន ហើយបងនឹងបានរួចជីវិត ក៏ដោយសារតែអូនដែរ»។ 14កាលលោកអាប់រ៉ាមទៅដល់ស្រុកអេស៊ីបហើយ ជនជាតិអេស៊ីបបានឃើញថា ភរិយារបស់លោកមានរូបស្អាតណាស់។ 15ពួកមន្ត្រីរបស់ព្រះចៅផារ៉ោនក៏បានឃើញគាត់ដែរ ហើយនាំគ្នាសរសើរពីគាត់ទូលព្រះចៅផារ៉ោន។ គេក៏នាំលោកស្រីសារ៉ាយចូលទៅក្នុងវាំងរបស់ព្រះចៅផារ៉ោន។ 16រីឯលោកអាប់រ៉ាមវិញ គេរាប់រកលោកដោយមេត្រី ព្រោះតែភរិយារបស់លោក។ គេបានយកចៀម គោ លា អ្នកបម្រើប្រុសស្រី លាញី និងអូដ្ឋ មកជូនលោកអាប់រ៉ាម។ 17ប៉ុន្តែ ព្រះអម្ចាស់បានធ្វើឲ្យព្រះចៅផារ៉ោន និងព្រះញាតិវង្ស ជួបនឹងគ្រោះកាចដ៏សែនវេទនា ព្រោះតែលោកស្រីសារ៉ាយ ជាភរិយារបស់លោកអាប់រ៉ាម។
18ពេលនោះ ព្រះចៅផារ៉ោនកោះហៅលោកអាប់រ៉ាមមកមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកធ្វើបែបនេះចំពោះយើង? ម្ដេចក៏អ្នកមិនប្រាប់យើងថានាងជាភរិយារបស់អ្នក? 19ហេតុអ្វីបានជាអ្នកថានាងជាប្អូនទៅវិញ បណ្ដាលឲ្យយើងយកនាងមកធ្វើជាមហេសីរបស់យើងដូច្នេះ? នេះនែ៎ ភរិយារបស់អ្នក ចូរយកនាងចេញពីទីនេះទៅ!»។ 20ព្រះចៅផារ៉ោនបញ្ជារាជបម្រើឲ្យបើកផ្លូវដល់លោកអាប់រ៉ាម ចាកចេញទៅជាមួយភរិយារបស់លោក ទាំងយកអ្វីៗដែលជាកម្មសិទ្ធិរបស់លោកទៅជាមួយផង។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 12: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.