អេសាយ 31
31
អេស៊ីបពុំអាចជួយអ៊ីស្រាអែលបានឡើយ
1អស់អ្នកដែលរត់ទៅស្រុកអេស៊ីប
ដើម្បីរកជំនួយ មុខជាត្រូវវេទនាពុំខាន!
អ្នកទាំងនោះពឹងផ្អែកលើសេះ
និងទុកចិត្តលើរទេះចម្បាំង
ព្រោះឃើញមានចំនួនច្រើន
ពួកគេទុកចិត្តលើកងទ័ពសេះ
ព្រោះឃើញថាខ្លាំងពូកែ
តែពួកគេពុំនឹកនាដល់ព្រះដ៏វិសុទ្ធ
របស់ជនជាតិអ៊ីស្រាអែលទេ
ពួកគេពុំស្វែងរកព្រះអម្ចាស់ឡើយ។
2រីឯព្រះអង្គវិញ ព្រះអង្គក៏ខ្លាំងពូកែដែរ
ព្រះអង្គអាចធ្វើឲ្យទុក្ខវេទនាកើតឡើង
ព្រះអង្គគំរាមយ៉ាងណា ទ្រង់នឹងធ្វើយ៉ាងនោះ
ព្រះអង្គប្រឆាំងនឹងពួកមនុស្សអាក្រក់
ហើយប្រឆាំងនឹងអស់អ្នកប្រព្រឹត្តអំពើទុច្ចរិត
ដែលគេហៅឲ្យមកជួយ។
3ជនជាតិអេស៊ីបជាមនុស្ស គឺមិនមែនជាព្រះទេ
សេះរបស់ពួកគេជាសត្វ
គឺមិនមែនជាទេវតា ឡើយ។
ពេលណាព្រះអម្ចាស់លើកព្រះហស្ដឡើង
អ្នកដែលមកជួយសង្គ្រោះនឹងជំពប់ដួល
ហើយអ្នកដែលគេជួយក៏នឹងដួលដែរ
គឺគេត្រូវវិនាសជាមួយគ្នា។
មានតែព្រះអម្ចាស់ទេដែលអាចសង្គ្រោះក្រុងយេរូសាឡឹម
4 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ:
«ពេលណាសត្វសិង្ហ ឬកូនវាគ្រហឹមទៅលើរំពា
ទោះបីពួកគង្វាលលើកគ្នាមកស្រែកគំរាម
ចង់ដណ្ដើមរំពានោះពីវាក្ដី
ក៏វាមិនភ័យខ្លាចសម្រែករបស់ពួកគេ
ឬដកខ្លួនថយ ដោយសំឡេងបង្អើល
របស់ពួកគង្វាលនោះឡើយ។
រីឯយើងដែលជាព្រះអម្ចាស់នៃពិភពទាំងមូល
ក៏ដូច្នោះដែរ
យើងនឹងចុះទៅធ្វើសឹកនៅភ្នំស៊ីយ៉ូន»។
5 ព្រះអម្ចាស់នៃពិភពទាំងមូលនឹងការពារ
ក្រុងយេរូសាឡឹម
ដូចបក្សីត្រដាងស្លាបការពារកូនរបស់វា។
ព្រះអង្គការពារ និងរំដោះក្រុងយេរូសាឡឹម
ព្រះអង្គសង្គ្រោះក្រុងនេះ
មិនឲ្យវិនាសអន្តរាយឡើយ។
6កូនចៅអ៊ីស្រាអែលអើយ! អ្នករាល់គ្នាបានងាកចេញយ៉ាងឆ្ងាយពីព្រះអម្ចាស់ ចូរនាំគ្នាវិលមករកព្រះអង្គវិញ! 7អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាប ដោយឆ្លាក់រូបព្រះក្លែងក្លាយធ្វើពីមាសពីប្រាក់។ ប៉ុន្តែ នៅថ្ងៃនោះ អ្នករាល់គ្នានឹងបោះបង់រូបព្រះក្លែងក្លាយ។
8ជនជាតិអាស្ស៊ីរីនឹងវិនាសដោយមុខដាវ
តែមិនមែនជាដាវរបស់មនុស្សទេ
គឺពួកគេមិនស្លាប់ដោយមុខដាវ
របស់មនុស្សឡើយ។
ពួកអាស្ស៊ីរីនឹងបាក់ទ័ព
ហើយទាហានក្មេងៗរបស់ពួកគេ
នឹងក្លាយទៅជាឈ្លើយសឹក។
9ស្ដេចរបស់ពួកគេនឹងរត់ទៅ ទាំងភ័យញាប់ញ័រ
មេទ័ពរបស់ពួកគេនឹងញ័ររន្ធត់
នៅមុខទង់ជ័យរបស់ព្រះអង្គ ។
នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់
ដែលប្រជាជនគោរពបម្រើនៅភ្នំស៊ីយ៉ូន
ហើយដុតតង្វាយថ្វាយព្រះអង្គ
នៅក្រុងយេរូសាឡឹម។
ទើបបានជ្រើសរើសហើយ៖
អេសាយ 31: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.