អេសាយ 55
55
ព្រះអម្ចាស់ប្រោសប្រទានការសង្គ្រោះ
1 ព្រះអម្ចាស់មានព្រះបន្ទូលថា:
អស់អ្នកដែលស្រេកទឹកអើយ
ចូរនាំគ្នាមករកទឹកឯណេះ!
ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយ
ចូរមក ហើយពិសាទៅ។
ចូរមកយកអាហារបរិភោគ
ចូរនាំគ្នាមកយកស្រាទំពាំងបាយជូរ
និងទឹកដោះគោដោយមិនបាច់ចំណាយប្រាក់
ឬបង់ថ្លៃអ្វីឡើយ!
2ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញ
អាហារដែលមិនអាចចិញ្ចឹមជីវិត
ហេតុអ្វីបានជាអ្នករាល់គ្នាបង់កម្លាំង
រកអាហារដែលមិនអាចចម្អែតក្រពះដូច្នេះ?
ចូរស្ដាប់យើង នោះអ្នករាល់គ្នានឹងបាន
បរិភោគអាហារយ៉ាងឆ្ងាញ់
ហើយសប្បាយចិត្តនឹងអាហារដ៏មានឱជារស។
3 ចូរផ្ទៀងត្រចៀកស្ដាប់ ចូរនាំគ្នាមកជិតយើង
ចូរត្រងត្រាប់ស្ដាប់
នោះអ្នករាល់គ្នានឹងមានជីវិត។
យើងនឹងចងសម្ពន្ធមេត្រីមួយដែល
នៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នករាល់គ្នា
ដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើង
ចំពោះដាវីឌ។
4យើងបានតែងតាំងដាវីឌ
ឲ្យធ្វើជាសាក្សីរបស់យើង
នៅមុខកុលសម្ព័ន្ធទាំងអស់
ព្រមទាំងឲ្យធ្វើជាមគ្គទេសក៍
ដឹកនាំប្រជាជាតិទាំងឡាយ។
5អ៊ីស្រាអែលអើយ អ្នកនឹងហៅប្រជាជាតិមួយ
ដែលអ្នកមិនស្គាល់ពីមុនឲ្យមក
ហើយប្រជាជាតិដែលមិនស្គាល់អ្នក
នឹងរត់មករកអ្នក
ព្រោះព្រះអម្ចាស់ ជាព្រះរបស់អ្នក
និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល
ប្រទានឲ្យអ្នកបានថ្កុំថ្កើងរុងរឿង។
6ចូរស្វែងរកព្រះអម្ចាស់
ក្នុងពេលដែលព្រះអង្គសព្វព្រះហឫទ័យ
ឲ្យអ្នករាល់គ្នារកព្រះអង្គឃើញ
ចូរអង្វររកព្រះអង្គ
ក្នុងពេលដែលទ្រង់គង់នៅជិតអ្នករាល់គ្នា។
7មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួន
មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ
អ្នកនោះត្រូវបែរមករកព្រះអម្ចាស់វិញ
ព្រះអង្គមុខជាមេត្តាករុណាដល់គេពុំខាន
ឲ្យតែគេងាកមករកព្រះនៃយើងវិញ
ដ្បិតព្រះអង្គមានព្រះហឫទ័យទូលំទូលាយ
អត់ទោសឲ្យគេ។
8 ព្រះអម្ចាស់មានព្រះបន្ទូលថា:
គំនិតយើងខុសប្លែកពីគំនិតអ្នករាល់គ្នា
រីឯរបៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពី
របៀបដែលអ្នករាល់គ្នាប្រព្រឹត្តដែរ។
9មេឃខ្ពស់ជាងផែនដីយ៉ាងណា
របៀបដែលយើងប្រព្រឹត្តក៏ខុសប្លែកពី
បៀបដែលអ្នករាល់គ្នាប្រព្រឹត្ត
ហើយគំនិតរបស់យើងក៏ខុសប្លែកពី
គំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
10 ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមក
ស្រោចស្រពផែនដី។
ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយ
ដរាបណាទាល់តែបានធ្វើឲ្យដំណាំដុះឡើង
បង្កើតភោគផល ផ្ដល់ពូជសម្រាប់អ្នកសាបព្រោះ
និងផ្ដល់អាហារឲ្យគេបរិភោគ។
11រីឯពាក្យរបស់យើងក៏ដូច្នោះដែរ
គឺពាក្យដែលចេញពីមាត់របស់យើង
នឹងមិនវិលត្រឡប់មករកយើងវិញឡើយ
ដរាបណាទាល់តែបានសម្រេច
តាមបំណងរបស់យើងជាមុនសិន
គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើ
រួចរាល់សព្វគ្រប់។
12ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក
ប្រកបដោយអំណរសប្បាយ
យើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។
ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ
ហើយរុក្ខជាតិនៅតាមវាល
ក៏នាំគ្នាអបអរសាទរដែរ។
13ដើមកកោះនឹងដុះឡើងជំនួសបន្លា
ដើមចំប៉ីនឹងដុះជំនួសខ្ញែរ
ទុកជាទីសម្គាល់ដែលឥតប្រែប្រួល
ឲ្យមនុស្សម្នាដឹងឮរហូតតទៅថា
ព្រះអម្ចាស់បានធ្វើការនេះ។
ទើបបានជ្រើសរើសហើយ៖
អេសាយ 55: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.