លោកុប្បត្តិ 46
46
លោកយ៉ាកុបទៅនៅប្រទេសអេស៊ីប
1លោកអ៊ីស្រាអែលចេញដំណើរទៅ ដោយយកអ្វីៗទាំងអស់ ដែលលោកមានទៅជាមួយផង។ លុះទៅដល់បៀរសេបា លោកបានធ្វើយញ្ញបូជាថ្វាយព្រះជាម្ចាស់ ជាព្រះរបស់លោកអ៊ីសាក ជាឪពុក។
2ព្រះជាម្ចាស់មានព្រះបន្ទូលហៅលោកអ៊ីស្រាអែល ក្នុងសុបិននិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ!»។ លោកអ៊ីស្រាអែលឆ្លើយថា៖ «បពិត្រព្រះអម្ចាស់!»។ 3ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងជាព្រះជាម្ចាស់ ជាព្រះនៃឪពុករបស់អ្នក។ កុំខ្លាចនឹងចុះទៅស្រុកអេស៊ីបឡើយ ដ្បិតនៅទីនោះ យើងនឹងធ្វើឲ្យអ្នកបានទៅជាប្រជាជាតិមួយដ៏ធំ។ 4យើងនឹងចុះទៅស្រុកអេស៊ីបជាមួយអ្នក ហើយយើងក៏នឹងនាំអ្នកឡើងមកវិញដែរ។ ពេលអ្នកស្លាប់ យ៉ូសែបនឹងបិទភ្នែកឲ្យអ្នក»។
5លោកយ៉ាកុបចាកចេញពីបៀរសេបា។ កូនរបស់លោកអ៊ីស្រាអែលបាននាំឪពុក និងប្រពន្ធកូនរបស់ខ្លួនជិះរទេះ ដែលព្រះចៅផារ៉ោនបានបញ្ជូនឲ្យមកទទួលនោះ។ 6 គេក៏នាំហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគេមាននៅស្រុកកាណាន យកទៅជាមួយដែរ។ លោកយ៉ាកុបធ្វើដំណើរទៅស្រុកអេស៊ីប ទាំងនាំពូជពង្សទាំងអស់ទៅជាមួយផង។ 7លោកនាំកូនប្រុស ចៅប្រុស កូនស្រី ចៅស្រី គឺនាំពូជពង្សទាំងប៉ុន្មានរបស់លោក ទៅស្រុកអេស៊ីប។
8នេះជាបញ្ជីរាយនាមកូនចៅរបស់លោកអ៊ីស្រាអែល ដែលធ្វើដំណើរទៅស្រុកអេស៊ីប។
លោកយ៉ាកុប និងកូនប្រុសរបស់លោក កូនច្បងរបស់លោកយ៉ាកុប គឺរូបេន។ 9កូនប្រុសរបស់លោករូបេនមាន ហេណុក ប៉ាលូវ ហេស្រុន និងកើមី។ 10កូនប្រុសរបស់លោកស៊ីម្មានមាន យេមូអែល យ៉ាមីន អូហាត់ យ៉ាគីន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ 11កូនប្រុសរបស់លោកលេវីមាន គើរសុន កេហាត់ និងម៉្រារី។ 12កូនប្រុសរបស់លោកយូដាមាន អ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (អ៊ើរ និងអូណាន់ បានស្លាប់នៅស្រុកកាណាន)។ កូនប្រុសរបស់ពេរេសមាន ហេស្រុន និងហាមុល។ 13កូនប្រុសរបស់លោកអ៊ីសាខារមាន ថូឡា ពូវ៉ា យ៉ូប និងស៊ីមរ៉ូន។ 14កូនប្រុសរបស់លោកសាប់យូឡូនមាន សេរែក អេឡូន និងយ៉ាលាល។ 15លោកទាំងនោះជាកូនដែលលោកស្រីលេអាបានបង្កើតជូនលោកយ៉ាកុប នៅស្រុកប៉ាដាន់-អើរ៉ាម។ ក្រៅពីលោកទាំងនេះនៅមាននាងឌីណាដែរ។ កូន និងចៅប្រុសស្រីរបស់លោកស្រីលេអាមានទាំងអស់សាមសិបបីនាក់។
16កូនប្រុសរបស់លោកកាដមាន សេផុន ហាក់គី ស៊ូនី អេសបូន អេរី អើរ៉ូត និងអើរេលី។ 17កូនរបស់លោកអេស៊ើរមាន យីមណា យីសវ៉ា យីសវី និងបេរា ព្រមទាំងនាងសេរ៉ា។ កូនរបស់បេរាមាន ហេប៊ើរ និងម៉ាលគាល។ 18លោកទាំងនោះជាកូនរបស់នាងស៊ីលផា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់លោកស្រីលេអា។ នាងស៊ីលផាបានបង្កើតកូនពីរនាក់នេះជូនលោកយ៉ាកុប។ កូន និងចៅរបស់នាងមានចំនួនទាំងអស់ដប់ប្រាំមួយនាក់។
19កូនប្រុសរបស់លោកស្រីរ៉ាជែល ជាភរិយាលោកយ៉ាកុប មានយ៉ូសែប និងបេនយ៉ាមីន។ 20 នៅស្រុកអេស៊ីប លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺ ម៉ាណាសេ និងអេប្រាអ៊ីម ជាកូនដែលលោកស្រីអាសណាត់ កូនស្រីលោកប៉ូទីផេរ៉ា បូជាចារ្យនៅក្រុងអូន បានបង្កើតជូនលោក។ 21កូនប្រុសរបស់បេនយ៉ាមីនមាន បេឡា បេគើរ អ័សបេល គេរ៉ា ណាម៉ាន អេហ៊ី រ៉ូស មូភីម ហ៊ូភីម និងអើឌ។ 22លោកទាំងនោះជាកូនដែលលោកស្រីរ៉ាជែលបានបង្កើតជូនលោកយ៉ាកុប។ កូន និងចៅរបស់លោកស្រីរ៉ាជែលមានចំនួនទាំងអស់ដប់បួននាក់។ 23កូនប្រុសរបស់លោកដាន់មាន ហ៊ូស៊ីម។ 24កូនប្រុសរបស់លោកណែបថាលីមាន យ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម។ 25លោកទាំងនេះជាកូនរបស់នាងប៊ីលហា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់លោកស្រីរ៉ាជែល។ នាងបានបង្កើតកូនទាំងនោះជូនលោកយ៉ាកុប។ កូន និងចៅរបស់នាងមានចំនួនទាំងអស់ប្រាំពីរនាក់។
26ក្រុមគ្រួសាររបស់លោកយ៉ាកុបដែលមកស្រុកអេស៊ីបជាមួយលោក មានគ្នាទាំងអស់ហុកសិបប្រាំមួយនាក់ ដោយឥតបានរាប់បញ្ចូលកូនប្រសាស្រីទេ។ 27 បើរាប់បញ្ចូលកូនទាំងពីររបស់លោកយ៉ូសែប ដែលកើតនៅស្រុកអេស៊ីបផង ចំនួនសរុបនៃក្រុមគ្រួសាររបស់លោកយ៉ាកុប ដែលមករស់នៅក្នុងស្រុកអេស៊ីប មានទាំងអស់ចិតសិបនាក់។
លោកយ៉ាកុបនៅស្រុកអេស៊ីប
28លោកយ៉ាកុបបានចាត់លោកយូដាឲ្យទៅតំបន់កូសែនមុនលោក។ ពេលក្រុមគ្រួសាររបស់លោកយ៉ាកុបទៅដល់តំបន់កូសែន 29លោកយ៉ូសែបបានទឹមរថរបស់លោក រួចឡើងទៅកូសែន ដើម្បីទទួលលោកអ៊ីស្រាអែលជាឪពុក។ ពេលទៅដល់ភ្លាម លោកឱបឪពុក ហើយយំយ៉ាងយូរ។ 30លោកអ៊ីស្រាអែលមានប្រសាសន៍ទៅកាន់លោកយ៉ូសែបថា៖ «ឥឡូវនេះ បើពុកស្លាប់ក៏អស់ចិត្តដែរ ព្រោះពុកបានជួបមុខកូនវិញ និងឃើញថាកូននៅមានជីវិតនៅឡើយ!»។ 31លោកយ៉ូសែបមានប្រសាសន៍ទៅកាន់បងៗ និងក្រុមគ្រួសារឪពុកលោកថា៖ «ខ្ញុំនឹងទៅទូលព្រះចៅផារ៉ោនថា “បងៗ និងក្រុមគ្រួសាររបស់ឪពុកទូលបង្គំ នៅស្រុកកាណានបានមកជួបជុំនឹងទូលបង្គំហើយ។ 32ពួកគេទាំងអស់គ្នាសុទ្ធតែជាគង្វាល និងជាអ្នកចិញ្ចឹមសត្វ។ ពួកគេបាននាំហ្វូងចៀម ហ្វូងគោ និងអ្វីៗទាំងអស់ដែលគេមានមកជាមួយដែរ”។ 33កាលណាព្រះចៅផារ៉ោនកោះហៅបងៗទៅសួរថា “តើអ្នករាល់គ្នាមានមុខរបរអ្វី?” 34ត្រូវទូលស្ដេចថា “តាំងពីក្មេងរហូតមកទល់សព្វថ្ងៃនេះ យើងខ្ញុំចិញ្ចឹមសត្វ ដូចដូនតារបស់យើងខ្ញុំដែរ”។ បើទូលដូច្នេះ បងៗនឹងអាចរស់នៅក្នុងតំបន់កូសែន ដ្បិតជនជាតិអេស៊ីបស្អប់ពួកគង្វាលណាស់»។
ទើបបានជ្រើសរើសហើយ៖
លោកុប្បត្តិ 46: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.