ហេប្រឺ 4

4
1ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់ ដែល​ថា​ឲ្យ​យើង​ចូល​ទៅ​សម្រាក​ជា​មួយ​ព្រះអង្គ​នោះ នៅ​ស្ថិត‌ស្ថេរ​នៅ​ឡើយ ដូច្នេះ យើង​ត្រូវ​ភ័យ​ខ្លាច ក្រែង​លោ​មាន​បងប្អូន​ណា​ម្នាក់​នឹក​ស្មាន​ថា​ខ្លួន​ចូល​ទៅ​មិន​ទាន់ 2ដ្បិត​យើង​ក៏​បាន​ទទួល​ដំណឹង‌ល្អ*​ដូច​ពួក​គេ​ដែរ ។ ប៉ុន្តែ ព្រះ‌បន្ទូល​ដែល​គេ​ស្ដាប់ គ្មាន​ប្រយោជន៍​អ្វី​ដល់​គេ​ទេ ព្រោះ​ព្រះ‌បន្ទូល​ដែល​គេ​បាន​ឮ​នោះ​ពុំ​បាន​ជ្រួត‌ជ្រាប​ចូល​ក្នុង​ចិត្ត​គេ ដោយ​ជំនឿ​ឡើយ។ 3 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក​ជា​មួយ​យើង​ជា​ដាច់​ខាត»។ ចំពោះ​យើង​ជា​អ្នក​ជឿ​វិញ យើង​បាន​ចូល​មក​សម្រាក​ជា​មួយ​ព្រះអង្គ​ហើយ។
ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​បាន​បង្ហើយ​កិច្ចការ​របស់​ព្រះអង្គ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ 4 ដ្បិត​មាន​ចែង​ទុក​ត្រង់​វគ្គ​មួយ​ស្ដី​អំពី​ថ្ងៃ​ទី​ប្រាំ‌ពីរ​ថាៈព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ចការ​ទាំង​អស់​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ រួច​ព្រះអង្គ​ក៏​សម្រាក5 ក្នុង​អត្ថ‌បទ​គម្ពីរ​ខាង​លើ​នេះ​មាន​ចែង​សា​ជា​ថ្មី​ថា: «ពួក​គេ​នឹង​មិន​បាន​ចូល​ទៅ​សម្រាក​ជា​មួយ​យើង​ជា​ដាច់​ខាត»។
6ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ឲ្យ​អ្នក​ខ្លះ​ចូល​ទៅ​សម្រាក ក៏​ប៉ុន្តែ ដោយ​អស់​អ្នក​ដែល​ទទួល​ដំណឹង‌ល្អ​ពី​មុន​មិន​បាន​ចូល ព្រោះ​គេ​មិន​ស្ដាប់​បង្គាប់ 7 ព្រះអង្គ​ក៏​កំណត់​យក“ថ្ងៃ​នេះ”​មួយ​ទៀត គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្រះ‌បាទ​ដាវីឌ​ជា​យូរ​អង្វែង​ក្រោយ​មក​ទៀត ដូច​មាន​ចែង​ទុក​នៅ​ខាង​លើ​នេះ​ស្រាប់​ថា: «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះអង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ឡើយ»។
8 ប្រសិន​បើ​លោក​យ៉ូស្វេ​នាំ​ប្រជា‌រាស្ដ្រ​ឲ្យ​បាន​សម្រាក​មែន ក្រោយ​មក​ទៀត​នោះ ព្រះ‌ជាម្ចាស់​មុខ​ជា​ពុំ​មាន​ព្រះ‌បន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។ 9ដូច្នេះ ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ទុក​ឲ្យ​មាន​ថ្ងៃ​សម្រាក​មួយ​ទៀត សម្រាប់​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ដូច​ព្រះអង្គ​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​ដែរ 10 ដ្បិត​អ្នក​ណា​ចូល​ទៅ​សម្រាក​ជា​មួយ​ព្រះ‌ជាម្ចាស់ អ្នក​នោះ​បាន​បង្ហើយ​កិច្ចការ របស់​ខ្លួន ដូច​ព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ចការ​របស់​ព្រះអង្គ​ដែរ។ 11ហេតុ​នេះ យើង​ត្រូវ​តែ​ខ្នះ‌ខ្នែង​ចូល​ទៅ​រក​សម្រាក​ជា​មួយ​ព្រះអង្គ​នោះ​វិញ កុំ​ឲ្យ​មាន​នរណា​ម្នាក់​ធ្លាក់​ខ្លួន​ទៅ​យក​តម្រាប់​តាម​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នោះ​ឡើយ 12ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បន្ទូល​ដ៏​មាន​ជីវិត និង​មាន​មហិទ្ធិ‌ឫទ្ធិ​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត។ ព្រះ‌បន្ទូល​នេះ​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ដាច់​ចេញ​ពី​គ្នា កាត់​សន្លាក់​ឆ្អឹង និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា។ ព្រះ‌បន្ទូល​វិនិច្ឆ័យ​ឆន្ទៈ និង​គំនិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។ 13គ្មាន​សត្វ​លោក​ណា​មួយ​ដែល​ព្រះ‌បន្ទូល​មើល​មិន​ឃើញ​ឡើយ ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះអង្គ អ្វីៗ​ទាំង​អស់​នៅ​ទទេ ឥត​បិទ‌បាំង​ទាល់​តែ​សោះ។ យើង​ត្រូវ​ទូល​រៀប​រាប់​ថ្វាយ​ព្រះ‌បន្ទូល​ពី​គ្រប់​កិច្ចការ​ទាំង​អស់។
ព្រះ‌យេស៊ូ​ជា​មហា​បូជា‌ចារ្យ​ដ៏​ខ្ពង់‌ខ្ពស់​លើស​មហា​បូជា‌ចារ្យ​នៃ​សម្ពន្ធ‌មេត្រី​ចាស់
14ដោយ​យើង​មាន​មហា​បូជា‌ចារ្យ*​មួយ​រូប​ដ៏​ប្រសើរ​ឧត្ដម ដែល​បាន​យាង​កាត់​ស្ថាន​បរម‌សុខ* គឺ​ព្រះ‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ យើង​ត្រូវ​តែ​កាន់​ជំនឿ​ដែល​យើង​ប្រកាស​នោះ​ឲ្យ​បាន​មាំ‌មួន 15ដ្បិត​យើង​មាន​មហា​បូជា‌ចារ្យ ដែល​អាច​រួម​សុខ​ទុក្ខ​ជា​មួយ​យើង ជា​មនុស្ស​ទន់​ខ្សោយ គឺ​ព្រះអង្គ​ក៏​ត្រូវ​រង​ការ​ល្បង‌ល​គ្រប់​ចំពូក​ដូច​យើង​ដែរ តែ​ព្រះអង្គ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ 16ហេតុ​នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះ‌គុណ ទាំង​ទុក​ចិត្ត ដើម្បី​ឲ្យ​បាន​ទទួល​ព្រះ‌ហឫទ័យ​មេត្តា និង​ព្រះ‌គុណ ទុក​ជា​ជំនួយ​នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ការ។

ទើបបានជ្រើសរើសហើយ៖

ហេប្រឺ 4: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល