ហាបាគូក 2:7-20

ហាបាគូក 2:7-20 គខប

ម្ចាស់​បំណុល​នឹង​ក្រោក​ឡើង​ច្របាច់​-ក​អ្នក ព្រម​ទាំង​អង្រួន​អ្នក ពួក​គេ​ក៏​នឹង​រឹប​អូស​យក​ទ្រព្យ​របស់​អ្នក ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ដទៃ​ដែរ។ អ្នក​បាន​ប្លន់​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ពី​ប្រជា‌ជាតិ​ជា​ច្រើន​យ៉ាង​ណា ជាតិ​សាសន៍​ឯ​ទៀតៗ​ក៏​នឹង​ប្លន់​រឹប​អូស យក​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​យ៉ាង​នោះ​ដែរ ព្រោះ​អ្នក​បាន​បង្ហូរ​ឈាម​មនុស្ស ហើយ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ​ចំពោះ ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុក និង​ក្រុង​នានា។ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​អ្នក​រក​ទ្រព្យ​បាន​ដោយ​ទុច្ចរិត ដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន ក្លាយ​ទៅ​ជា​អ្នក​មាន ហើយ​សង់​ផ្ទះ​របស់​ខ្លួន​យ៉ាង​ខ្ពស់ ដោយ​ចង់​គេច​ផុត​ពី​មហន្ត‌រាយ។ គម្រោង‌ការ​របស់​អ្នក​នឹង​នាំ​ឲ្យ​ក្រុម​គ្រួសារ របស់​អ្នក​ត្រូវ​អាម៉ាស់។ ដោយ​អ្នក​កម្ទេច​ជាតិ​សាសន៍​ជា​ច្រើន​ដូច្នេះ អ្នក​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​ត្រូវ​វិនាស។ សូម្បី​តែ​ថ្ម​កំពែង​ក្រុង​ក៏​ចោទ​ប្រកាន់​អ្នក​ដែរ ហើយ​ឈើ​ធ្នឹម​ស្រែក​បន្ទរ យល់​ស្រប។ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​អ្នក​បាន​សង់​ទី​ក្រុង ដោយ​បង្ហូរ​ឈាម និង​ប្រព្រឹត្ត​បទ‌ឧក្រិដ្ឋ។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ធ្វើ​ឲ្យ ស្នាដៃ​របស់​ជាតិ​សាសន៍​នានា​រលាយ​ក្នុង​ភ្លើង ហើយ​ឲ្យ​កិច្ចការ​ដែល​មហា‌ជន​ទាំង‌ឡាយ ប្រឹង‌ប្រែង​ធ្វើ​ត្រូវ​រលាយ​សូន្យ។ សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណា នៅ​ផែនដី​ក៏​មាន​សុទ្ធ​តែ​មនុស្ស​ស្គាល់ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ។ អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​អ្នក​បង្អក​ស្រា​ដែល​ប្រៀប​បាន​នឹង ពិស‌ពុល​ឲ្យ​អ្នក​ដទៃ​ផឹក​ស្រវឹង ដើម្បី​មើល​កេរ‌ខ្មាស​របស់​គេ! អ្នក​មិន​ទទួល​កិត្តិយស​ទេ ផ្ទុយ​ទៅ​វិញ ទទួល​តែ​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង ចូរ​ផឹក​ស្រា​នេះ​ខ្លួន​ឯង ហើយ​បើក​កេរ‌ខ្មាស ដែល​មិន​កាត់​ស្បែក​ឲ្យ​គេ​ឃើញ​ទៅ! ព្រះ‌អម្ចាស់​នឹង​បែរ​ទៅ​ដាក់​ទោស​អ្នក ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ ភាព​រុងរឿង​របស់​អ្នក នឹង​ក្លាយ​ទៅ​ជា ភាព​អាម៉ាស់​វិញ! អ្នក​មុខ​ជា​រង​គ្រោះ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ ដែល​អ្នក​បាន​ប្រព្រឹត្ត​នៅ​ស្រុក​លីបង់។ អ្នក​បាន​សម្លាប់​រង្គាល​ហ្វូង​សត្វ ដូច្នេះ ហ្វូង​សត្វ​ធ្វើ​ឲ្យ​ភ័យ​ខ្លាច! អ្នក​បាន​បង្ហូរ​ឈាម​មនុស្ស ហើយ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ​ចំពោះ ប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុក និង​ក្រុង​នានា។ តើ​ជាង​ឆ្លាក់​រូប​បដិមា​បាន​ប្រយោជន៍​អ្វី? គេ​ប្រើ​រូប​ដែល​ធ្វើ​ពី​លង្ហិន ដើម្បី​ប្រៀន‌ប្រដៅ​បោក​ប្រាស់។ ហេតុ​អ្វី​បាន​ជា​ជាង​ចម្លាក់​ផ្ញើ​ជីវិត​លើ ព្រះ​ក្លែង‌ក្លាយ មិន​ចេះ​និយាយ​ស្ដី ជា​រូប​ដែល​គេ​សូន​ដោយ​ដៃ​ខ្លួន​ឯង​ដូច្នេះ? អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! ព្រោះ​អ្នក​ពោល​ទៅ​កាន់​រូប​ឈើ​ថា “សូម​ក្រោក​ឡើង” ហើយ​ពោល​ទៅ​កាន់​ថ្ម ដែល​មិន​ចេះ​និយាយ​ថា “សូម​តើន​ឡើង!”។ តើ​ថ្ម​នោះ​បង្រៀន​កើត​ឬ? រូប​ទាំង​នោះ​ស្រោប​មាស និង​ប្រាក់​មែន តែ​សុទ្ធ‌សឹង​ជា​រូប​ដែល​គ្មាន​វិញ្ញាណ។ ផ្ទុយ​ទៅ​វិញ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ព្រះ‌វិហារ ដ៏វិសុទ្ធ​របស់​ព្រះអង្គ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​ស្ងាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ!

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហាបាគូក 2:7-20