អេសាយ 59

59
អំពើ​បាប​របស់​ប្រជា‌ជន
1កុំ​នឹក​ស្មាន​ថា
ព្រះ‌អម្ចាស់​មាន​បារមី​ទន់​ខ្សោយ
ពុំ​អាច​សង្គ្រោះ​អ្នក​រាល់​គ្នា​បាន​នោះ​ឡើយ
ហើយ​កុំ​នឹក​ស្មាន​ថា ព្រះអង្គ​មាន​ព្រះ‌កាណ៌​ធ្ងន់
ស្ដាប់​មិន​ឮ​នោះ​ដែរ!
2តាម​ពិត គឺ​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ​តើ
ដែល​ខណ្ឌ​អ្នក​រាល់​គ្នា​ពី​ព្រះ​របស់​អ្នក​រាល់​គ្នា
អំពើ​បាប​របស់​អ្នក​រាល់​គ្នា
ធ្វើ​ឲ្យ​ព្រះអង្គ​លាក់​ព្រះ‌ភ័ក្ត្រ
មិន​ព្រម​ស្ដាប់​ឮ​ពាក្យ​របស់​អ្នក​រាល់​គ្នា
3ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម
ម្រាម​ដៃ​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ដោយ​អំពើ​ទុច្ចរិត
មាត់​អ្នក​រាល់​គ្នា​ចេះ​តែ​ពោល​ពាក្យ​ភូត‌ភរ
និង​និយាយ​បរិហារ​គេ។
4ក្នុង​ចំណោម​អ្នក​រាល់​គ្នា
នរណា​ក៏​ចោទ​ប្រកាន់​គ្នា​ដោយ​អយុត្តិធម៌
និង​ឆ្លើយ​ការ‌ពារ​ខ្លួន​ដោយ​មិន​ទៀង​ត្រង់​ដែរ
អ្នក​រាល់​គ្នា​យក​រឿង​មិន​ពិត​មក​ធ្វើ​ជា​ភស្ដុតាង
អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ​សុទ្ធ​តែ​ឥត​ន័យ។
អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​ជិះ‌ជាន់​គេ
រួច​នាំ​គ្នា​សម្រេច​ចេញ​ជា​អំពើ​ទុច្ចរិត។
5គម្រោង‌ការ​របស់​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង
ស៊ុត​ពស់​អសិរ‌ពិស
អ្នក​ណា​បរិភោគ​ស៊ុត​នេះ​មុខ​ជា​ត្រូវ​ស្លាប់
ហើយ​បើ​គេ​បំបែក​ស៊ុត​ណា​មួយ
នោះ​នឹង​មាន​ពស់​វែក​ចេញ​មក។
6អ្នក​រាល់​គ្នា​រៀបចំ​គម្រោង‌ការ
ដូច​ត្បាញ​សំបុក​ពីង‌ពាង
ដែល​ពុំ​អាច​យក​ទៅ​ធ្វើ​ជា​សម្លៀក‌បំពាក់
បិទ‌បាំង​កាយ​ឡើយ។
អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​សុទ្ធ​តែ​ទុច្ចរិត
ស្នា‌ដៃ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ឃោរ‌ឃៅ។
7 ជើង​របស់​អ្នក​រាល់​គ្នា​គិត​តែ​ពី​រត់​ទៅ
ប្រព្រឹត្ត​អំពើ​អាក្រក់
ហើយ​ប្រញាប់​ទៅ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់
គំនិត​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ទុច្ចរិត
អ្នក​រាល់​គ្នា​ទៅ​ទី​ណា
ទី​នោះ​នឹង​ត្រូវ​វិនាស​ហិន‌ហោច។
8អ្នក​រាល់​គ្នា​មិន​ស្គាល់​មាគ៌ា​ដែល​នាំ​ទៅ​រក
សេចក្ដី​សុខ‌សាន្ត​ទេ
អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត មិន​យុត្តិធម៌​សោះ
កិរិយា​មារយាទ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​វៀច
អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​អ្នក
នឹង​មិន​ស្គាល់​សេចក្ដី​សុខ‌សាន្ត​ឡើយ។
ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់​ទទួល​ស្គាល់​កំហុស
9ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​ប្រញាប់
នឹង​រក​យុត្តិធម៌​ឲ្យ​យើង
ព្រះអង្គ​ក៏​មិន​សង្គ្រោះ​យើង​ភ្លាមៗ​ដែរ។
យើង​សង្ឃឹម​ថា​នឹង​មាន​ពន្លឺ
ផ្ទុយ​ទៅ​វិញ យើង​ជួប​តែ​ភាព​ងងឹត
យើង​រង់‌ចាំ​ថ្ងៃ​រះ
ផ្ទុយ​ទៅ​វិញ យើង​បែរ​ជា​ដើរ​ក្នុង​យប់​អន្ធការ។
10យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​ខ្វាក់​ដើរ​សសៀរ
តាម​ជញ្ជាំង
យើង​ដើរ​ស្ទាបៗ ដូច​មនុស្ស​គ្មាន​ភ្នែក
យើង​ដើរ​ជំពប់​ជើង ទាំង​កណ្ដាល​ថ្ងៃ​ត្រង់
ដូច​ដើរ​នៅ​ពេល​យប់
ទោះ​បី​យើង​មាន​សុខភាព​ល្អ​ក្ដី
ក៏​យើង​ដូច​ជា​មនុស្ស​ស្លាប់​ដែរ។
11យើង​រអ៊ូ‌រទាំ​បញ្ចេញ​សំឡេង​ដូច​ខ្លា‌ឃ្មុំ
និង​ថ្ងូរ​ឥត​ឈប់​ឈរ​ដូច​សត្វ​ព្រាប។
យើង​សង្ឃឹម​ថា​ព្រះ‌អម្ចាស់​រក​យុត្តិធម៌​ឲ្យ​យើង
តែ​ព្រះអង្គ​មិន​រក​ឲ្យ​ទេ!
យើង​រង់‌ចាំ​ព្រះ‌អម្ចាស់​សង្គ្រោះ
តែ​ព្រះអង្គ​គង់​នៅ​ឆ្ងាយ​ពី​យើង!។
12បពិត្រ​ព្រះ‌អម្ចាស់!
យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ជា​ច្រើន
នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ
អំពើ​បាប​របស់​យើង​ខ្ញុំ​ចោទ​ប្រកាន់​យើង​ខ្ញុំ
អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​តាម​យើង​ខ្ញុំ​ជាប់​ជានិច្ច
យើង​ខ្ញុំ​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ។
13យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត
និង​ក្បត់​ព្រះ‌អម្ចាស់
ហើយ​ងាក​ចេញ​ឆ្ងាយ​ពី​ព្រះ​របស់​យើង​ខ្ញុំ
យើង​ខ្ញុំ​និយាយ​អំពី​ការ​ជិះ‌ជាន់​អ្នក​ដទៃ
ព្រម​ទាំង​ការ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ
ជា​ពាក្យ​សម្ដី​ហូរ​ចេញ​ពី​ជម្រៅ​ចិត្ត​របស់​យើង​ខ្ញុំ
យើង​ខ្ញុំ​និយាយ​ពាក្យ​ភូត‌ភរ​ច្រំ‌ដែលៗ។
14ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​មិន​រក​យុត្តិធម៌
ឲ្យ​យើង​ខ្ញុំ​ទេ
ព្រះអង្គ​ក៏​មិន​សង្គ្រោះ​យើង​ខ្ញុំ​ដែរ
ដ្បិត​នៅ​ក្នុង​ក្រុង​របស់​យើង​ខ្ញុំ
គ្មាន​សេចក្ដី​ពិត​ទេ
យើង​ខ្ញុំ​គ្មាន​ចិត្ត​ទៀង​ត្រង់​សោះ។
15សេចក្ដី​ពិត​បាន​បាត់​ពី​ខ្លួន​យើង​ខ្ញុំ​ទៅ​ហើយ
សូម្បី​អ្នក​ដែល​ងាក​ចេញ​ពី​អំពើ​អាក្រក់
ក៏​ត្រូវ​អ្នក​ដទៃ​ប្លន់​យក​អ្វីៗ​ដែល​គេ​មាន។
ព្រះ‌អម្ចាស់​បាន​ទត​មើល​ការ​ទាំង​នេះ
ហើយ​យល់​ឃើញ​ថា​សុទ្ធ​តែ​អាក្រក់
គឺ​គ្មាន​យុត្តិធម៌​ទាល់​តែ​សោះ។
16 ព្រះអង្គ​ទត​ឃើញ​ថា​គ្មាន​នរណា​ម្នាក់​អើពើ
ហើយ​ព្រះអង្គ​សោក​ស្ដាយ
ដោយ​ពុំ​ឃើញ​មាន​នរណា​ម្នាក់​ឈឺ‌ឆ្អាល
ព្រះអង្គ​ក៏​យាង​មក​សង្គ្រោះ
ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ
និង​សំអាង​លើ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ។
17 ព្រះអង្គ​យក​សេចក្ដី​សុចរិត​របស់​ព្រះអង្គ
ធ្វើ​ជា​អាវ‌ក្រោះ
ព្រះអង្គ​យក​ការ​សង្គ្រោះ​ធ្វើ​ជា​មួក​ដែក
ព្រះអង្គ​យក​ការ​សង‌សឹក​ធ្វើ​ជា​ព្រះ‌ពស្ដ្រ
និង​យក​ព្រះ‌ហឫទ័យ​ប្រច័ណ្ឌ​ធ្វើ​ជា​ព្រះ‌ភូសា។
18ព្រះអង្គ​ដាក់​ទោស​ម្នាក់ៗ​តាម​អំពើ
ដែល​ខ្លួន​ប្រព្រឹត្ត។
ព្រះអង្គ​ដាក់​ទោស​ខ្មាំង​សត្រូវ
និង​បច្ចា‌មិត្ត​យ៉ាង​ខ្លាំង
សូម្បី​តែ​ជាតិ​សាសន៍​ដែល​នៅ​ឆ្ងាយៗ
ក៏​ព្រះអង្គ​ដាក់​ទោស​ដែរ។
19ពេល​នោះ ចាប់​តាំង​ពី​ទិស​ខាង​កើត
រហូត​ដល់​ទិស​ខាង​លិច
មនុស្ស‌ម្នា​នឹង​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់
និង​សិរី‌រុងរឿង​របស់​ព្រះអង្គ
ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដូច​ទឹក​ទន្លេ
ត្រូវ​ខ្យល់​បក់​បោក ហូរ​មក​យ៉ាង​ខ្លាំង។
20 ព្រះ‌អម្ចាស់​នឹង​យាង​មក​លោះ​ក្រុង​ស៊ីយ៉ូន
និង​លោះ​ប្រជា‌ជន​ក្នុង​ចំណោម​កូន​ចៅ
របស់​លោក​យ៉ាកុប​ដែល​លះ‌បង់​អំពើ​ទុច្ចរិត
- នេះ​ជា​ព្រះ‌បន្ទូល​របស់ព្រះ‌អម្ចាស់
21 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «រីឯ​សម្ពន្ធ‌មេត្រី* ដែល​យើង​ចង​ជា​មួយ​អ្នក​ទាំង​នោះ​មាន​ដូច​ត​ទៅ: ព្រះ‌វិញ្ញាណ​របស់​យើង​សណ្ឋិត​លើ​អ្នក​ហើយ យើង​ឲ្យ​អ្នក​ប្រកាស​ព្រះ‌បន្ទូល​របស់​យើង ចាប់​ពី​ពេល​នេះ រហូត​អស់‌កល្ប​ត​ទៅ។ យើង​នឹង​មិន​ដក​ព្រះ‌បន្ទូល​នេះ​ចេញ​ពី​មាត់​អ្នក មាត់​កូន​ចៅ និង​ពូជ‌ពង្ស​របស់​អ្នក​ឡើយ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ទើបបានជ្រើសរើសហើយ៖

អេសាយ 59: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល