ហាកាយ 2:13-23

ហាកាយ 2:13-23 គខប

លោក​ហាកាយ​មាន​ប្រសាសន៍​ទៀត​ថា៖ «ប្រសិន​បើ​នរណា​ម្នាក់​ត្រូវ​សៅហ្មង ព្រោះ​តែ​ប៉ះ‌ពាល់​សាក‌សព ហើយ​ពេល​គាត់​ប៉ះ‌ពាល់​របស់​ឯ​ទៀតៗ តើ​របស់​នោះ​ទៅ​ជា​សៅហ្មង​ដែរ​ឬ​ទេ?»។ ពួក​បូជា‌ចារ្យ​តប​ថា៖ «របស់​ទាំង​នោះ​នឹង​ទៅ​ជា​សៅហ្មង​មែន»។ លោក​ហាកាយ​ក៏​មាន​ប្រសាសន៍​ថា៖ ប្រជា‌ជន​នេះ​ក៏​ដូច្នោះ​ដែរ យើង​ចាត់​ទុក​ប្រជា‌ជាតិ​នេះ​ជា​សៅហ្មង ហើយ​អ្វីៗ​ដែល​ពួក​គេ​ធ្វើ និង​អ្វីៗ​ដែល​គេ​យក​មក​ថ្វាយ​យើង​នៅ​ទី​នេះ ក៏​សៅហ្មង​ដែរ។ ឥឡូវ​នេះ ចូរ​សង្កេត​មើល​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​ចាប់​ពី​ពេល​នេះ​ត​ទៅ​ខាង​មុខ។ មុន​ពេល​អ្នក​រាល់​គ្នា​យក​ថ្ម​មក​ដាក់​ត្រួត​លើ​គ្នា ដើម្បី​សង់​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​ទៅ​ជង្រុក​បម្រុង​នឹង​កើប​ស្រូវ​ម្ភៃ​ថាំង នោះ​ឃើញ​មាន​តែ​ដប់​ថាំង​ទេ។ អ្នក​រាល់​គ្នា​ទៅ​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ ដើម្បី​ដួស​យក​ស្រា​ហា‌សិប​ធុង នោះ​ឃើញ​មាន​តែ​ម្ភៃ​ធុង​ប៉ុណ្ណោះ។ យើង​បាន​ធ្វើ​ឲ្យ​ដំណាំ​របស់​អ្នក​រាល់​គ្នា ខូច​ខាត ស្រូវ​អ្នក​រាល់​គ្នា​ស្កក មាន​ក្រា​ស៊ី និង​មាន​ព្រឹល​ធ្លាក់​មក​បំផ្លាញ​អស់ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​មិន​វិល​មក​រក យើង​វិញ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ហេតុ​នេះ ចូរ​សង្កេត​មើល​ហេតុ‌ការណ៍​ដែល កើត​មាន​ចាប់​ពី​ឥឡូវ​នេះ​ត​ទៅ​ខាង​មុខ។ ចាប់​តាំង​ពី​ថ្ងៃ​ទី​ម្ភៃ​បួន​ក្នុង​ខែ​ទី​ប្រាំ​បួន គឺ​ចាប់​ពី​ថ្ងៃ​ដែល​គេ​ចាក់​គ្រឹះ​សង់ ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ ចូរ​សង្កេត​មើល​ចុះ! នៅ​ក្នុង​ជង្រុក គ្មាន​នៅ​សល់​គ្រាប់​ពូជ​ទេ សូម្បី​តែ​ចម្ការ​ទំពាំង‌បាយជូរ ដើម​ឧទុម្ពរ ដើម​ទទឹម និង​ដើម​អូលីវ ក៏​មិន​ផ្ដល់​ភោគ​ផល​អ្វី​ដែរ។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ឲ្យ​ពរ អ្នក​រាល់​គ្នា​បាន​ចម្រុង‌ចម្រើន។ នៅ​ថ្ងៃ​ទី​ម្ភៃ​បួន​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ហាកាយ​ជា​លើក​ទី​ពីរ​ថា៖ ចូរ​ប្រាប់​សូរ៉ូ‌បាបិល ជា​ទេសា‌ភិបាល​របស់ អាណា‌ខេត្ត​យូដា​ថា: យើង​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី​កក្រើក យើង​នឹង​ទម្លាក់​ស្ដេច​របស់​នគរ​ទាំង‌ឡាយ យើង​នឹង​កម្ទេច​កម្លាំង​របស់​ប្រជា‌ជាតិ​នានា។ យើង​នឹង​រំលំ​រទេះ​ចម្បាំង ព្រម​ទាំង​អស់​អ្នក​ដែល​បរ​រទេះ​នោះ។ យើង​នឹង​ផ្ដួល​សេះ ព្រម​ទាំង​អ្នក​ជិះ បងប្អូន​នឹង​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «សូរ៉ូ‌បាបិល ជា​កូន​របស់​សាល‌ធាល​អើយ អ្នក​ជា​អ្នក​បម្រើ​របស់​យើង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - នៅ​ថ្ងៃ​នោះ យើង​នឹង​តែង‌តាំង​អ្នក​ឲ្យ ធ្វើ​ជា​ត្រា​របស់​យើង​ផ្ទាល់ ព្រោះ​យើង​បាន​ជ្រើស​រើស​អ្នក​ហើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហាកាយ 2:13-23