លោកុប្បត្តិ 35

35
លោក​យ៉ាកុប​ចាក​ចេញ​ពី​ស៊ី​គែម​ទៅ​បេត‌អែល
1 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ាកុប​ថា៖ «ចូរ​ក្រោក​ឡើង! ចូរ​ឡើង​ទៅ​ក្រុង​បេត‌អែល ហើយ​តាំង​ទី​លំ‌នៅ នៅ​កន្លែង​នោះ​ទៅ។ អ្នក​ត្រូវ​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌ជាម្ចាស់ ដែល​បាន​យាង​មក​ឲ្យ​អ្នក​ឃើញ នៅ​ពេល​អ្នក​រត់​គេច​ចេញ​ពី​អេសាវ ជា​បង​របស់​អ្នក»។ 2លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ថា៖ «ចូរ​ដក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​មាន​បោះ​ចោល រួច​នាំ​គ្នា​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ* ហើយ​ផ្លាស់​សម្លៀក‌បំពាក់​ទៅ។ 3យើង​នឹង​រៀបចំ​ខ្លួន​ឡើង​ទៅ​បេត‌អែល។ នៅ​ទី​នោះ ខ្ញុំ​នឹង​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ព្រះ‌ជាម្ចាស់ ដែល​បាន​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ នៅ​ថ្ងៃ​ខ្ញុំ​មាន​អាសន្ន ហើយ​ព្រះអង្គ​ក៏​បាន​គង់​ជា​មួយ​ខ្ញុំ នៅ​គ្រប់​ទី​កន្លែង​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ដែរ»។ 4គេ​បាន​នាំ​គ្នា​យក​រូប​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ដោះ​ក្រវិល​ត្រចៀក ជូន​លោក​យ៉ាកុប។ លោក​យ៉ាកុប​ក៏​យក​របស់​ទាំង​នោះ​ទៅ​កប់​ក្រោម​ដើម​ពោធិ នៅ​ជិត​ក្រុង​ស៊ីគែម។ 5បន្ទាប់​មក គេ​នាំ​គ្នា​ចេញ​ដំណើរ​ទៅ។ ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​អ្នក​ក្រុង​ទាំង​ប៉ុន្មាន​នៅ​ជិតៗ​នោះ ភ័យ​ខ្លាច​ក្រៃ‌លែង ដូច្នេះ ពុំ​មាន​នរណា​ហ៊ាន​ដេញ​តាម​កូន​ចៅ​របស់​លោក​យ៉ាកុប​ឡើយ។
6លោក​យ៉ាកុប និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​បាន​មក​ដល់​លូស គឺ​បេត‌អែល​ក្នុង​ស្រុក​កាណាន។ 7លោក​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ហើយ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ព្រះ​នៃ​បេត‌អែល” ព្រោះ​នៅ​កន្លែង​នោះ​ហើយ​ដែល​ព្រះ‌ជាម្ចាស់​បាន​យាង​មក​ឲ្យ​លោក​ឃើញ នៅ​ពេល​លោក​រត់​គេច​ចេញ​ពី​បង​របស់​លោក។ 8នៅ​គ្រា​នោះ លោក​ស្រី​ដេបូរ៉ា ដែល​ត្រូវ​ជា​មេ​ដោះ​របស់​លោក​ស្រី​រេបិកា បាន​ទទួល​មរណ‌ភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ជើង​ភ្នំ​បេត‌អែល​នោះ ក្រោម​ដើម​ជ្រៃ​មួយ ដែល​គេ​ហៅ​ថា “ដើម​ជ្រៃ​ទឹក​ភ្នែក”។
9ក្រោយ​ពេល​ដែល​លោក​យ៉ាកុប​ត្រឡប់​មក​ពី​ស្រុក​ប៉ាដាន់-‌អើរ៉ាម​វិញ ព្រះ‌ជាម្ចាស់​បាន​យាង​មក​ឲ្យ​លោក​ឃើញ​សា​ជា​ថ្មី ហើយ​ព្រះអង្គ​ប្រទាន​ពរ​លោក។ 10 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖
«អ្នក​ឈ្មោះ​យ៉ាកុប
តែ​គេ​នឹង​លែង​ហៅ​អ្នក​ថា​យ៉ាកុប​ទៀត​ហើយ
គឺ​អ្នក​នឹង​មាន​ឈ្មោះ​ថា​អ៊ីស្រា‌អែល​វិញ»។
ដូច្នេះ ព្រះអង្គ​ក៏​ដាក់​ឈ្មោះ​លោក​ថា
អ៊ីស្រា‌អែល ។
11 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​ជា​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
ចូរ​អ្នក​បង្កើត​កូន​ចៅ
ឲ្យ​បាន​ចំនួន​កើន​ឡើង​ជា​ច្រើន។
ប្រជា‌ជាតិ​មួយ និង​ប្រជា‌ជាតិ​ជា​ច្រើន​ទៀត
នឹង​កើត​ចេញ​ពី​អ្នក
ហើយ​ក៏​នឹង​មាន​ស្ដេច​ជា​ច្រើន​អង្គ​កើត​ចេញ​ពី
ពូជ‌ពង្ស​របស់​អ្នក​ដែរ។
12រីឯ​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ
អប្រាហាំ និង​អ៊ីសាក​នោះ
យើង​ក៏​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​អ្នក
ដែល​កើត​មក​តាម​ក្រោយ​ដែរ»។
13បន្ទាប់​មក ព្រះ‌ជាម្ចាស់​យាង​ចាក​ចេញ​ពី​កន្លែង ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​លោក​យ៉ាកុប​នោះ ឡើង​ទៅ​វិញ។ 14 លោក​យ៉ាកុប​បាន​បញ្ឈរ​ថ្ម​មួយ​ជា​ស្តូប នៅ​ត្រង់​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក ហើយ​លោក​ក៏​បាន​ច្រួច‌ស្រា​ទំពាំង‌បាយជូរ និង​ចាក់​ប្រេង​ពី​លើ​ថ្ម​នោះ​ទុក​ជា​ទីសក្ការៈ។ 15លោក​យ៉ាកុប​បាន​ដាក់​ឈ្មោះ​កន្លែង ដែល​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​នោះ​ថា «បេត‌អែល»។
កំណើត​របស់​បេន‌យ៉ាមីន លោក​ស្រី​រ៉ាជែល​ទទួល​មរណ‌ភាព
16លោក​យ៉ាកុប​បាន​នាំ​ក្រុម​គ្រួសារ​របស់​លោក​ចាក​ចេញ​ពី​បេត‌អែល។ មុន​ទៅ​ដល់​ភូមិ​អេប្រាតា លោក​ស្រី​រ៉ាជែល​បាន​សម្រាល​កូន​យ៉ាង​សែន​លំបាក 17ពេល​គាត់​កំពុង​តែ​សម្រាល​កូន​យ៉ាង​ឈឺ​ចុក​ចាប់​នោះ ឆ្មប​ជម្រាប​គាត់​ថា៖ «កុំ​ភ័យ​ខ្លាច​អី លោក​ស្រី​មាន​កូន​ប្រុស​មួយ​ទៀត!»។ 18លោក​ស្រី​រ៉ាជែល​កំពុង​តែ​ដង្ហក់ ហើយ​ពេល​ហៀប​នឹង​ផុត​ដង្ហើម គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា “បេន‌អូនី” មាន​ន័យ​ថា “កូន​នៃ​ទុក្ខ​លំបាក” តែ​ឪពុក​ដាក់​ឈ្មោះ​ថា “បេន‌យ៉ាមីន” មាន​ន័យ​ថា “កូន​ខាង​ស្ដាំ”។ 19លោក​ស្រី​រ៉ាជែល​បាន​ទទួល​មរណ‌ភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​តាម​ផ្លូវ​ទៅ​ភូមិ​អេប្រាតា គឺ​ភូមិ​បេថ្លេ‌ហិម។
20លោក​យ៉ាកុប​បាន​បញ្ឈរ​ថ្ម​មួយ ជា​ស្តូប​នៅ​លើ​ផ្នូរ គឺ​ស្តូប​ផ្នូរ​នាង​រ៉ាជែល ដែល​ស្ថិត​នៅ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។
21លោក​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​ខាង​នាយ​ភូមិ​មីគ‌ដាល-‌អេ‌ឌើរ។ 22 គ្រា​ដែល​លោក​អ៊ីស្រា‌អែល​អាស្រ័យ​នៅ​ស្រុក​នោះ លោក​រូបេន​រួម​ដំណេក​ជា​មួយ​នាង​ប៊ីល‌ហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​លោក​អ៊ីស្រា‌អែល​បាន​ដឹង​រឿង​នេះ។ លោក​យ៉ាកុប​មាន​កូន​ប្រុស​ដប់‌ពីរ​នាក់​គឺ: 23កូន​ប្រុស​របស់​លោក​ស្រី​លេអា មាន: រូបេន ជា​កូន​ច្បង បន្ទាប់​មក មាន​ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។ 24កូន​របស់​លោក​ស្រី​រ៉ាជែល មាន​យ៉ូសែប និង​បេន‌យ៉ាមីន។ 25កូន​របស់​នាង​ប៊ីល‌ហា ជា​ស្រី​បម្រើ​របស់​លោក​ស្រី​រ៉ាជែល មាន​ដាន់ និង​ណែប‌ថាលី។ 26កូន​ប្រុស​របស់​នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​លោក​ស្រី​លេអា មាន​កាដ និង​អេ‌ស៊ើរ។ អ្នក​ទាំង​នេះ​ជា​កូន​ប្រុស​របស់​លោក​យ៉ាកុប ដែល​កើត​នៅ​ស្រុក​ប៉ាដាន់-‌អើរ៉ាម។
27 លោក​យ៉ាកុប​បាន​វិល​ទៅ​នៅ​ជា​មួយ​លោក​អ៊ីសាក​ជា​ឪពុក ត្រង់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ នៅ​ភូមិ​គារយ៉ាត-‌អើបា គឺ​នៅ​ហេប្រូន ជា​ភូមិ​ដែល​លោក​អប្រាហាំ និង​លោក​អ៊ីសាក​បាន​ស្នាក់​អាស្រ័យ​នៅ។ 28លោក​អ៊ីសាក​រស់​បាន​ទាំង​អស់​មួយ​រយ​ប៉ែត‌សិប​ឆ្នាំ។ 29បន្ទាប់​មក លោក​ទទួល​មរណ‌ភាព ទៅ​ជួប‌ជុំ​នឹង​ដូនតា​របស់​លោក ដែល​បាន​ចែក​ស្ថាន​ហើយ​នោះ​ដែរ គឺ​លោក​ទទួល​មរណ‌ភាព ក្រោយ​ពី​មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ។ លោក​អេសាវ និង​លោក​យ៉ាកុប​ជា​កូន នាំ​គ្នា​បញ្ចុះ​សព​លោក។

ទើបបានជ្រើសរើសហើយ៖

លោកុប្បត្តិ 35: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល