អេសាយ 47

47
ក្រុង​បាប៊ី‌ឡូន​ជាប់​ទោស
1 ក្រុង​បាប៊ី‌ឡូន​អើយ
អ្នក​រលំ​ហើយ
ចូរ​អង្គុយ​នៅ​ក្នុង​ធូលី​ដី​ទៅ!
ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ
ចូរ​អង្គុយ​ផ្ទាល់​នឹង​ដី​នេះ​ទៅ
អ្នក​គ្មាន​បល្ល័ង្ក​ទៀត​ទេ។
គេ​លែង​ហៅ​អ្នក​ថា​ជា​ក្រុង​ដ៏​ល្អ​ប្រណីត
ឬ​ក្រុង​ដ៏​សម្បូណ៌​សប្បាយ​ទៀត​ហើយ។
2ចូរ​យក​ត្បាល់​ពីរ​មក​កិន​ម្សៅ
ចូរ​យក​ស្បៃ​ចេញ​ពី​មុខ
ចូរ​លាត់​សំពត់​ឡើង ដើរ​ឆ្លង​ទឹក​ទន្លេ​ទៅ!
3មនុស្ស‌ម្នា​នឹង​ឃើញ​កេរ‌ខ្មាស​របស់​អ្នក
គេ​នឹង​ឃើញ​ភាព​អាម៉ាស់​របស់​អ្នក
យើង​នឹង​សង‌សឹក​អ្នក យើង​នឹង​ប្រហារ​អ្នក
ឥត​មាន​នរណា​ឃាត់​យើង​បាន​ឡើយ។
4ព្រះ​ដែល​លោះ​យើង​មាន​ព្រះ‌នាម​ថា
«ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល»
5ក្រុង​របស់​ជន‌ជាតិ​ខាល់ដេ​អើយ
ចូរ​អង្គុយ​យ៉ាង​ស្ងៀម​ស្ងាត់
ចូរ​ធ្លាក់​ក្នុង​ទី​ងងឹត​ទៅ!
គេ​នឹង​លែង​ហៅ​អ្នក​ថា​ជា
ម្ចាស់​គ្រប់‌គ្រង​លើ​នគរ​នានា​ទៀត​ហើយ។
6ពី​មុន​យើង​ទាស់​ចិត្ត​នឹង​ប្រជា‌រាស្ត្រ​របស់​យើង
យើង​បាន​បំបាក់​មុខ​ប្រជា‌រាស្ត្រ
ដែល​ជា​កេរ‌មត៌ក​របស់​យើង
ហើយ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក
តែ​អ្នក​ពុំ​បាន​អាណិត​មេត្តា​ពួក​គេ​សោះ
អ្នក​សង្កត់‌សង្កិន​ធ្វើ​បាប​មនុស្ស​ចាស់​ជរា។
7អ្នក​ពោល​ថា
“យើង​ជា​ម្ចាស់​គ្រប់‌គ្រង​ជា​អង្វែង​ត​រៀង​ទៅ”
អ្នក​ពុំ​បាន​រិះគិត​អំពី​ព្រឹត្តិ‌ការណ៍​ទាំង​នេះ
ឲ្យ​ដិត​ដល់​ទេ
គឺ​អ្នក​ពុំ​បាន​ចង​ចាំ​ថា​ព្រឹត្តិ‌ការណ៍​នេះ
នឹង​មាន​ទី​បញ្ចប់​ឡើយ។
8 ក្រុង​ដែល​ធ្លាប់​តែ​សម្បូណ៌​សប្បាយ
គិត​តែ​ពី​អួត​ក្អេង‌ក្អាង​អើយ
អ្នក​តែង​គិត​ថា
“គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​អញ​ទេ
អញ​នឹង​មិន​ធ្លាក់​ខ្លួន​ជា​ស្រី​មេម៉ាយ
អញ​នឹង​មិន​បាត់​បង់​កូន​ចៅ​ជា​ដាច់​ខាត!”។
ក៏​ប៉ុន្តែ ឥឡូវ​នេះ ចូរ​ស្ដាប់!
9ទុក្ខ​វេទនា​ទាំង​ពីរ​នេះ​នឹង​កើត​មាន​ដល់​អ្នក
យ៉ាង​ទាន់‌ហន់
គឺ​ក្នុង​ថ្ងៃ​តែ​មួយ អ្នក​នឹង​បាត់​បង់​កូន​ចៅ
ហើយ​ធ្លាក់​ខ្លួន​ជា​ស្រី​មេម៉ាយ។
ទុក្ខ​វេទនា​នេះ​នឹង​កើត​មាន​ដល់​អ្នក
គេច​មិន​ផុត​ឡើយ
ទោះ​បី​អ្នក​មាន​មន្ត‌អាគម ឬ​មាន​គាថា
ការពារ​ខ្លួន​ច្រើន​យ៉ាង​ណា​ក៏​ដោយ។
10អ្នក​ពឹង​ផ្អែក​លើ​ពុត‌ត្បុត​អាក្រក់​របស់​ខ្លួន
ហើយ​អ្នក​តែងតែ​ពោល​ថា
“គ្មាន​នរណា​មើល​អញ​ឃើញ​ទេ!”
ក៏​ប៉ុន្តែ តម្រិះ​ប្រាជ្ញា​របស់​អ្នក​បាន​ធ្វើ​ឲ្យ
អ្នក​បែរ​ទៅ​ជា​វង្វេង
អ្នក​គិត​ថា “គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​អញ​ទេ!”។
11ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក
អ្នក​រក​ច្រក​ចេញ​ពុំ​រួច​ឡើយ
មហន្ត‌រាយ​នឹង​ធ្លាក់​មក​លើ​អ្នក
ហើយ​អ្នក​ការពារ​ខ្លួន​ពុំ​បាន​ឡើយ
ការ​វិនាស​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់
នឹង​កើត​មាន​ដល់​អ្នក​យ៉ាង​ទាន់‌ហន់។
12ចូរ​ប្រើ​មន្ត‌អាគម‌គាថា​ដ៏​ច្រើន ដែល​អ្នក​ខិត‌ខំ
រៀន​តាំង​ពី​ក្មេង​នោះ បន្ត​ទៀត​ទៅ!
ប្រហែល​ជា​អ្នក​អាច​ទាញ​យក​ផល​ប្រយោជន៍
ប្រហែល​ជា​អ្នក​អាច​ដេញ​ចង្រៃ​ឧប‌ទ្រព​បាន!
13ទោះ​បី​មាន​គ្រូ​ហោរ​ជា​ច្រើន​ជួយ​គំនិត​អ្នក​ក្ដី
ក៏​អ្នក​នៅ​តែ​ឥត​បាន​ការ​ដែរ
អ្នក​ទាំង​នោះ​បែង​ចែក​មេឃ សង្កេត​មើល​ផ្កាយ
ហើយ​ទស្សន៍‌ទាយ​រៀង​រាល់​ខែ
អំពី​ហេតុ‌ការណ៍​ដែល​ត្រូវ​កើត​មាន។
ចូរ​ឲ្យ​ពួក​គេ​មក​សង្គ្រោះ​អ្នក​ទៅ!
14ប៉ុន្តែ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ចំបើង
ដែល​ត្រូវ​ភ្លើង​ឆាប‌ឆេះ
គេ​មិន​អាច​ដក​ខ្លួន
ឲ្យ​រួច​ផុត​ពី​អណ្ដាត​ភ្លើង​បាន​ឡើយ
ដ្បិត​ភ្លើង​នោះ​មិន​មែន​ជា​ភ្លើង
សម្រាប់​ចម្អិន​អាហារ
ឬ​សម្រាប់​អាំង​កម្ដៅ​ខ្លួន​នោះ​ឡើយ។
15ពួក​គ្រូ​ហោរ​ដែល​អ្នក​ខំ​ប្រឹង​ទៅ​រក
ឲ្យ​ជួយ​មើល តាំង​ពី​ក្មេង​រៀង​មក​នោះ
នឹង​ត្រូវ​វេទនា​បែប​នេះ​ឯង
គឺ​ពួក​គេ​នឹង​ត្រូវ​វង្វេង​ខ្ចាត់​ព្រាត់​រៀងៗ​ខ្លួន
គ្មាន​នរណា​អាច​សង្គ្រោះ​អ្នក​បាន​ឡើយ!។

ទើបបានជ្រើសរើសហើយ៖

អេសាយ 47: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល