អេសាយ 41
41
ព្រះអម្ចាស់ជាទីពឹងផ្អែករបស់ជនជាតិអ៊ីស្រាអែល
1មនុស្សម្នានៅតាមកោះ
ទាំងឡាយអើយ
ចូរនៅស្ងៀមស្ងាត់ស្ដាប់ខ្ញុំនិយាយ!
ប្រជារាស្ត្រទាំងឡាយអើយ
ចូរមានកម្លាំងឡើងវិញ
ចូរនាំគ្នាបោះជំហានចូលមក រួចសឹមនិយាយ!
យើងឡើងមក ដើម្បីរកខុសត្រូវជាមួយគ្នា។
2តើនរណាបានហៅអ្នកដែលត្រូវរកយុត្តិធម៌
ឲ្យមកពីទិសខាងកើត?
តើនរណាឲ្យលោកមានជ័យជម្នះ
លើប្រជាជាតិទាំងឡាយ
ព្រមទាំងបង្ក្រាបស្ដេចនានា?
ដាវរបស់លោកកម្ទេចពួកគេ ឲ្យទៅជាធូលីដី
ព្រួញរបស់លោកធ្វើឲ្យពួកគេខ្ចាត់ខ្ចាយ
ដូចកម្ទេចចំបើងប៉ើងតាមខ្យល់។
3លោកដេញតាមពួកគេ
លោកឆ្លងកាត់ទ័ពរបស់គេ
ដោយឥតមានគ្រោះថ្នាក់អ្វីឡើយ
ជើងរបស់លោកក៏មិនបាច់ជាន់ដីដែរ។
4តើនរណាបានគ្រោងទុក
និងសម្រេចព្រឹត្តិការណ៍ទាំងនេះ?
គឺព្រះអង្គដែលបានណែនាំមនុស្សគ្រប់ជំនាន់
តាំងពីដើមដំបូងរៀងមក។
យើងជាព្រះអម្ចាស់ដែលនៅមុនគេ
ហើយយើងក៏នៅជាមួយ
មនុស្សចុងក្រោយបង្អស់ដែរ។
5ប្រជាជននៅតាមកោះនានាឃើញអ្នកនោះ
ហើយនាំគ្នាភ័យខ្លាច។
ប្រជាជនដែលនៅទីដាច់ស្រយាលនៃផែនដី
នឹងនាំគ្នាចូលមកជិត ទាំងញ័ររន្ធត់។
6ពួកគេជួយគ្នាទៅវិញទៅមក
ម្នាក់ៗពោលទៅកាន់បងប្អូនរបស់ខ្លួនថា
“ចូរមានចិត្តក្លាហានឡើង!”។
7ជាងចម្លាក់លើកទឹកចិត្តជាងស្មិត
អ្នកដុតដែកលើកទឹកចិត្តអ្នកដំដែក
ដោយពោលថា “ផ្សារដូច្នេះ ល្អណាស់!”។
បន្ទាប់មក គាត់យកដែកគោលមកដំភ្ជាប់
រូបចម្លាក់កុំឲ្យរង្គើ។#៤១.៧ ខ ៦-៧ សូមអាន ៤០.១៩-២០។
8 #
២របា. ២០.៧; យក. ២.២៣ ចំពោះអ្នកវិញ
ជនជាតិអ៊ីស្រាអែលជាអ្នកបម្រើរបស់យើង
កូនចៅយ៉ាកុបដែលយើងបានជ្រើសរើស
ពូជពង្សរបស់អប្រាហាំ
ដែលជាមិត្តសម្លាញ់របស់យើងអើយ!#៤១.៨ សូមប្រៀបធៀបជាមួយ ២របា. ២០.៧; យក. ២.២៣។
9យើងបានដឹកដៃអ្នក
ពីស្រុកដាច់ស្រយាលនៃផែនដី
យើងបានហៅអ្នកពីស្រុកចុងកាត់មាត់ញកមក
យើងបាននិយាយទៅកាន់អ្នកថា:
អ្នកជាអ្នកបម្រើដែលយើងបានជ្រើសរើស
យើងនឹងមិនបោះបង់ចោលអ្នកឡើយ!
10កុំភ័យខ្លាចអ្វី យើងស្ថិតនៅជាមួយអ្នក
កុំព្រួយបារម្ភឲ្យសោះ
យើងជាព្រះរបស់អ្នក
យើងនឹងឲ្យអ្នកមានកម្លាំងរឹងប៉ឹង
យើងជួយអ្នក យើងគាំទ្រអ្នក
យើងនឹងសម្តែងបារមី រកយុត្តិធម៌ឲ្យអ្នក។
11ពួកចងកំហឹងនឹងអ្នក
មុខជាត្រូវអាម៉ាស់ និងបាក់មុខ
ពួកប្រឆាំងនឹងអ្នក មុខជាវិនាសបាត់បង់
និងរលាយសូន្យទៅ។
12អ្នកនឹងស្វែងរកពួកដែលធ្លាប់ប្រឆាំងនឹងអ្នក
តែរកពួកគេមិនឃើញទៀតទេ
ពួកដែលធ្លាប់ធ្វើសឹកជាមួយអ្នក
ប្រែជាសាបសូន្យ រលាយបាត់អស់
13ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
យើងកាន់ដៃស្ដាំរបស់អ្នកហើយ
យើងប្រាប់អ្នកថា:
កុំភ័យខ្លាចអ្វី យើងជួយអ្នកហើយ!
14កូនចៅយ៉ាកុប!
ពូជពង្សអ៊ីស្រាអែលអើយ!
អ្នកទន់ខ្សោយប្រៀបបាននឹងដង្កូវមែន#៤១.១៤ យើងអាចបកប្រែម្យ៉ាងទៀតថា «អ្នករាល់គ្នាប្រៀបបាននឹងដង្កូវ អ្នករាល់គ្នាប្រៀបបាននឹងសាកសព»។
តែកុំភ័យខ្លាចអ្វី
យើងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
យើងជួយអ្នក និងលោះអ្នកជាមិនខាន
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
15យើងធ្វើឲ្យអ្នកប្រែទៅជារនាស់ដែកថ្មី
ដែលមានធ្មេញយ៉ាងមុត
អ្នកនឹងរាស់កម្ទេចភ្នំតូចធំ ឲ្យទៅជាធូលីដី។
16អ្នកកម្ចាត់កម្ចាយពួកគេឲ្យរសាត់តាមខ្យល់
ហើយខ្យល់កួចយកពួកគេទៅអស់គ្មានសល់។
រីឯអ្នកវិញ អ្នកនឹងរីករាយ ព្រោះតែព្រះអម្ចាស់
អ្នកនឹងខ្ពស់មុខ
ព្រោះតែព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
17ជនក្រីក្រ និងជនទុគ៌តស្វែងរកទឹក
តែរកពុំបានទេ គេស្រេកខះក។
យើងជាព្រះអម្ចាស់នឹងឆ្លើយតបចំពោះ
ពាក្យអង្វររបស់ពួកគេ
យើងជាព្រះនៃជនជាតិអ៊ីស្រាអែល
នឹងមិនបោះបង់ចោលគេឡើយ។
18យើងនឹងធ្វើឲ្យមានទន្លេ ផុសចេញពីផ្នូកខ្សាច់
ហើយមានទឹកហូរតាមជ្រលងភ្នំ។
យើងនឹងធ្វើឲ្យវាលរហោស្ថាន ប្រែទៅជាបឹងបួ
ឲ្យដីហួតហែងប្រែជាប្រភពទឹកទៅវិញ។
19យើងនឹងធ្វើឲ្យមានដើមគគីរ បេង
នាងនួន ពពាលខែ ដុះក្នុងវាលរហោស្ថាន
ហើយដើមកកោះ ស្រល់ ស្រឡៅ
ដុះជាមួយគ្នាតាមព្រៃរបោះ។
20ដូច្នេះ មនុស្សទាំងអស់នឹងឃើញ ហើយដឹង
ព្រមទាំងពិចារណា និងយល់ជាមួយគ្នាថា
គឺព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធ
នៃជនជាតិអ៊ីស្រាអែល
ដែលបានផ្ដួចផ្ដើមធ្វើការទាំងនោះ
ដោយព្រះហស្ដរបស់ព្រះអង្គផ្ទាល់។
ព្រះអម្ចាស់ជំទាស់នឹងព្រះក្លែងក្លាយ
21 ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃពូជពង្ស
របស់លោកយ៉ាកុប មានព្រះបន្ទូលថា៖
«ចូរបង្ហាញសំណុំរឿង និងបញ្ចេញភស្ដុតាង
របស់អ្នករាល់គ្នាមក!
22ឲ្យព្រះទាំងនេះរៀបរាប់
ហើយថ្លែងប្រាប់អំពីហេតុការណ៍ដែល
នឹងត្រូវកើតមាននៅអនាគត។
ចូររំឭកយើងអំពីហេតុការណ៍
ដែលកើតមាននៅគ្រាដើមដំបូង
នោះយើងនឹងរិះគិត។
ចូររៀបរាប់អំពីព្រឹត្តិការណ៍
ដែលនឹងកើតមាននៅអនាគតកាល
ដើម្បីឲ្យបានដឹងផង។
23ចូរនិយាយប្រាប់យើងអំពីហេតុការណ៍
ដែលនឹងកើតមាននៅពេលខាងមុខ
ដូច្នេះ យើងនឹងទទួលស្គាល់ថា
អ្នករាល់គ្នាពិតជាព្រះមែន
ចូរធ្វើការអ្វីមួយ ទោះបីអាក្រក់ក្ដី ល្អក្ដី
ដើម្បីឲ្យយើងឃើញ និងស្ងើចសរសើរ។
24តាមពិត អ្នករាល់គ្នាឥតបានការអ្វីទាំងអស់
អ្នករាល់គ្នាក៏ធ្វើអ្វីមិនកើតដែរ
អស់អ្នកដែលជ្រើសរើសអ្នករាល់គ្នាទុកជាព្រះ
សុទ្ធតែជាមនុស្សគម្រក់។
25យើងបានហៅមនុស្សម្នាក់មកពីទិសខាងជើង
ហើយអ្នកនោះក៏មកដល់។
នៅទិសខាងកើត គេគោរពឈ្មោះគាត់#៤១.២៥ យើងអាចបកប្រែម្យ៉ាងទៀតថា «គាត់គោរពនាមយើង»។
គាត់ជាន់ឈ្លីអ្នកដឹកនាំរបស់ប្រជាជាតិនានា
ដូចគេដើរជាន់ភក់
ឬដូចជាងស្មូនជាន់ដីឥដ្ឋដែរ។
26តើនរណាបានថ្លែងប្រាប់អំពីហេតុការណ៍
ទាំងនេះជាមុន
ដើម្បីឲ្យយើងទទួលស្គាល់ និងពោលថា
ហេតុការណ៍នោះពិតជាកើតមានដូច្នោះមែន!
ទេ! គ្មាននរណាផ្ដល់ដំណឹងជាមុន
ហើយក៏គ្មាននរណាប្រាប់ឲ្យគេដឹងដែរ
គ្មាននរណាឮពាក្យសម្ដីអ្នករាល់គ្នាឡើយ។
27យើងទេតើ ដែលបាននាំដំណឹងមកដល់
ក្រុងស៊ីយ៉ូនមុនគេ
ដោយចាត់អ្នកនាំសារមកប្រាប់
អ្នកក្រុងយេរូសាឡឹម។
28យើងក្រឡេកមើលទៅ
ពុំឃើញមាននរណាម្នាក់ទាល់តែសោះ
ក្នុងចំណោមព្រះទាំងនោះ
គ្មាននរណាម្នាក់ផ្ដល់យោបល់
ឬឆ្លើយនឹងសំណួរ
ដែលយើងសាកសួរនោះទេ។
29ព្រះទាំងនោះគ្មានបានការ
គេពុំអាចធ្វើអ្វីបានសោះឡើយ
រូបបដិមាទាំងនោះសុទ្ធតែឥតប្រយោជន៍
ឥតបានការអ្វីទាំងអស់!»
ទើបបានជ្រើសរើសហើយ៖
អេសាយ 41: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.