ហេប្រឺ 6
6
1ហេតុនេះ ត្រូវឈោងចាប់យកសេចក្ដីណាដែលមានខ្លឹមសារ គ្រប់លក្ខណៈរបស់មនុស្សពេញវ័យ ដោយទុកសេចក្ដីផ្សេងៗនៅដើមដំបូងស្ដីអំពីព្រះគ្រិស្តនោះសិន យើងមិនបាច់ចាក់គ្រឹះសាជាថ្មីទៀតទេ គឺដូចជានិយាយអំពីការកែប្រែចិត្តគំនិត ឈប់ប្រព្រឹត្តអំពើឥតបានការ អំពីជំនឿលើព្រះជាម្ចាស់ 2អំពីសេចក្ដីបង្រៀនពីការជ្រមុជផ្សេងៗ អំពីពិធីដាក់ដៃ* អំពីការរស់ឡើងវិញ ឬអំពីការវិនិច្ឆ័យទោសអស់កល្បជានិច្ចនោះឡើយ។ 3ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ យើងនឹងបរិយាយអំពីសេចក្ដីដូចតទៅនេះ។
4មានអ្នកខ្លះបានទទួលពន្លឺម្ដងរួចហើយ ថែមទាំងបានស្គាល់ឱជារសនៃព្រះអំណោយទានពីស្ថានបរមសុខ* បានរួមចំណែកជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ* 5ព្រមទាំងស្គាល់ឱជារសនៃព្រះបន្ទូលដ៏ល្អវិសេសរបស់ព្រះជាម្ចាស់ និងស្គាល់ឫទ្ធានុភាពទាំងឡាយនៃបរលោកទៀតផង។ 6ប្រសិនបើគេបែរជាធ្លាក់ខ្លួនបាត់ជំនឿវិញនោះ គេមុខជាពុំអាចកែប្រែចិត្តគំនិតសាជាថ្មីម្ដងទៀតឡើយ ដ្បិតខ្លួនគេផ្ទាល់បានឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់សាជាថ្មី ព្រមទាំងបានបន្ថោកកិត្តិយសព្រះអង្គជាសាធារណៈផង។
7ដីណាទទួលទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយផ្ដល់ភោគផលល្អដល់អ្នកភ្ជួររាស់ ដីនោះក៏ទទួលព្រះពរពីព្រះជាម្ចាស់ដែរ។ 8 ផ្ទុយទៅវិញ ប្រសិនបើដីនោះដុះសុទ្ធតែបន្លា និងអញ្ចាញ គេនឹងចាត់ទុកថាគ្មានតម្លៃ ជិតត្រូវបណ្ដាសា ហើយគេមុខជាដុតចោលមិនខាន។
9ប៉ុន្តែ បងប្អូនដ៏ជាទីស្រឡាញ់អើយ ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថា បងប្អូនស្ថិតនៅលើមាគ៌ាដ៏ល្អប្រសើរបំផុតឆ្ពោះទៅរកការសង្គ្រោះ 10ដ្បិតព្រះជាម្ចាស់មិនមែនអយុត្ដិធម៌ទេ ព្រះអង្គមិនភ្លេចអំពើដែលបងប្អូនបានប្រព្រឹត្ត ហើយក៏មិនភ្លេចសេចក្ដីស្រឡាញ់ដែលបងប្អូនបានសម្តែងចំពោះព្រះនាមព្រះអង្គ ដោយបងប្អូនបានបម្រើប្រជាជនដ៏វិសុទ្ធ កាលពីដើម និងឥឡូវនេះដែរ។ 11យើងចង់ឲ្យបងប្អូនម្នាក់ៗ នៅតែមានចិត្តខ្នះខ្នែងរហូតដល់ចុងបញ្ចប់ គឺធ្វើឲ្យសេចក្ដីសង្ឃឹមរបស់បងប្អូនបានពេញលក្ខណៈ 12ដើម្បីកុំឲ្យបងប្អូនក្លាយទៅជាខ្ជិលច្រអូស តែឲ្យយកតម្រាប់តាមអស់អ្នកដែលបានទទួលមត៌ក តាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿ និងចេះស៊ូទ្រាំ។
ព្រះបន្ទូលសន្យាដែលមិនចេះប្រែប្រួល
13នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលសន្យានឹងលោកអប្រាហាំ ព្រះអង្គបានស្បថដោយយកព្រះអង្គផ្ទាល់ធ្វើជាប្រធាន ព្រោះគ្មាននរណាមានឋានៈធំជាងព្រះអង្គ ធ្វើជាប្រធានសម្បថឡើយ។ 14 ព្រះអង្គមានព្រះបន្ទូលថាៈ«យើងនឹងឲ្យពរអ្នកយ៉ាងច្រើនបរិបូណ៌ ហើយក៏នឹងធ្វើឲ្យពូជពង្សរបស់អ្នកបានកើនចំនួនច្រើនឡើងដែរ»។ 15ដោយលោកអប្រាហាំព្យាយាមទន្ទឹងរង់ចាំ លោកក៏បានទទួលតាមព្រះបន្ទូលសន្យាមែន។ 16មនុស្សតែងតែស្បថដោយយកអ្វីៗធំជាងខ្លួនមកធ្វើជាប្រធាន ហើយសម្បថនោះធ្វើឲ្យពាក្យសម្ដីរបស់គេយកជាការបាន ដើម្បីបញ្ចប់ការទាស់ទែងគ្នាគ្រប់យ៉ាង។ 17ព្រះជាម្ចាស់ក៏សព្វព្រះហឫទ័យបង្ហាញឲ្យអស់អ្នកដែលទទួលមត៌ក តាមព្រះបន្ទូលសន្យា បានដឹងរឹតតែច្បាស់ថា បើព្រះអង្គសម្រេចព្រះហឫទ័យយ៉ាងណាហើយនោះ ព្រះអង្គមិនប្រែប្រួលទេ។ ហេតុនេះ ព្រះអង្គមានព្រះបន្ទូលស្បថថែមលើព្រះបន្ទូលសន្យាទៀត។ 18ចំពោះយើងដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលព្រះអង្គដាក់នៅខាងមុខយើង ព្រះអង្គក៏បានលើកទឹកចិត្តយើងយ៉ាងខ្លាំង ដោយមានព្រះបន្ទូលទាំងពីរយ៉ាង ដែលពុំចេះប្រែប្រួល ហើយព្រះជាម្ចាស់មិនចេះកុហកក្នុងព្រះបន្ទូលនេះឡើយ។ 19 សេចក្ដីសង្ឃឹមនេះប្រៀបបីដូចជាយុថ្កាមួយដ៏ជាប់មាំមួន សម្រាប់ព្រលឹងរបស់យើង ហើយក៏បានចូលហួសវាំងននទៅក្នុងទីសក្ការៈថែមទៀតផង 20 គឺឆ្ពោះទៅកាន់កន្លែងដែលព្រះយេស៊ូបានយាងចូលទៅមុន ដើម្បីជាប្រយោជន៍ដល់យើង ហើយព្រះអង្គក៏បានទទួលឋានៈជាមហាបូជាចារ្យ*រហូតអស់កល្បជានិច្ច តាមរបៀបព្រះបាទម៉ិលគីស្សាដែក។
ទើបបានជ្រើសរើសហើយ៖
ហេប្រឺ 6: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.