ហេប្រឺ 1
1
សេចក្ដីផ្ដើម
1នៅជំនាន់ដើម ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់បុព្វបុរស*យើងជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកព្យាការី*។ 2គ្រានេះជាគ្រាចុងក្រោយបំផុត ព្រះអង្គមានព្រះបន្ទូលមកយើងតាមរយៈព្រះបុត្រា។ ព្រះអង្គបានប្រគល់អ្វីៗទាំងអស់ឲ្យព្រះបុត្រាគ្រប់គ្រងជាមត៌ក ព្រះអង្គក៏បានបង្កើតពិភពទាំងមូលដោយសារព្រះបុត្រាដែរ។ 3ព្រះបុត្រានេះជារស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងមានលក្ខណៈដូចព្រះអង្គបេះបិទ។ ព្រះបុត្រាទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលប្រកបដោយឫទ្ធានុភាព។ លុះព្រះអង្គប្រោសមនុស្សឲ្យបរិសុទ្ធ*ផុតពីបាប*រួចហើយ ព្រះអង្គក៏គង់នៅខាងស្ដាំព្រះដ៏ឧត្តុង្គឧត្ដមនាស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ 4ព្រះបុត្រាបានទទួលព្រះនាម ប្រសើរលើសពួកទេវតា*យ៉ាងណា ព្រះអង្គក៏ទទួលឋានៈប្រសើរជាងពួកទេវតាយ៉ាងនោះដែរ។
ព្រះយេស៊ូគ្រិស្តមានឋានៈធំជាងពួកទេវតា
5 ព្រះជាម្ចាស់ពុំដែលមានព្រះបន្ទូលទៅកាន់ទេវតាណាម្នាក់ថា៖
«ព្រះអង្គជាបុត្ររបស់យើង
គឺយើងហ្នឹងហើយដែលបានទទួលព្រះអង្គ
ធ្វើជាបុត្រនៅថ្ងៃនេះ»
ឬមានព្រះបន្ទូលថា៖
«យើងនឹងធ្វើជាបិតារបស់ព្រះអង្គ
ហើយព្រះអង្គនឹងទៅជាបុត្រារបស់យើង»
សោះឡើយ។
6 មួយវិញទៀត នៅពេលព្រះជាម្ចាស់ចាត់បុត្រច្បងឲ្យមកផែនដីនេះ ទ្រង់មានព្រះបន្ទូលថា៖
«ទេវតា*ទាំងអស់របស់ព្រះជាម្ចាស់
ត្រូវក្រាបថ្វាយបង្គំព្រះបុត្រា» ។
7 ព្រះជាម្ចាស់មានព្រះបន្ទូលអំពីពួកទេវតាថា៖
«ព្រះអង្គបានយកពួកទេវតាធ្វើជាខ្យល់
និងយកពួកអ្នកបម្រើរបស់ព្រះអង្គ
ធ្វើជាអណ្ដាតភ្លើង» ។
8 ចំពោះព្រះបុត្រាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖
«បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ
នៅស្ថិតស្ថេរអស់កល្បជានិច្ច
ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌ ។
9 ព្រះអង្គសព្វព្រះហឫទ័យតែនឹងសេចក្ដីសុចរិត
ព្រះអង្គមិនសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ។
ហេតុនេះ ព្រះជាម្ចាស់ជាព្រះរបស់ព្រះអង្គ
បានចាក់ប្រេងអភិសេកព្រះអង្គ
ឲ្យមានអំណរសប្បាយដ៏លើសលុប
គឺឲ្យព្រះអង្គបានប្រសើរជាង
មិត្តភក្ដិរបស់ព្រះអង្គ» ។
10 ព្រះជាម្ចាស់មានព្រះបន្ទូលទៀតថា៖
បពិត្រព្រះអម្ចាស់! ព្រះអង្គបានបង្កើតផែនដី
តាំងពីដើមដំបូងមកម៉្លេះ
ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់
ព្រះអង្គដែរ។
11 ផែនដី និងផ្ទៃមេឃមុខជារលាយបាត់ទៅ
តែព្រះអង្គនៅស្ថិតស្ថេររហូត។
ផែនដី និងផ្ទៃមេឃមុខជាចាស់ទៅ
ដូចសម្លៀកបំពាក់
12 ព្រះអង្គនឹងបត់ទាំងផែនដី ទាំងផ្ទៃមេឃទុក
ដូចគេបត់អាវធំ
ផែនដី និងផ្ទៃមេឃនឹងរេចរឹលទៅ
ដូចសម្លៀកបំពាក់
ចំពោះព្រះអង្គវិញ ព្រះអង្គមិនប្រែប្រួលឡើយ
ហើយព្រះជន្មាយុរបស់ព្រះអង្គ
ក៏មិនចេះអស់ដែរ។
13 មួយវិញទៀត ព្រះជាម្ចាស់ក៏មិនដែលមានព្រះបន្ទូលទៅកាន់ទេវតាណាម្នាក់ថា៖
«សូមគង់នៅខាងស្ដាំយើង
ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ»។
14ទេវតាទាំងនោះសុទ្ធតែជាវិញ្ញាណដែលនៅបម្រើព្រះជាម្ចាស់ ព្រះអង្គចាត់ពួកលោកឲ្យមកបំពេញមុខងារ ជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!។
ទើបបានជ្រើសរើសហើយ៖
ហេប្រឺ 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.